Register Already an agent ? Login

ក្រុងសៀមរាប នឹងក្លាយជាទីក្រុងឆ្លាតវៃនៃក្រុងឆ្លាតវៃអាស៊ានបន្ទាប់ពី JICA វាយតម្លៃបញ្ចប់ការសិក្សា នៅដើមឆ្នាំ២០២២

សៀមរាប៖ ក្រុងសៀមរាប នឹងក្លាយជាទីក្រុងឆ្លាតវៃនៃក្រុងឆ្លាតវៃអាស៊ានបន្ទាប់ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) វាយតម្លៃបញ្ចប់ការសិក្សាបឋម ដែលជាដំណាក់កាលទី១ នៃការប្រមូលព័ត៌មាននៅក្នុងដើមឆ្នាំ២០២២ខាងមុខនេះ។ បើតាមរដ្ឋបាលខេត្តសៀមរាប។

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានថ្លែងនៅក្នុងប្រជុំស្តីពីការរៀបចំគម្រោងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប និងពីធីចុះហត្ថលេខាលើឯកសារកំណត់ហេតុកិច្ចប្រជុំ ជាមួយភាគីជប៉ុន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ថា ក្រុងសៀមរាប នៃខេត្តសៀមរាបរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិកនៃបណ្តាញទីក្រុង ឆ្លាតវៃអាស៊ានកាលពីឆ្នាំ២០១៨ កន្លងទៅ។

លោក បានថ្លែងបន្តថា រដ្ឋបាលខេត្តសៀមរាប ក៏ដូចជារដ្ឋបាលក្រុងសៀមរាបបានធ្វើការរៀបចំផែនការក្នុងការបង្កើនការចំណាយសាធារណៈ វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងក្រុង ការបង្កើនសោភណ្ឌភាពក្នុងក្រុង ក៏ដូចជាចូលរួមក្នុងការអនុវត្តនូវផែនការអភិវឌ្ឍទីក្រុងឆ្លាតវៃអាស៊ានផងដែរ។

ទន្ទឹមគ្នានេះ ដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ឱ្យស្របតាមផែនការទីក្រុងឆ្លាតវៃរបស់សមាគមបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្តក៏បានរៀបចំជាសំណើ ដើម្បីដាក់ការស្នើសុំជូនទៅ JICA ក្នុងការស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាបនៃខេត្តសៀមរាប កាលពីឆ្នាំ២០១៩កន្លងទៅនេះ។ បើតាមការថ្លែងបន្តទៀតរបស់អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ។

ជាការឆ្លើយតបតាមសំណើស្នើសុំរបស់រដ្ឋបាលខេត្តសៀមរាប JICA បានទទួលយកសំណើរបស់រដ្ឋបាលខេត្តសៀមរាប ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន។ បើតាមការថ្លែងបន្ថែមរបស់ លោក លី សំរិទ្ធ បានបន្ថែមទៀតថា ជាក់ស្តែងនៅក្នុងដើមឆ្នាំ២០២០កន្លងទៅ JICA បានបញ្ជូនក្រុមការងារសិក្សារបស់ខ្លួនមកធ្វើការសិក្សាបឋម ទៅលើការរៀបចំទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាបនៃខេត្តសៀមរាប ដែលជាការសិក្សាដំណាក់កាលទី១ នៃការប្រមូលព័ត៌មានក្នុងការរៀបចំទីក្រុងឆ្លាតវៃសម្រាប់ក្រុងសៀមរាប។

អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ បានថ្លែងបញ្ជាក់ឱ្យដឹងថា ការសិក្សាប្រមូលព័ត៌មានបឋមពីការរៀបចំទីក្រុងឆ្លាតវៃសម្រាប់ក្រុងសៀមរាប ដែលជាការសិក្សាដំណាក់កាលទី១ នឹងត្រូវបញ្ចប់នៅក្នុងដើមឆ្នាំ២០២២ខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំដដែល លោក លី សំរិទ្ធ បានលើកឡើងថា ទន្ទឹមគ្នានឹងការស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស ពី JICA ក្រុងសៀមរាបនៃខេត្តសៀមរាបក៏បានទទួលនូវការផ្តល់ជូនដ៏ថ្លៃថ្លាពីសំណាក់ សម្តេចតេជោ ហ៊ុន សែន បានសម្រេចក្នុងការផ្តល់នូវថវិកាចំនួន ១៥០លានដុល្លារ ក្នុងការស្តារនិងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាបផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)