Register Already an agent ? Login

រយៈពេល ៩ខែនេះ ចំណូលការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូបានចំនួនជាង ៣៨០លានដុល្លារ

ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូល ៣៨០,៤៥៦,៧៩៣.៨៤ដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ រយៈពេល ៩ខែឆ្នាំ២០២១។ បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានបន្តថា ក្នុងនោះ ចំណូលពីការនាំចេញជ័កៅស៊ូចំនួន ៣៧៩,៣៨៧,៩០៨ដុល្លារ និងឈើកៅស៊ូចំនួន ១,០៦៨,៨៨៥.៨៤ដុល្លារ។

នៅក្នុងរបាយការណ៍ខាងលើបានបន្តទៀតថា ចំពោះបរិមាណនៃការនាំចេញ ៩ខែឆ្នាំនេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន ២២៧,៥៦៧តោន កើនឡើងចំនួន១៧,៤៦៩តោន ស្មើនឹង៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤,៧០៦ម៉ែត្រគូប។

សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម ចាប់ពីដើមឆ្នាំ រហូតមកដល់ខែកញ្ញា ឆ្នាំ២០២១ ថ្លៃ ១,៦៦៧ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន ៣៧៦ដុល្លារ ក្នុងមួយតោន ស្មើនឹង២៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ បើតាមរបាយការណ៍ដដែលបានបន្ថែមថា គិតត្រឹម ៩ខែ ឆ្នាំ២០២១ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,១៦០ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៤,៣១៩ហិកតា ស្មើនឹង៧៨ភាគរយ និងផ្ទៃដីថែទាំមានចំនួន ៨៩,៨៤១ហិកតា ស្មើនឹង២២ភាគរយ។

លោក ម៉ែន សុភក្តិ ប្រធានសមាគមអ្នកអភិវឌ្ឍន៍កៅស៊ូកម្ពុជា និងជាប្រធានក្រុមហ៊ុនវិនិយោគសុភក្តិនីកា បានថ្លែងប្រាប់ Fresh Newsថា តម្លៃកៅស៊ូលើទីផ្សារអន្ដរជាតិ នាពេលបច្ចុប្បន្នមានការហក់ឡើង ហើយតម្រូវការច្រើន។ លោកបានបន្តថា តម្លៃកៅស៊ូលើទីផ្សារអន្ដរជាតិមានការហក់ឡើង ខណៈដែលតម្រូវការនៅលើទីផ្សារនៅមាន ក្នុងនោះតម្លៃក៏ល្អ បើធៀបនឹងខែមុន ឬក៏ខែដូចគ្នា នៅឆ្នាំ២០២០។ លោក ថា ប៉ុន្ដែដោយសារក្នុងខែកន្លងទៅមានភ្លៀងច្រើន បណ្ដាលឱ្យប៉ះពាល់ទៅលើការផលជាទឹកជ័រ ឬក៏ជ័រចាន ដែលធ្វើឱ្យមានការបាត់បង់ជ័រច្រើន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)