Register Already an agent ? Login

វឌ្ឍនភាពគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ ក្រុងសៀមរាប សម្រេចបាន ៨៣.៨៧% នឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២១

សៀមរាប៖ វឌ្ឍនភាពគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ ក្រុងសៀមរាប សម្រេចបាន ៨៣.៨៧% ក្នុងរយៈពេល ១១ខែ (គិតត្រឹមថ្ងៃ១៥ តុលា ឆ្នាំ២០២១) គ្រោងបញ្ចប់ការស្ថាបនា ក្នុងចុងខែធ្នូ ឆ្នាំ២០២១។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបង្ហាញដល់ លោក ស៊ុន ចាន់ថុល ដែលបានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងនេះ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

គម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាបចំនួន ៣៨ខ្សែ មានប្រវែងសរុប ១០៦.៤២៤គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤៩,២១៦,៥៩៥ដុល្លារ ដោយក្នុងនោះចំនួន ៩លានដុល្លារ ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨ខ្សែនេះ ចំណាយពេលសាងសង់ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។

ការសាងសង់ផ្លូវនេះ ត្រូវបានបែងចែកជា ៤ប្រភេទ រួមមាន៖ ១-ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើ កម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប ៣១.៧៧០គីឡូម៉ែត្រ, ២-ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ (AC) ពីលើ កម្រាស់ ៥ ទៅ ៧សង់ទីម៉ែត្រ ប្រវែងសរុប ៧.៨៦៤គីឡូម៉ែត្រ។

៣-ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ (AC) ពីលើ កម្រាស់ ៥ ទៅ ៧សង់ទីម៉ែត្រ ប្រវែងសរុប ១៣.៧៣៨គីឡូម៉ែត្រ, ៤-ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែកកម្រាស់ ២០ ទៅ ២៥សង់ទីម៉ែត្រ ប្រវែងសរុប៥០.៨៦២គីឡូម៉ែត្រ និងការរៀបចំចិញ្ចើមផ្លូវ EN-០៣ ប្រវែង ២.១៩០គីឡូម៉ែត្រផងដែរ។

ដោយឡែក ការងារសាងសង់ប្រព័ន្ធបណ្ដាញបង្ហូរទឹកមានប្រវែងសរុប ២៤៨.៧២៤គីឡូម៉ែត្រ ការងារសាងសង់ប្រព័ន្ធបណ្ដាញលូទឹកភ្លៀងប្រវែងសរុប ១៤៧.០០៥គីឡូម៉ែត្រ និងការងារសាងសង់ប្រព័ន្ធ បណ្ដាញលូទឹកកខ្វក់មានប្រវែង១០១.៧១៩គីឡូម៉ែត្រ និងការងារដំឡើងបរិក្ខារផ្លូវថ្នល់រួមមាន៖ ការងារបំពាក់កាមេរ៉ាសុវត្ថិភាព ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារបំពាក់បរិក្ខារចរាចរណ៍ ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ ការងារដាំដើមឈើលើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ។

បើតាមរបាយការណ៍បានបញ្ជាក់ឱ្យដឹងថា ការងារសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធនេះ បានប្រឈមនឹងការរាំងស្ទះដោយសារវិបត្តិជំកូវីដ-១៩ ធ្វើឱ្យកម្មករ ក៏ដូចអ្នកអនុវត្តមានលំបាកក្នុងការងារប្រតិបត្តិការ ទន្ទឹមនឹងនេះ ពេលវេលាសម្រាប់ការសាងសង់មានរយៈពេលខ្លីក្រុមការត្រូវពុះពារធ្វើការងារ ទាំងក្នុងរដូវវស្សាភ្លៀងធ្លាក់ មានការលំបាកក្នុងការងារសាងសង់។

តែទោះជាយ៉ាងនេះក្តី ដោយមានការតាំងចិត្តខ្ពស់ពីក្រុមការងារជំនាញ និងការជំរុញយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំ ផ្លូវទាំង ៣៨ខ្សែ កំពុងត្រូវបានបន្តការស្ថាបនា សម្រេចបានលឿនជាងផែនការកំណត់បន្តិច និងសង្ឃឹមថាក្រុងសៀមរាប នឹងត្រូវបានប្តូរមុខមាត់ថ្មីនៅក្នុងចុងឆ្នាំនេះជាមួយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ល្អប្រណិតសក្តិសមជាទីក្រុងទេសចរាចណ៍វប្បធម៌របស់កម្ពុជា។ បើតាមរបាការណ៍ដដែល។

បើតាម លោក ស៊ុន ចាន់ថុល ការចុះត្រួតពិនិត្យការស្ថាបនាផ្លូវនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលគុណភាពផ្លូវ ការងារអ៊ុតកៅស៊ូ (AC) ស្របតាមលក្ខណៈបច្ចេកទេស ដែលនឹងធ្វើឱ្យឃើញយ៉ាងច្បាស់នូវមុខមាត់ថ្មីនៃក្រុងមួយនេះ ព្រមទាំងការតភ្ជាប់ប្រព័ន្ធលូចាស់-ថ្មី ដើម្បីសម្រួលកុំឱ្យលិចទឹក និងអាចឱ្យបងប្អូនប្រជាពលរដ្ឋ អាចអាស្រ័យប្រើប្រាស់បាន។

ម្យ៉ាងវិញទៀត ការចុះពិនិត្យនេះ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងាររួម និងផ្តល់គោលការដោះស្រាយនូវបញ្ហាប្រឈមនានា ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឱ្យបានត្រឹមត្រូវនិងស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។

ថ្លែងទៅកាន់ក្រុមអ្នកជំនាញបច្ចេកទេស និងថ្នាក់ដឹកនាំ នាឱកាសនោះ លោក រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ខណៈ ដែលក្រសួង​ មានសម្ភារត្រួតពិនិត្យបច្ចេកទេសបច្ចេក​វិទ្យាទំនើបមួយចំនួន​ហើយនោះ​ ក្រសួងក៏បានបញ្ជាទិញសម្ភារត្រួតពិនិត្យ​មួយចំនួនទៀតយកមកប្រើប្រាស់​ ដើម្បីធានាថាផ្លូវទាំង​ ៣៨ខ្សែ ត្រូវបានសាងសង់ស្របតាម​ លក្ខណៈបច្ចេកទេស ជាប់គង់វង្សយូអង្វែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)