Register Already an agent ? Login

ខេត្តព្រះសីហនុទាក់ទាញភ្ញៀវជាង ៣ម៉ឺននាក់ ទៅដើរលេងកម្សាន្តនៅចុងសប្ដាហ៍នេះ បន្ទាប់មកភ្នំពេញជាង ២ម៉ឺននាក់

ភ្នំពេញ៖ ក្នុងរយៈពេល២ថ្ងៃ ពីថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្តាហ៍ ភ្ញៀវទេសចរ បានចេញដើរទស្សនាកម្សាន្តមានចំនួនសរុប ១៣៩,៨៦៤នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៣៦,៤៩៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣,៣៦៦នាក់។ បើតាមការថ្លែងឱ្យដឹងពី រដ្ឋមន្រ្តីក្រសួងទេចរណ៍ លោក ថោង ខុន បានបញ្ជាក់ ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរច្រើនជាងគេសរុប ៥៦,៤១៩នាក់។

លោក រដ្ឋមន្រ្តីបានថ្លែងបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៣០,៩២៦នាក់, រាជធានីភ្នំពេញ ២៥,៤៩៣នាក់, ខេត្តកំពត ១៧,៩៧៤នាក់, ខេត្តកែប ៩,៦១៦នាក់, ខេត្តសៀមរាប ៨,៦១៨នាក់, ខេត្តកំពង់ស្ពឺ ៧,៨៨៥នាក់, ខេត្តមណ្ឌលគិរី ៥,៩៨៤នាក់, ខេត្តពោធិ៍សាត់ ៥,៦៦៥នាក់, ខេត្តកណ្តាល ៥,៣២៥នាក់។

លោក ថោង ខុន បានថ្លែងបន្តទៀតថា តួលេខខាងលើនេះ មានការកើនឡើងប្រមាណ ១.២៧ភាគរយ ធៀបនឹងសប្តាហ៍កន្លងមក។

ខេត្តតំបន់ឆ្នេរសមុទ្រ ពិសេសខេត្តព្រះសីហនុ កំពត និងកែប ជាគោលដៅសំខាន់ដែលបានស្រូបទាញភ្ញៀវទេសចរច្រើនរហូតដល់ប្រមាណ ៤២ភាគរយ នៃចំនួនភ្ញៀវសរុប។ បើតាមការថ្លែងបន្ថែមរបស់ លោក រដ្ឋមន្រ្តី បានបន្ថែមទៀតថា ទន្ទឹមនឹងនេះ ខេត្តសៀមរាប ក៏បានបង្ហាញសញ្ញានៃការងើបឡើងវិញជាបណ្តើរៗ ខណៈដែលគោលដៅទេសចរណ៍ខេត្តកំពង់ស្ពឺ មណ្ឌលគិរី ពោធិ៍សាត់ នៅតែជាគោលដៅពេញនិយមនាចុងសប្តាហ៍កន្លងមក។

លោក បានគូសបញ្ជាក់ថា សភាពការណ៍ជារួម មិនមានបញ្ហាអ្វីគួរកត់សម្គាល់ទេ ខណៈដែលរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ បានបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) នៅតាមមូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍នានា ពិសេសការអនុវត្តវិធានការ «៣កុំ និង៣ការពារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)