Register Already an agent ? Login

សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ មានកំណើនក្នុងរង្វង់ ៤.៨% ដែលគាំទ្រដោយវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចកំណើនក្នុងរង្វង់ ៤.៨ភាគរយ ដែលធ្វើឱ្យផលិតផលសរុបក្នុងស្រុក (ផសស) ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១២៤,១៧២ប៊ីលានរៀល (ប្រមាណ ៣០,៥៤៤លានដុល្លារ)។ ខណៈ ផសស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១,៨៤២ដុល្លារ។ បើតាម សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា កំណើននេះគាំទ្រដោយវិស័យសំខាន់ៗ៣ គឺ វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានបន្តថា វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងអត្រា ៧.៧ភាគរយ ក្នុងឆ្នាំ២០២២ ពីកំណើន ៥.៧ភាគរយ ក្នុងឆ្នាំ២០២១ ដោយសារការំពឹងទុកកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មសាលមិនមែនកាត់ដេរ ខណៈដែលវិស័យអនុវិស័យសំណង់ត្រូវបានរំពឹងថានៅបន្តសម្រេចបានកំណើនទាប។

អនុវិស័យកាត់ដេរត្រូវបានរំពឹងថានឹងបន្តកើនឡើង ដោយសារការរំពឹងទុកការបង្វែររោងចក្រពីប្រទេសមីយ៉ាន់ម៉ា គួបផ្សំនឹងការដាក់ចេញនូវ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា២០២១-២០២៥។

ជាមួយគ្នានេះ អនុវិស័យកម្មសាលមិនមែនកាត់ដេរ ត្រូវបានរំពឹងថា នៅរក្សាបានកំណើនរឹងមាំ ដោយសារមួយផ្នែកគឺបន្តការនាំចេញកើនឡើងនៃតម្រូវការខាងក្រៅ និងមួយផ្នែកទៀតដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលអាចបន្តរុញការនាំចេញលើផលិតផលសំខាន់ៗរួមមាន៖ គ្រឿងសង្ហារិម ស្បែកសត្វមានរោម ក្តារកុងប្លាកេ ឈើមូល ឬឈើអារ និងឈើ veneer វត្ថុសម្រាប់សំណង់ធ្វើពីប្លាស្ទិក សូឡា អេឡិចត្រូណិក និងភាគបំណែក ខ្សែភ្លើង និងគ្រឿងបង្គុំខ្សែភ្លើង កៅស៊ូ ចេក ស្ករស ដំឡូងមី ស្វាយ និងកសិផលផ្សេងៗជាដើម។

ដោយឡែក អនុវស័យសំណង់ ត្រូវបានរំពឹងថា នឹងបន្តងើបក្នុងល្បឿនយឺត ដោយសារការរំពឹងទុកការងើបឡើងវិញសន្សឹមៗ នូវទំនុកចិត្តវិនិយោគ និងលំហូរវិនិយោគ ជាពិសេសសកម្មភាពសំណង់បម្រើឱ្យវិស័យទេចរណ៍ និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាពសំណង់លំនៅឋានក៏ត្រូវបានរំពឹងថានៅបន្តរក្សាកំណើន ប៉ុន្តែស្ថិតក្នុងកម្រិតទាប។

វិស័យសេវាកម្ម ត្រូវបានរំពឹងថានឹងបន្តកើនឡើងក្នុងអត្រា ៤.១ភាគរយ ក្នុងឆ្នាំ២០២២ ពីកំណើនត្រឹម ០.៣ភាគរយ ក្នុ ងឆ្នាំ២០២១ ដោយសារការងើបឡើងវិញសន្សឹមៗនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងទៀត។ ក្នុងនោះ អនុវិស័យលក់ដុំ រាយ ត្រូវបានព្យាករថានឹងបន្តកើនឡើង ប៉ុន្តែក្នុងអត្រាទាបជាងកំណើនមុនពេលមានវិបត្តិ ដោយសារឥទ្ធិពលថមថយចំណូលរបស់ប្រជាជន ខណៈដែលអនុវិស័យសំខាន់ៗដែលជាប្រភពចំណូលប្រជាជនត្រូវបានរំពឹងថានឹងងើបឡើងសន្សឹមៗ។

ជាមួយគ្នានេះ អនុវិស័យអចលនទ្រព្យ មាននិន្នាការដូចគ្នាទៅនឹងវិស័យសំណង់ដែលត្រូវបានរំពឹងថាបន្តកំណើនទាប ដោយសារការរំពឹងទុកការងើបឡើងវិញជាបណ្ដើរនូវទំនុកចិត្តវិនិយោគ និងរំហូរវិនិយោគទុនពីបរទេស។

វិស័យកសិកម្ម ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងអត្រាទាប ១.១ភាគរយ ក្នុងឆ្នាំ២០២២ បើប្រៀបធៀបនឹងកំណើន ១.៤ភាគរយ ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកនៃការបន្តកំណើនល្អប្រសើរនៃអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វ។

អនុវិស័យទាំងពីរខាងលើនេះ ត្រូវបានរំពឹងថា នឹងបន្តកំណើនល្អប្រសើរ និងនៅតែរក្សាកំណើនខ្ពស់ ដោយសារការរំពឹងការនាំចេញផលិតផលកសិកម្ម ជាពិសេសដំណាំរួមផ្សំនិងឧស្សាហកម្មដែលរជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយគ្នានេះ គួបផ្សំនឹងវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល និងការអនុវត្តគម្រោងរបស់ដៃគូអភិវឌ្ឍន៍នានា។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានបន្តទៀតថា អតិផរណាមធ្យមប្រចាំឆ្នាំ២០២២ ត្រូវបានប៉ាន់ស្មានថាស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រា ២.៨ភាគរយ ដោយសារការរំពឹងទុកការវិលត្រឡប់ទៅរកនិន្នាការធម្មតាវិញនៃថ្លៃម្ហូបអាហារ។

ជារួម បើទោះបីសេដ្ឋកិច្ចក្នុងឆ្នាំ២០២២ ត្រូវបានរំពឹងថា នឹងងើបឡើងវិញក្នុងអត្រាដូចដែលបានលើកឡើងខាងលើក្ដី កម្ពុជា ក៏ត្រូវជួបបញ្ហាប្រឈម និងហានិភ័យមួយចំនួនទាំងក្នុង និងក្រៅប្រទេស ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងបង្កភាពរអាក់រអួលដល់កិច្ចអភិវឌ្ឍន៍ជារួយ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញការអនុវត្តយុទ្ធសាស្រ្តស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ដែលរាជរដ្ឋាភិបាលនឹងដាក់ចេញក្នុងពេលឆាប់ៗខាងមុខនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)