Register Already an agent ? Login

ក្រុមប្រឹក្សាអភិវឌ្ឍន៍ អនុម័តឱ្យក្រុមហ៊ុនចំនួន៧ វិនិយោគនៅភ្នំពេញ កំពង់ស្ពឺ និងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុនិងស្វាយរៀង ទុនវិនិយោគជាង ៩៤លានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឱ្យក្រុមចំនួន៧ មានទំហំទឹកប្រាក់ជាង ៩៤លានដុល្លារ ដែលមានទីតាំងនៅនៅភ្នំពេញ កំពង់ស្ពឺ និងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងស្វាយរៀង។

ក្រុមហ៊ុនទាំង៧ ដែលទទួលបានការចុះបញ្ជីជាស្ថាពរពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានដូចជាក្រុមហ៊ុន៖

ទី១-ក្រុមហ៊ុន TREND APPAREL CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៣២៣ និងលេខ៣២៤ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិ​យោគប្រមាណ ២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៦៨កន្លែង។

ទី២-ក្រុមហ៊ុន BLINGTEX (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៥៩កន្លែង។

ទី៣-ក្រុមហ៊ុន EPIC INTERNATIONAL CO.,LTD គម្រោងបង្កើតរោងចក្រផលិតស្បែ​ក​ជើង មានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧៣៥កន្លែង។

ទី៤-ក្រុមហ៊ុន SMART SHINE GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២,២១៩កន្លែង។

ទី៥- ក្រុមហ៊ុន Jayee Furniture (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតសាឡុងស្បែក គ្រឿងសាឡុងឈើ និងកេះកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១.៨លានដុល្លារ និងអាចបង្កើតការងារបានចំនួនប្រមាណ ១៥០កន្លែង។

ទី៦-ក្រុមហ៊ុន Starray Lighting (Cambodia) Enterprise Co., Ltd. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ២.៥លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ៧០០កន្លែង។

ទី៧- ក្រុមហ៊ុន RMKH Glove (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៨០លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ៧៨០កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)