Register Already an agent ? Login

នៅឆ្នាំ២០៣៥ ខេត្តសៀមរាប នឹងទទួលភ្ញៀវជាតិ-អន្តរជាតិជិត ១៨លាននាក់ បានចំណូលជិត ៦ពាន់លានដុល្លារ

សៀមរាប៖ យោងទៅតាម សៀវភៅផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ជំពូកទី១ ការបង្ហាញអំពីទិដ្ឋភាពរួម និងការវិភាគជម្រើសអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ដោយក្នុងនោះរាជរដ្ឋាភិបាលបានដាក់ទិសដៅ ក្នុងការសម្រេចឱ្យបាននូវជម្រើសសេណារីយ៉ូនៃគោលដៅទេសចរណ៍ប្រកបដោយគុណភាព ដោយការព្យាករបានបង្ហាញថា នៅឆ្នាំ២០៣៥ ភ្ញៀវទេសចរអន្តរជាតិកើនឡើងប្រមាណ ៧.៥លាននាក់ និងភ្ញៀវទេសចរជាតិកើនឡើងប្រមាណ ១០.៩លាននាក់។

សៀវភៅផែនការបានបន្តថា ពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរអន្តរជាតិចំនួន ៥ថ្ងៃកន្លះ និងភ្ញៀវទេសចរជាតិ ៣ថ្ងៃ បង្កើតចំណូលបានប្រមាណ ៥.៩ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ប្រមាណ ៩៤ម៉ឺននាក់។

ការជ្រើសយកសេណារីយ៉ូនៃគោលដៅទេសចរណ៍ ប្រកបដោយគុណភាពនៅក្នុងផែនការមេនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈរបស់រាជរដ្ឋាភិបាលដែលចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើកស្ទួយវប្បធម៌ជាតិ ទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថាន ប្រកបដោយប្រសិទ្ធភាព ដោយមានការគ្រប់គ្រងច្បាស់លាស់លើការអភិវឌ្ឍ សំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តច្រើនដង ពិសេសភ្ញៀវទេសចរកម្រិតខ្ពស់ ដើម្បីបង្កើនប្រភពចំណូលជូនជាតិ និងប្រជាពលរដ្ឋមូលដ្ឋាន។ បើតាមសៀវភៅផែនការខាងលើ។

បើតាមសៀវភៅដដែល នៅក្នុងជំពូកទី២ ផែនការមេបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ដោយចែកចេញជា ៦ផ្នែក រួមមាន៖

ផ្នែកទី១-យុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ទេសចរណ៍អាទិភាពខេត្តសៀមរាបមាន ៦តំបន់ រួមមាន៖

១.តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន្ម-នរោត្តម «ភ្នំគូលែន» ជាគោលដៅទេសចរណ៍ជំនឿ សាសនា ធម្មជាតិ ផ្សងព្រេង ទេសចរណ៍ស្រាវជ្រាវ និងវិទ្យាសាស្ត្រ។ ២.តំបន់ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី ជាគោលដៅទេសចរណ៍ជនបទ និងកសិ-ទេសចរណ៍។ ៣.តំបន់បេតិកភណ្ឌអង្គរ ជាគោលដៅទេសចរណ៍បេតិកភណ្ឌពិភពលោក វប្បធម៌ និងសាសនា។ ៤.តំបន់ក្រុងសៀមរាបជាគោលដៅទេសចរណ៍ក្រុងបេតិកភណ្ឌប្រវត្តិសាស្ត្រកម្រិតខ្ពស់។ ៥.តំបន់បឹងទន្លេសាប ជាគោលដៅទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍។

៦.គម្រោងបង្កើតតំបន់ទេសចរណ៍សៀមរាបថ្មីជាការឆ្លើយតបនឹងកំណើនប្រជាសាស្ត្រ នគរូបនីយកម្មក្រុងសៀមរាប កំណើនតម្រូវការសេវាស្នាក់នៅ និងកម្សាន្តទេសចរណ៍ សម្រាប់បម្រើឱ្យកំណើនភ្ញៀវទេសចរនៅក្នុងរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីបញ្ចៀសនូវសម្ពាធខ្លាំងនៃការអភិវឌ្ឍនៅក្នុងក្រុងសៀមរាប និងតំបន់បេតិកភណ្ឌអង្គរ។ តំបន់នេះត្រូវអភិវឌ្ឍន៍ប្រកបដោយបរិស្ថានស្អាត ឆ្លាត និងបៃតង និងមានភាពទាក់ទាញសម្រាប់ប្រភេទទេសចរណ៍លំដាប់ខ្ពស់ និងទេសចរណ៍ផ្ទះទី២។

ផ្នែកទី២-យុទ្ធសាស្ត្រអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗមានចំនួន ៦រួមមាន៖ ១.ផលិតផលទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌ សាសនា និងជំនឿ។ ២.ផលិតផលទេសចរណ៍បៃតង។ ៣.ផលិតផលទេសចរណ៍ម៉ាយ (MICE)។ ៤.ផលិតផលទេសចរណ៍ជនបទ និងកសិ-ទេសចរណ៍។ ៥.ផលិតផលទេសចរណ៍កីឡា។ ៦.ផលិតផលទេសចរណ៍វ័យចំណាស់-ទេសចរណ៍សុខភាព និងទេសចរណ៍ផ្ទះទី២។

ផ្នែកទី៣-យុទ្ធសាស្រ្តផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍មានចំនួន ២រួមមាន៖ ១៖ ការទាក់ទាញប្រភពទីផ្សារទេសចរណ៍អន្តរជាតិសំខាន់ៗ និងការជំរុញចលនាទេសចរណ៍ក្នុងស្រុកមកកាន់ខេត្តសៀមរាប។ ២.ការផ្សព្វផ្សាយទេសចរណ៍តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ។

ផ្នែកទី៤-យុទ្ធសាស្រ្តពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍មានចំនួន ៣ រួមមាន៖ ១.ការពង្រឹងគុណភាពទេសចរណ៍ រាប់បញ្ចូលទាំងការពង្រឹងគុណភាពផ្នែកសេវាកម្មក្នុងឧស្សាហកម្មទេសចរណ៍ ការពង្រឹងខេត្តសៀមរាបជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងប្រកបដោយភាពធន់ ឆ្លើយតបនឹងគ្រោះមហន្តរាយ វិបត្តិជំងឺឆ្លង និងវិបត្តិនានា។ ២.ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។ ៣.ការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការអភិវឌ្ឍទេសចរណ៍។

ផ្នែកទី៥-យុទ្ធសាស្ត្រក្នុងការគ្រប់គ្រងបរិស្ថានមានចំនួន ៣ រួមមាន៖ ១.ការគ្រប់គ្រងសំរាម និងសំណល់រឹង។ ២.ការលើកកម្ពស់តំបន់បៃតង។ ៣.ការការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិ។

ផ្នែកទី៦-យុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍មានចំនួន ២ រួមមាន៖ ១.ការជំរុញការតភ្ជាប់ផ្ទៃក្នុង និងអន្តរជាតិ ដូចជាការពង្រឹងការតភ្ជាប់ផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក និងផ្លូវដែក។ ២.ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ពន្ធគាំទ្រវិស័យទេសចរណ៍ឱ្យបានជាអតិបរមា រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធទឹកស្អាត ថាមពលអគ្គិសនី ផ្លូវតភ្ជាប់តាមគោលដៅទេសចរណ៍ និងសេវាទូរគមនាគមន៍ និងសេវាអ៉ឺនថឺរណេតបម្រើឱ្យវិស័យទេសចរណ៍ខេត្តសៀមរាប។

ដើម្បីជំរុញការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ នៅក្នុងពិធីប្រកាសផែនការមេមេនេះ កាលពីថ្ងៃទី២០ តុលា ឆ្នាំ២០២១ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព លោក អូន ព័ន្ធមុនីរ័ត្ន បានផ្ដល់អនុសាសន៍ជារួមគឺ៖

ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ត្រូវរួមគ្នាពង្រឹងលក្ខណៈសម្បត្តិរបស់ខេត្តសៀមរាបក្នុងការទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរអន្តរជាតិ តាមរយៈ៖ ការជំរុញបញ្ចប់គម្រោងកែលម្អផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប រួមជាមួយការរៀបចំបន្ថែមនូវផ្លូវថ្មើរជើង ផ្លូវសម្រាប់រថយន្តទេសចរណ៍ ផ្លូវសម្រាប់ម៉ូតូ ផ្លូវជិះកង់ បង្គោល និងអំពូលភ្លើងបំភ្លឺសាធារណៈ រួមទាំងសម្បទាអមសងខាងផ្លូវ ការពនឿន ការអភិវឌ្ឍកំពង់ផែចុងឃ្នាសឱ្យស្របតាមស្តង់ដាកំពង់ផែទេសចរណ៍ ដោយគិតគូរលើការបំពាក់សម្បទាទ្រទ្រង់សេវាកម្ម និងផលិតផលទេសចរណ៍ថ្មីៗបន្ថែម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)