Register Already an agent ? Login

CDC បានចុះបញ្ជីឱ្យក្រុមវិនិយោគចំនួន ៥ បង្កើតរោងចក្រ នៅភ្នំពេញ និងនៅខេត្តកំពង់ស្ពឺ ទុនសរុបជិត ២០លានដុល្លារ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចុះបញ្ជីឱ្យក្រុមហ៊ុនវិនិយោគចំនួន ៥ បង្កើតរោងចក្រផលិតសម្ភារគ្រប់ប្រភេទ ដេរសម្លៀកបំពាក់ ផលិតប្រអប់ក្រដាសដាក់វត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ មានទីតាំងនៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ទុនវិយោគសរុប ១៩.១លានដុល្លារ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តឱ្យដឹងថា ក្រុមហ៊ុនទាំង ៥ ដែលទទួលបានការចុះបញ្ជីជាស្ថាពរពីគណៈកម្មាធិការវិនិយោគកម្ពុជារួមមានដូចខាងក្រោម៖

ទី១-ក្រុមហ៊ុន KAMPKEEPER (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតតង់ និងសម្ភារបោះជំរំគ្រប់ប្រភេទ (កាបូប តុ កៅអី គ្រែ ស៊ុមគ្រែ ទូក្រណាត់ ធ្នើរ ទោង និងសម្ភារផ្សេងទៀត) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧២៨កន្លែង។

ទី២-ក្រុមហ៊ុន SUNICON (CAMBODIA) APPAREL CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥.៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២,៩៤៤កន្លែង។

ទី៣-ក្រុមហ៊ុន YIYA PACKAGING (KAMPUCHEA) CO., LTD គម្រោងបង្កើតរោងចក្រផលិតប្រអប់ក្រដាសដាក់វត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២០៦កន្លែង។

ទី៤-ក្រុមហ៊ុន LASTINGWINNER GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤.២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៣១៤កន្លែង។

ទី៥-ក្រុមហ៊ុន SD JINDA GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភត្ត ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,០៣៤កន្លែង។

កាលពីថ្ងៃទី៣០ ខែកញ្ញា ក្រុមហ៊ុន XIN XINGLE LEATHER PRODUCTS CO., LTD ទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរពីគណៈកម្មាធិការវិនិយោគកម្ពុជា គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦១៨កន្លែង។

ដោយឡែក គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន SOLAR LONG PV-TECH (CAMBODIA) CO., LTD. ដែលបានដាក់ពាក្យស្នើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិត និងផ្គុំតម្លើងបន្ទះសូឡា និងគ្រឿងបង្គុំ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ, រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៣០លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ៥០០កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)