Register Already an agent ? Login

អូស្ត្រាលី ប្ដេជ្ញាចិត្ត ជួយគាំទ្រកម្ពុជា ស្ដារសេដ្ឋកិច្ច សុខាភិបាល និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី

ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា បានថ្លែងបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់នាវាចម្បាំងរបស់កងទ័ពជើងទឹកអូស្ត្រាលី HMAS Anac នៅខេត្តព្រះសីហនុ ពង្រឹងដល់ការប្ដេជ្ញាចិត្តរបស់ប្រទេសអូស្ត្រាលីក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសកម្ពុជា រួមមានការស្ដារសេដ្ឋកិច្ច និងសុខាភិបាលឡើងវិញពីជំងឺកូវីដ-១៩ និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី។

លោក Pablo Kang បានថ្លែងបន្តថា ទស្សនកិច្ចនេះ កើតឡើងក្នុងសប្តាហ៍នៃខួបអនុស្សាវរីយ៍លើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលបានត្រួសត្រាយផ្លូវបញ្ចប់ជម្លោះជាច្រើនទសវត្សនៅក្នុងប្រទេសកម្ពុជា។ លោក បានបន្តថា កិច្ចព្រមព្រៀងនេះនាំមកអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិក្នុងប្រទេសកម្ពុជា ដែលមានកងទ័ពអូស្ត្រាលីជាវីរបុរស និងស្ត្រីជាច្រើនរូបបានចូលរួមបំពេញការងារប្រកបដោយកិត្តិយស។

លោក ទូត បានថ្លែងបន្តទៀតថា ក្នុងអំឡុងទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកអូស្រ្តាលី នាវិកក៏រៀបចំធ្វើសិក្ខាសាលាតាមប្រព័ន្ធអនឡាញមួយស្ដីពីស្ត្រីសន្តិភាព និងសន្តិសុខ ជាមួយអ្នកតំណាងខាងកងយុទ្ធពលខេមរៈភូមិន្ទផងដែរ ដែលជាមូលដ្ឋានសម្រាប់ការគាំទ្រគោលនយោបាយ និងហិរញ្ញវត្ថុរបស់អូស្ត្រាលី ចំពោះដំណើរការជោគជ័យ ក្នុងវេទិកាស្តីពីស្ត្រី សន្តិភាព និងសន្តិសុខនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលក្រសួងកិច្ចការនារីរបស់ប្រទេសកម្ពុជាបានរៀបចំធ្វើកាលពីសប្តាហ៍មុន ។

លោក គង់ វិតាណៈ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងនាម លោក គួច ចំរើន អភិបាល អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងកងទ័ពជើងទឹកអូស្ត្រាលីទាំងអស់ដែលបាននាំយកអំណោយសម្ភារ វេជ្ជសាស្ត្រប្រឆាំងជំងឺកូវីដ-១៩ មកឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ។

លោក បានបន្តថា សម្ភារនោះ ក៏នឹងចែកជូន កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ដែលបង្ហាញពីចំណងសាមគ្គីភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា អូស្ត្រាលី និងជាផ្នែកមួយនៃសកម្មភាពកិច្ចសហប្រតិបត្តិការជើងទឹកដ៏សំខាន់របស់ប្រទេសអូស្ត្រាលីនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឆ្នាំ២០២១។ លោក បញ្ជាក់ សូមឱ្យចំណងសាមគ្គីភាពនេះកាន់តែមានភាពស្អិតរមួតបន្ថែមទៀត រវាងប្រទេសទាំងពីរ ប្រជាជននៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា នាវាចម្បាំងកងទ័ពជើងទឹកអូស្រ្តាលី ១គ្រឿងនេះ ឈ្មោះ HMAS ANZAC (FFH 150) បណ្តោយប្រវែង ១១៨ ម៉ែត្រ ទទឹង ១៤.៨ម៉ែត្រ ទម្ងន់ផ្ទុក ៣,៨១០តោន មាននាវឹកចំនួន ១៥៨នាក់ ដឹកនាំដោយលោកឧត្តមនាវីត្រី Mal Wise មេបញ្ជាការ នាវាឥណ្ឌូ-ប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកអូស្ត្រាលី ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២១៕

ដោយ៖ មឿន ឌីណា (Moeun Dyna)