Register Already an agent ? Login

កម្ពុជា ទទួលបានប្រាក់កម្ចីពី ADB ៤០លានដុល្លារ សម្រាប់ការអភិវឌ្ឍវិស័យ SMEs

ភ្នំពេញ៖ កម្ពុជា ទទួលបានប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយផ្តោតលើគោលនយោបាយចំនួន ៤០លានដុល្លារ ក្នុងការពង្រីកលទ្ធភាពទទួលបានឥណទានសម្រាប់សហគ្រាសធុន តូច-មធ្យម(MSMEs) និងអនុវត្តកំណែទម្រង់ ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធវិស័យហិរញ្ញវត្ថុ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ ​ADB នៅថ្ងៃទី១៨ តុលា ឆ្នាំ២០២១។

កម្ចីនេះវាជាកម្មវិធីរងទី៣ នៃកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន បន្ទាប់ពីកម្មវិធីរងចំនួនពីរពីមុន ដែលត្រូវបានអនុវត្តពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ដើម្បីជួយកម្ពុជាអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងស្ថិរភាព តាមរយៈការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។ បើតាមសេចក្ដីប្រកាស របស់ ADB។

រាជរដ្ឋាភិបាលកម្ពុជា បានបោះជំហានយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឱ្យការគ្រប់គ្រងវិបត្តិមានភាពប្រសើរឡើង ក្នុងពេលមានជំងឺរាតត្បាតកូវីដ១៩។ នេះតាមរបស់ប្រសាសន៍របស់ លោកស្រី Benita Ainabe អ្នកឯកទេសផ្នែកហិរញ្ញវត្ថុរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី។

លោក ស្រី បានបន្តថា តាមរយៈកម្មវិធីរងថ្មីនេះ រាជរដ្ឋាភិបាលបានអនុម័តច្បាប់សំខាន់ៗ ដែលគាំទ្រដល់យុទ្ធសាស្រ្តបរិយាប័ន្នហិរញ្ញវត្ថុជាតិ និងបានផ្តួចផ្តើមគំនិតជាច្រើន ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ រួមទាំងគម្រោងធានាឥណទានសាធារណៈ ​សម្រាប់សហគ្រាសធុនតូច និងមធ្យមដំបូងគេនៅកម្ពុជាផងដែរ។

នៅកម្ពុជា លទ្ធភាពទទួលបានផលិតផល និងសេវាកម្មហិរញ្ញវត្ថុ សម្រាប់ពលរដ្ឋក្រីក្រនៅមានកម្រិត ហើយចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទាប។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB បានបញ្ជាក់ថា «មានតែ ២១.៧ភាគរយ នៃប្រជាពលរដ្ឋពេញវ័យកម្ពុជាប៉ុណ្ណោះ ដែលមានគណនីធនាគារ ហើយ MSMEs ប្រឈមការលំបាក ដើម្បីទទួលបានហិរញ្ញប្បទាន និងធានារ៉ាប់រងខ្នាតតូច»។

ជារឿយៗ អាជីវកម្មត្រូវបានរារាំងដោយលទ្ធភាពទទួលបានហិរញ្ញវត្ថុរយៈពេលវែង ដោយសារកង្វះវត្ថុបញ្ចាំ ការមិនទាន់ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ដូចជាសម្រាប់ការធានា និងអនក្ខរភាពហិរញ្ញវត្ថុ។ នេះបើតាមការបន្តទៀតរបស់ ADB បានបន្ថែមថា មានតែប្រជាពលរដ្ឋកម្ពុជា ១៨ភាគរយ ប៉ុណ្ណោះ ដែលត្រូវបានចាត់ទុកថាមានចំណេះ ដឹងផ្នែកហិរញ្ញវត្ថុ។

បើតាមការបន្ថែមរបស់ ADB ថា អំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩នេះ ការផ្តល់ប្រាក់កម្ចីអចលនទ្រព្យ និងកំណើនឥណទានលឿនបានបង្កើនហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា។ ជាមួយគ្នានេះ ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ប្រទេស មិនទាន់បានអភិវឌ្ឍពេញលេញ ដែលជាកត្តាប្រឈមដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការអភិវឌ្ឍទីផ្សារ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ADB បានបញ្ជាក់ថា កម្មវិធីរងថ្មីនេះ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យម (MSMEs) ឱ្យងើបឡើងពីជំងឺរាតត្បាត តាមរយៈការពង្រីកលទ្ធភាពទទួលបានឥណទាន។ វាក៏ជួយដល់កំណែទម្រង់ហិរញ្ញវត្ថុ ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុ រួមទាំងការត្រួតពិនិត្យស្ថាប័នអន្តរវិស័យឱ្យកាន់តែប្រសើរឡើង ពង្រឹងការគ្រប់គ្រងហានិភ័យឥណទាន និងគាំទ្រប្រព័ន្ធទូទាត់ប្រកបដោយភាពច្នៃប្រឌិតផងដែរ។

ADB បានបន្ថែមទៀតថា កំណែទម្រង់ទាំងនោះ ត្រូវបានបញ្ចូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ឆ្នាំ២០១៩-២០២៣ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០២៥។ កម្មវិធីរងថ្មីនេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជាឆ្នាំ ២០១៩-២០២៣ ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ដើម្បីជំរុញលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងការធ្វើពិពិធកម្មសេដ្ឋកិច្ច៕

ដោយ៖ មឿន ឌីណា (Moeun Dyna)