Register Already an agent ? Login

ខេត្តព្រះសីហនុចុងសប្តាហ៍ទី៣ ជាគោលដៅទេចរណ៍ទទួលបានភ្ញៀវមកកម្សាន្តជិត ៣ម៉ឺននាក់

ព្រះសីហនុ៖ ខេត្តព្រះសីហនុ បានទទួលភ្ញៀវទេសចរមកកម្សាន្តនៅចុងសប្ដាហ៍ទី៣ ក្នុងខែតុលា ឆ្នាំ២០២១ ចំនួន ២៨,៧២៨នាក់។ បើតាមការថ្លែងរបស់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៥-១៧ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្តាហ៍នោះ ភ្ញៀវទេសចរដែលបានចេញដើរទស្សនាកម្សាន្តមានចំនួនសរុប ១៣៨,០៩៩នាក់។

លោក រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងបន្តថា ក្នុងនោះមានភ្ញៀវជាតិ ១៣៥,០៦៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣,០៣៣នាក់។

លោក ថោង ខុន បានថ្លែងបន្តទៀត បើទោះបីថ្ងៃឈប់សម្រាករយៈពេលយូរនៃពិធិបុណ្យភ្ជុំបិណ្ឌបានកន្លងផុត ចរន្តភ្ញៀវទេសចរផ្ទៃក្នុងទៅកាន់គោលដៅទេសចរណ៍នានានៅតែមានសកម្មភាពគួរកត់សម្គាល់ ទោះបីមានការថមថយចំនួនខ្លះក៏ដោយ។ លោក ថា ជាក់ស្តែង តួលេខចុងសប្តាហ៍ (៣ថ្ងៃ) ខាងលើ មានការថយចុះប្រមាណ ៤៣.៤៦ភាគរយ ធៀបនឹងចុងសប្តាហ៍កន្លងមកក្រោយពិធីបុណ្យភ្ជុំ ប៉ុន្តែបើធៀបនឹងចុងសប្តាហ៍មុនពិធីបុណ្យភ្ជុំ គឺមានការកើនឡើងប្រមាណ ១៨.២១ភាគរយ។

បើតាម លោក រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ទៀតថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ២៨,៧២៨នាក់, រាជធានីភ្នំពេញ ២៥,៦៩៨នាក់, ខេត្តកំពត ១៨,៤៣៧នាក់, ខេត្តកំពង់ស្ពឺ ៨,៥៥៥នាក់, ខេត្តសៀមរាប ៧,៦៨៧នាក់, ខេត្តពោធិ៍សាត់ ៧,៤៥៩នាក់, ខេត្តកែប ៧,១៣៦នាក់។

លោក បានថ្លែងបន្ថែមថា មន្ទីរទេសចរណ៍រាជធានី-ខេត្ត នៅតែបន្តខិតខំផ្សព្វផ្សាយ និងចុះវាយតម្លៃមូលដ្ឋានអាជីវកម្មស្របតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) សម្រាប់សេវានានាដែលក្រសួងទេសចរណ៍បានដាក់ចេញកន្លងមក ខណៈដែលការចូលរួម និងយល់ដឹងរបស់ភ្ញៀវទេសចរក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ កាន់តែមានភាពល្អប្រសើរ ពិសេសតាមរយៈការបង្ហាញកាតចាក់វ៉ាក់សាំងនៅពេលចូលរមណីយដ្ឋានជាដើម។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ក៏បានកំពុងរៀបចំ និងដាក់ចេញនាពេលឆាប់ៗនេះនូវវិធានសុវត្ថិភាពទេសចរណ៍ និង SOP សម្រាប់សេវាសំខាន់ៗផ្សេងទៀតផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)