Register Already an agent ? Login

ខេត្តកំពត ជាគោលដៅទេសចរណ៍នាវិបត្តិកូវីដ-១៩ ទទួលបានភ្ញៀវច្រើនជាងគេចំនួនជាង ១សែននាក់

កំពត៖ រយៈពេលពេញមួយសប្តាហ៍ បូករួមទាំងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវសរុបមានចំនួន ៩១១,១៤៧នាក់ បានដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា ក្នុងនោះខេត្តកំពតជាគោលដៅទេសចរណ៍ពេញនិយមជាងគេ ដែលទទួលបានភ្ញៀវទេចរចំនួន ១៤០,១៦៨នាក់។ បើតាមការថ្លែងឱ្យដឹងពី រដ្ឋមន្រ្តី្កក្រសួងទេសចរណ៍ លោក ថោង ខុន។

លោក ថោង ខុន បានថ្លែងបន្តឱ្យដឹងថា សម្រាប់ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាឱកាសចុងសប្តាហ៍បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ គឺនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ គឺមានភ្ញៀវសរុបមានចំនួន ២៤៦,៤៥០នាក់ កើនឡើងប្រមាណ១១០,៩៦ភាគរយ ធៀបនឹងចុងសប្តាហ៍កន្លងមក ក្នុងនោះមានភ្ញៀវជាតិ ២៤៤,២២៥នាក់ និងមានភ្ញៀវបរទេសផ្ទៃក្នុង២,២២៥នាក់។

បើតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេលពេញមួយសប្តាហ៍នេះ រួមមាន៖ ខេត្តកំពត មានចំនួន ១៤០,១៦៨នាក់, ខេត្តកែប មានចំនួន ១១១,៨៤០នាក់, ខេត្តព្រះសីហនុ មានចំនួន ៩៨,២២៩នាក់, ខេត្តពោធិ៍សាត់ មានចំនួន ៧៩,៦៧៨នាក់, ខេត្តកំពង់ចាម មានចំនួន ៦៥,៦៣៩,នាក់, ខេត្តបាត់ដំបង មានចំនួន ៥៤,៩៦៩នាក់, ខេត្តកំពង់កំពង់ស្ពឺ មានចំនួន ៤៨,១៤៨នាក់, ខេត្តសៀមរាប មានចំនួន ៤៤,១៥៧នាក់។

លំហូរភ្ញៀវទេសចរពេញមួយសប្តាហ៍នេះ បង្កើតបានជាចរន្តសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ពិសេសសម្រាប់វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទូទៅ ខណៈដែលប្រតិបត្តិករទេសចរណ៍នានា បានប្រមើលមើលពីកាលានុវត្តភាពនៃវិស័យទេសចរណ៍ និងបានកំពុងត្រៀមខ្លួន ក៏ដូចជាកែលម្អទម្រង់ធុរកិច្ច និងអាជីវកម្មរបស់ខ្លួនក្នុងគន្លងប្រក្រតីភាព ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ។ បើតាមការថ្លែងបន្តរបស់ លោក ថោង ខុន។

លោក រដ្ឋមន្រ្តីបានថ្លែងបន្ថែមថា ទោះបីចំនួនភ្ញៀវមានសន្ទុះខ្លាំងក្នុងរយៈពេលមួយសប្តាហ៍នេះ ប៉ុន្តែសភាពការណ៍ទូទៅជារួម ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ការគ្រប់គ្រងតម្លៃសេវា និងផលិតផល ព្រមទាំងការអនុវត្តវិធានការនានាទប់ស្កាត់ជំងឺកូវីដ-១៩ មានភាពល្អប្រសើរច្រើន បើទោះបីមានបញ្ហាចោទឡើងខ្លះ ដូចជាការកកកុញមនុស្សច្រើននៅតាមគោលដៅមួយចំនួន ប៉ុន្តែរដ្ឋបាលមូលដ្ឋានបានចុះពិនិត្យ និងដោះស្រាយបញ្ហាបានទាន់សភាពការណ៍៕

ដោយ៖ មឿន ឌីណា (Moeun Dyna)