Register Already an agent ? Login

កម្ពុជា ទទួលបាលហិរញ្ញប្បទាន ៣០លានដុល្លារ ពី ADB ពង្រឹងប្រព័ន្ធសុខាភិបាល

ភ្នំពេញ៖ កម្ពុជា នឹងទទួលបានហិរញ្ញប្បទានប្រមាណ ៣០លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល។ តាមសេចក្តីប្រកាសព័ត៌មានរបស់ ADB។

ជំនួយរបស់ខ្លួនរួមមានប្រាក់កម្ចី ២៥លានដុល្លារ ជាហិរញ្ញប្បទានបន្ថែមសម្រាប់គម្រោងសន្តិសុខ សុខភាពមហាអនុតំបន់មេគង្គ (GMS)។ វានឹងជំរុញសេវាកម្មមន្ទីរពិសោធន៍ និងការត្រួតពិនិត្យ ការការពារការឆ្លងមេរោគ នៅមន្ទីរពេទ្យបង្អែកខេត្តនិងស្រុកចំនួន ៨១នៅទូទាំងប្រទេស។ បើតាមសេចក្ដីប្រកាសខាងលើ។

ជំនួយនេះវានឹងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធឃ្លាំមើលនិងឆ្លើយតបជំងឺ ការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងការតាមប្រភពចម្លងជំងឺនៅតាមភ្នាក់ងារសុខាភិបាលមជ្ឈិម ខេត្ត និងស្រុក។ បើតាមការបន្តនៅក្នុងសេចក្ដីប្រកាសខាងលើបានបន្តទៀតថា ធនាគារអភិវឌ្ឍន៍អាស៊ី ក៏នឹងផ្តល់ជំនួយឥតសំណងចំនួន ៥លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់ ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction) របស់រដ្ឋាភិបាលជប៉ុន ដើម្បីកែលម្អ សេវាថែទាំបន្ទាន់នៅមន្ទីរពេទ្យខេត្តចំនួន ១៤។

ជំងឺរាតត្បាតកូវីដ១៩ កំពុងដាក់សម្ពាធយ៉ាងខ្លាំងមកលើសេដ្ឋកិច្ចកម្ពុជា និង គំរាមកំហែងកិច្ចខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមនុស្ស។ បើតាមការលើកឡើងរបស់ លោក Rikard Elfving អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គម របស់ ADB បានបន្តថា គម្រោងនេះ នឹងពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ ដើម្បីការពារកំណត់មុខសញ្ញា និងឆ្លើយតបទៅនឹងកូវីដ-១៩ ក៏ដូចជា ការគំរាមកំហែងសុខភាពសាធារណៈផ្សេងៗដែលកំពុងកើតមាន កាត់បន្ថយផលប៉ះពាល់លើសុខភាពនិងសង្គម និងរួមចំណែកដោយប្រយោលក្នុងការកាត់បន្ថយភាពក្រីក្រ។

គម្រោងនេះអនុវត្តតាម យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស របស់ធនាគារអភិ​វឌ្ឍន៍អាស៊ី ឆ្នាំ២០១៩-២០២៣ សម្រាប់ប្រទេសកម្ពុជា ដែលផ្តល់អាទិភាពដល់ការពង្រឹងធនធានមនុស្ស។ វានឹងរួម ចំណែកដល់គោលដៅរួម របស់បណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ ដើម្បីធ្វើឱ្យប្រសើរឡើងនូវ ការឆ្លើយតបរបស់ប្រទេសទាំងនោះទៅនឹងការគំរាមកំហែងសុខភាពសាធារណៈធ្ងន់ធ្ងរ៕

ដោយ៖ មឿន ​ឌីណា (Moeun Dyna)