Register Already an agent ? Login

កម្ពុជា នាំចេញទំនិញរយៈពេល ៨ខែ ទទួលបានទឹកប្រាក់ជាង ១១ពាន់លានដុល្លារ កើន២០%

ភ្នំពេញ៖ កម្ពុជា បាននាំចេញទំនិញរយៈពេល ៨ខែឆ្នាំ២០២១ ទទួលបានទឹកប្រាក់ប្រមាណ ១១,១០១​លាន​ដុល្លារ កើន ២០.៤ភាគរយ បើធៀបនឹងឆ្នាំ២០២០។ របាយការណ៍​និន្នាការ​សេដ្ឋកិច្ច-សង្គម របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបញ្ជាក់ឱ្យដឹងថា កំណើន​នេះ​បានមកពី​ការនាំចេញ​កង់​ គ្រឿងសង្ហារិម​កៅស៊ូ​ ក្តារ​កុងប្លាកេ​ សូឡា​ ខ្សែភ្លើង​ ​គ្រឿង​ផ្គុំ​ខ្សែភ្លើង​ គ្រឿង​អេឡិចត្រូនិក និង​ផលិតផល​កសិផល​ជាដើម​។

បើតាមរបាយការណ៍ខាងលើបានបន្តឱ្យដឹងថា ដោយឡែក​ការនាំ​ចូល​ទំនិញ (​ដក​មាស​) មាន​ទឹកប្រាក់ ១៤,៦​ពាន់​លាន​ដុល្លារ កើន ២៦.៧ភាគរយ​។ កំណើន​នៃ​ការនាំ​ចូល​នេះ ដោយសារ​ការកើនឡើង​ការនាំចូល​ក្រណាត់​ គ្រឿង​សំណង់​ ប្រេងឥន្ធនៈ និង​ទំនិញ​ផ្សេងៗ​។

សេដ្ឋកិច្ចកម្ពុជា ​នៅតែ​បន្ត​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ​-១៩ ជាពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ ដែល​បានអូសបន្លាយ​រហូតមក​ដល់​បច្ចុប្បន្ន និង​បានដាក់​សម្ពាធ​មកលើ​សូចនាករ​សំខាន់ៗ​នៃ​វិស័យ​ជំរុញ​កំណើន​សេដ្ឋកិច្ច​។ បើតាមការបន្តនៅក្នុងរបាយការណ៍របស់ក្រសួងដដែល។

ទោះ​ក្នុងអំឡុងពេល​កូវីដ​-១៩ បន្ត​ការរីករាលដាល ក៏​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​មិនបាន​ធ្លាក់ចុះ​នោះទេ​។ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានបន្តថា ការនាំចេញ និង​នាំចូល​របស់​កម្ពុជា ​សុទ្ធតែ​ស្ថិតក្នុង​រង្វង់​កំណើន​ជាង ២០ភាគរយ ​ដូចគ្នានេះ​ជា​អត្រាកំណើន​ល្អ​។

បើតាម លោក លឹម ហេង ដែល គេហទំព័រ propertyarea.asia បានស្រង់សំដី បានលើកឡើងបន្តទៀតថា ខ្ញុំ​នៅតែមាន​សុទិដ្ឋិនិយម​ សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា ជាពិសេស​កំណើន​នៃ​ការនាំចេញ​ផលិតផល ​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ចិន និង​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង​ក្នុងពេល​ឆាប់ៗ៕

ដោយ៖ មឿន ​ឌីណា (Moeun  Dyna)