Register Already an agent ? Login

ភ្នំពេញ នៅតែជាគោលដៅទេសចរក្នុងស្រុក ក្នុងវិត្តិកូវីដ-១៩ ទទួលបានភ្ញៀវជិត ៣ម៉ឺននាក់

ភ្នំពេញ៖ រាជធានីភ្នំពេញ នៅតែជាគៅលដៅទេសចរក្នុងស្រុក ក្នុងវិបត្តិកូវីដ-១៩ ដោយទទួលភ្ញៀវបានចំនួន ២៥,៩៣៤នាក់ ក្នុងចំណោមខេត្តទេចរណ៍ចំនួន ៧ផ្សេងទៀត។ បើតាមការថ្លែងឱ្យដឹងពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ទី១ នៃខែតុលា (ថ្ងៃទី០២-០៣ ខែតុលា ឆ្នាំ២០២១) មានចំនួន ១១៦,៨១៩នាក់ ក្នុងនោះភ្ញៀវជាតិ ១១៣,៨៥៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២,៩៦៣នាក់។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ ២៥,៩៣៤នាក់, ខេត្តកំពត ២៤,៧៣២នាក់, ខេត្តព្រះសីហនុ ១៥,១៧២នាក់, ខេត្តកែប ៩,២៦៦នាក់, ខេត្តបាត់ដំបង ៦,៧៥២នាក់, ខេត្តកណ្តាល ៤,៦១៦នាក់, ខេត្តពោធិ៍សាត់ ៤,៥៧៩នាក់, ខេត្តមណ្ឌលគិរី ៤,២៤៩នាក់។

បើតាម លោក ថោង ខុន បានថ្លែងបន្តថា តួលេខនេះបន្តកើនឡើងប្រមាណ ១៤.៤៦ភាគរយ ធៀបនឹងសប្តាហ៍កន្លងមក។ គោលដៅទេសចរណ៍នានានៅតាមបណ្តារាជធានីខេត្ត បានបើកទទួលភ្ញៀវទេសចរ លើកលែងតែខេត្តកំពង់ឆ្នាំងដែលនៅបន្តដាក់ចេញវិធានការរដ្ឋបាលហាមឃាត់សកម្មភាពមួយចំនួនរួមទាំងរមណីយដ្ឋានផងដែរ។

បន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន និងសេវាស្នាក់នៅនានា បានទទួលការកក់ជាបណ្តើរៗសម្រាប់ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ខណៈដែលគោលដៅទេសចរណ៍ខេត្តសៀមរាបបានបញ្ចប់ការបិទខ្ទប់ និងបើកដំណើរការរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាឡើងវិញ ចាប់ពីពាក់កណ្តាលសប្តាហ៍មុន។ បើតាមការថ្លែងបន្តទៀតរបស់ លោក ថោង ខុន។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងបន្ថែមថា ប្រជាពលរដ្ឋមួយចំនួន និងកម្មករ កម្មការីនៅរាជធានីភ្នំពេញ បានចាប់ផ្តើមធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅស្រុកកំណើតនាចុងសប្តាហ៍នេះ ហើយអាចបន្តស្នាក់នៅរហូតដល់ចុងសប្តាហ៍ក្រោយពេលបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ដោយសារថ្ងៃឈប់សម្រាកអាចនឹងមានរយៈពេលវែងរហូតដល់ថ្ងៃអាទិត្យសប្តាហ៍ក្រោយ។

លោក បានបន្ថែមទៀតថា រដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ បានបង្កើនសហការផ្សព្វផ្សាយ និងជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តស្តង់ដាអប្បបរមា (SOP) ទៅដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ពិសេសសេវាស្នាក់នៅ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌបានខិតជិតមកដល់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)