Register Already an agent ? Login

កម្ពុជា ទទួលចំណូលពីការនាំអង្ករទៅទីផ្សារអន្តរជាតិជាង ២៨៣លានដុល្លារ មានចំនួនជាង ៤សែនតោន

ភ្នំពេញ៖ របាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា សម្រាប់រយៈពេល ៩ខែ ឆ្នាំ២០២១ គឺកម្ពុជាបាននាំចេញអង្ករចំនួន ៤១០,៦៩៨តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨៣.៦៩លានដុល្លារ។

បើតាមរបាយការណ៍ខាងលើបានបន្តឱ្យដឹងថាទៀតថា សម្រាប់ទីផ្សារដែលបាននាំចេញធំជាងគេ គឺប្រទេសចិន និងតំបន់ស្វយ័តរដ្ឋបាល ហុងកុង ម៉ាកាវ មានចំនួន ៤៩.៥០ភាគរយ និងប្រទេសនៅបណ្តាសហគមន៍អឺរ៉ុប រួមទាំងអង់គ្លេសមានចំនួន ២៦.៩១ភាគរយ ប្រទេសក្នុងបណ្តាសហគមន៍ អាស៊ានមានចំនួន ១០.០៩ភាគរយ និងបណ្តាលគោលដៅផ្សេងៗ ចំនួន ២២ មានចំនួន ១៣.៥០ភាគរយ។

ប្រភេទអង្ករដែលនាំចេញមាន អង្ករក្រអូបគ្រប់ប្រភេទចំនួន ៦៩.៧១ភាគរយ អង្ករសបាយទុន ២៧.១៨ភាគរយ អង្ករចំហុយ ១.៧១ភាគរយ និង អង្ករសរីរាង្គ ១.៤១ភាគរយ។ សម្រាប់ខែកញ្ញា ឆ្នាំ២០២១ នេះដែរ ការនាំចេញ បានចំនួន ៦៧,២៥១តោន គិតជាទឹកប្រាក់បានចំនួន ៣៥.៣៤លានដុល្លារ។ បើតាមរបាយការណ៍ដដែល។

បរិមាណនៃការនាំចេញខែកញ្ញា ឆ្នាំ២០២១នេះ គឺបរិមាណនាំចេញដែលខ្ពស់ជាងគេក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។ ក្នុងចំណោមបរិមាណនាំចេញទាំងអស់ ការនាំចេញចំនួន ៥៦ភាគរយ គឺបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ដដែល។

បើតាមរបាយការណ៍នេះបន្ថែមឱ្យដឹងថា ចំពោះស្រូវមានការនាំចេញឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង ជាពិសេស ប្រទេសវៀតណាមមានបរិមាណចំនួន ៥,៦០០ឡាន ឬ ១៤០,១១៣តោន ដែលគិតជាទឹកប្រាក់ចំនួនប៉ាន់ស្មានប្រមាណ ៣២.៥៣លានដុល្លារ។ ស្រូវដែលនាំចេញភាគច្រើនប្រភេទ អូអ៊ឺម ៥៤៥១អ៊ឺអ៊ែរ ៨៥ និងសែនក្រអូប។

បើតាមរបាយការណ៍ដដែល បានបន្ថែមឱ្យដឹងថា ប្រទេសកម្ពុជា បាននាំចេញអង្ករបានចំនួន ១៣០,២៤៨តោន គិតជាទឹកប្រាក់មានចំនួនជាង ៨១លានដុល្លារ នៅត្រីមាសទី៣ ក្នុងឆ្នាំ២០២១ មានការកើនឡើង ៤២.៩៥ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០២០ ដែលមានចំនួនត្រឹមតែ ៩១,១១៥តោនតែប៉ុណ្ណោះ។ បើតាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)