Register Already an agent ? Login

លោក ជាវ តាយ គាំទ្រគម្រោងអភិវឌ្ឍន៍ឆ្នេរព្រែកកំពង់បាយ ខេត្តកំពត តែសូមឱ្យប្រជាពលរដ្ឋមូលដ្ឋានទទួលផលផងដែរ

កំពត៖ លោក ជាវ​តាយ អភិបាលខេត្តកំពត ក្រោយពីបានដឹកនាំមន្រ្តីក្រោមឱវាទ និងមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យមើលទីតាំងដែលវិនិយោគិន ស្នើសុំវិនិយោគ​ និងអភិវឌ្ឍន៍​ឆ្នេរព្រែកកំពង់បាយ ចាប់ពីខាងត្បូងកីឡាលើទឹក រហូតដល់ខាងត្បូងរូបសំណាកព្រះអង្គឌួង សរុបប្រវែងប្រហែលជិត ៣០០ម៉ែត្រ​ ស្ថិតក្នុងសង្កាត់កំពង់កណ្តាល​ ក្រុងកំពត​ ខេត្តកំពត សូមឱ្យម្ចាស់គម្រោង ផ្ដល់នូវភាពចំណេញដល់ប្រពលរដ្ឋ ក៏ដូចជាខេត្តផងដែរ។ បើតាមរដ្ឋបាលខេត្តកំពត។

ការចុះពិនិត្យទីតាំងខាងលើ ធ្វើឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក ជាវ​ តាយ​ អភិបាលខេត្តកំពត បានថ្លែងបញ្ជាក់ «ក្នុងនាមរដ្ឋបាលខេត្តសូមស្វាគមន៍នូវរាល់ការវិនិយោគ​ ដែលធ្វើការអភិវឌ្ឍខេត្ត ហើយលោកតែងតែលើកទឹកចិត្ត​ គាំទ្ររាល់ការវិនិយោគ​ ដែលចំណេញដល់ប្រជាពលរដ្ឋ​ ក៏ដូចជាខេត្តផងដែរ»។

លោក បានថ្លែងបន្តថា ជាក់ស្ដែងការចុះមកពិនិត្យដល់ ទីតាំងគម្រោងនេះ គឺក្នុងគោលបំណងដើម្បី សិក្សា និងទាមទារឱ្យមានការចូលរួមមតិយោបល់ពីជំនាញ និងអាជ្ញាធរពាក់ព័ន្ធសំដៅធ្វើយ៉ាងណាឱ្យដំណើរការអភិវឌ្ឍ ប្រកបដោយគុណភាព និរន្តរភាពបញ្ចៀសបាននូវផលប៉ះពាល់ឱ្យនៅមានកម្រិតតិចបំផុត និងបម្រើដល់ផលប្រយោជន៍សាធារណជនឱ្យបានច្រើន។

«មុននឹងឈានទៅសម្រេចយល់ព្រមលើគម្រោងវិនិយោគ​ អ្នកវិនិយោគ​ត្រូវរៀបចំគម្រោងប្លង់មេដាក់មករដ្ឋបាលខេត្ត​ ដើម្បីខេត្តប្រជុំពិភាក្សាឈានទៅចុះហត្ថលេខាអនុញ្ញាតជូន»។ បើតាមការបញ្ជាក់បន្តរបស់ អភិបាលខេត្តកំពត លោក ជាវ​តាយ បានបន្តទៀតថា សង្ឃឹមថាខេត្តកំពត ពិសេសទីក្រុងកំពត នៅពេលខាងមុខ ក្រោយពីបង្កើតបាននូវគម្រោងថ្មីមួយនេះបន្ថែមទៀត នឹងអាចមាននូវហេដ្ឋារចនាសម្ព័ន្ធបម្រើក្នុងវិស័យទេសចរណ៍ និងបង្កើតបានភាពទាក់ទាញព្រមទាំងអាជីវកម្មការងាររួមនឹងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានកាន់តែប្រសើរឡើងមួយកម្រិតទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)