Register Already an agent ? Login

វឌ្ឍនភាពគម្រោង អភិវឌ្ឍកោះនរាសម្រេចបានជិត ៥០% គ្រោងបញ្ចប់ដំណាក់កាលទី១ ឆ្នាំ២០២៣

ភ្នំពេញ៖ វឌ្ឍនភាពគម្រោងអភិវឌ្ឍកោះនរាសម្រេចបានប្រមាណ ៤៨ភាគរយ គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ទោះបីជំងឺសកលកំពុងវាយលុកគ្រប់តំបន់ក្ដី ដោយគ្រោងបញ្ចប់ដំណាក់កាលទី១ ឆ្នាំ២០២៣។ បើតាមការថ្លែងឱ្យដឹងពី ម៉ែន ប៉ូលី អ្នកគ្រប់គ្រង់ទូទៅនៃផ្នែកមួយរបស់គម្រោងអភិវឌ្ឍកោះនរា បានបញ្ជាក់ ការងារធំៗនៃគម្រោងនេះ មាន ៥ផ្នែក ដោយផ្នែកនីមួយៗសម្រេចបានខុសៗគ្នា។

លោក ម៉ែន ប៉ូលី បានថ្លែងបន្តឱ្យដឹងថា ផ្នែកទី១ គឺការសាងសង់ច្រាំងទន្លេធំដែលសម្រេចបាន ៧៨ភាគរយ ទី២ គឺការសាងសង់ច្រាំងទន្លេតូចសម្រេចបាន ៥០ភាគរយ ទី៣ ការបូមខ្សាច់ដើម្បីចាក់បំពេញសម្រេចបាន ៨៥ភាគរយ ទី៤ ការដ្ឋានស្ពានភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ១ សម្រេចបាន ២.៥ភាគរយ និងទី៥ គឺការដ្ឋានស្ពានភ្ជាប់កោះនរា ភ្ជាប់ទៅកោះពេជ្រសម្រេចបាន ២៧ភាគរយ។

ការងារធ្វើច្រាំងអាចនឹងបញ្ចប់នៅឆ្នាំ២០២២ ខណៈការៀបចំហេដ្ឋារចនាសម្ព័ន្ធជារួម ដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៣។ បើតាមការថ្លែងបន្តទៀតរបស់ លោក ម៉ែន ប៉ូលី ថា ការងារទាំងអស់ធ្វើទៅដោយរលូន និងទាន់ពេលតាមផែនការ។

សូមបញ្ជាក់ថា គម្រោងកោះនរាកំពុងអភិវឌ្ឍលើទំហំដីប្រមាណ ១២៥ហិកតា ការដ្ឋាននៃហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៃគម្រោងនេះមានតម្លៃ ២.៥ពាន់លានដុល្លារ ដោយតំបន់នេះនឹងត្រូវអភិវឌ្ឍជាតំបន់ពាណិជ្ជកម្មខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូច រោងមហោស្រប សួនសាធារណៈ តំបន់សំណង់លំនៅឋាន ធនាគារ សកលវិទ្យាល័យ និងមន្ទីរពហុព្យាបាល ជាដើម។

គួររម្លឹកថា ក្រុមហ៊ុន OCIC បានចាប់ផ្តើមអភិវឌ្ឍកោះតាំងពីខែតុលា ឆ្នាំ២០១៨ ប៉ុន្តែការដ្ឋានស្ពានធំៗទាំង២ រួមមានស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា និងស្ពានតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ១ ទើបតែបើកការដ្ឋានកាលពីឆ្នាំ២០២០៕

ប្រភព៖ ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ

ដោយ៖ មឿន ឌីណា (Moeun Dyna)