Register Already an agent ? Login

រោងចក្រកាត់ដេរចំនួន៣ នឹងដំណើរការនៅស្រុកអង្គស្នួល និងខណ្ឌពោធិ៍សែនជ័យ ទុនវិនិយោគសរុប ៨.៥លានដុល្លារ

ភ្នំពេញ៖ រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ទីតាំងវិនិយោគនៅឃុំបែកចាន និងនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល និងរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រោងចក្រទាំង៣ ទុនវិនិយោគសរុប ៨.៥លានដុល្លារ នឹងដំណើរសង្វាក់ផលិតកម្មរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ដោយទទួលបានការចុះបញ្ជីជាស្ថាពរហើយ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បើតាមសេចក្ដីប្រកាសព័ត៌មានខាងលើបន្តឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង៣ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១.គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង របស់ក្រុមហ៊ុន YUAN SHEN TAI CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩៧៨កន្លែង។

២.គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង របស់ក្រុមហ៊ុន FORTUNE BROAD FOOTWEAR CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,០២៨កន្លែង។

៣.គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ NEW T&K TEXTILE CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២,៣០០កន្លែង។

សូបញ្ជាក់ថា រោងចក្រផលិតរថយន្តម៉ាកល្បី Ford តម្លៃជាង ២១លានដុល្លារ នឹងបង្ហាញខ្លួននៅលើទឹកដីខេត្តពោធិ៍សាត់ឆាប់ៗនេះ ខណៈភាគីរដ្ឋ និងឯកជនបានសម្រេចព្រមព្រៀងគ្នារួចរាល់ហើយលើការវិនិយោគដ៏ធំនេះ។ តាមកិច្ចប្រជុំកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ រវាងអភិបាលខេត្តពោធិ៍សាត់ គណៈកម្មការអន្តរក្រសួង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា និងតំណាងក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO., LTD។

រោងចក្រផលិតរថយន្ត Ford នេះ នឹងត្រូវសាងសង់ឡើងនៅលើដីដែលមានទំហំប្រមាណជាង ៤ហិកតា ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានចម្ងាយពីភ្នំពេញ ១៥៩គីឡូម៉ែត្រ។ បើតាមការថ្លែងឱ្យដឹងពី អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានបន្តថា ក្នុងជំហាននេះ ក្រុមហ៊ុន គ្រោងនឹងតម្លើងរថយន្តចំនួនសរុប ៤៥០០គ្រឿង នៅក្នុងឆ្នាំទី១ សម្រាប់បំពេញតម្រូវការទីផ្សារកម្ពុជាតែមួយប៉ុណ្ណោះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)