Register Already an agent ? Login

វឌ្ឍនភាពគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប បានចាប់ផ្ដើមក្រាលកៅស៊ូ ខណៈ ហេដ្ឋារចនាសម្ព័ន្ធសម្រេចបានជិត ៨០%

សៀមរាប៖ វឌ្ឍនភាពគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប បានចាប់ផ្ដើមក្រាលកៅស៊ូ AC ដោយធ្វើតេស្ត និងពិនិត្យលើគុណភាពល្បាយកៅស៊ូ ខណៈដែលមានភ្លៀងធ្លាក់ជោគជាំ ក្រុមការងារបានចាក់កៅស៊ូនៅតាមបណ្ដោយផ្លូវកូម៉ៃ ឬ WN-03។ បើតាមគេហទំព័រក្រសួងព័ត៌មានផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។

បើតាមក្រសួងព័ត៌មាន បានបន្តឱ្យដឹងថា វឌ្ឍនភាពស្ដីពីគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ សម្រេចបានជាង ៧៥ភាគរយ ក្នុងនោះការងារសាងសង់ផ្លូវដំណើរការបានជិត ៧៦ភាគរយ ការងារសាងសង់ប្រព័ន្ធទឹកកខ្វក់ និងលូទឹកភ្លៀង សម្រេចបានជាង ៩៧ភាគរយ និងការរៀបចំប្រព័ន្ធបណ្ដាញ តម្លើងបង្គោលភ្លើងបំភ្លឺផ្លូវ និងភ្លើងសញ្ញាចរាចរណ៍ ដោយជីកកប់នូវបំពង់សម្រាប់រត់ខ្សែអគ្គីសនី និងប្រព័ន្ធបណ្ដាញទិន្នន័យ សម្រេចបាន ៥៥ភាគរយ ដែលជារបាយការណ៍របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

ក្រសួងព័ត៌មានបានបន្តទៀតថា តាមរបាយការណ៍ដដែលនេះ ក៏បានបង្ហាញផងដែរនូវបញ្ហាមួយចំនួន ដែលបាននឹងកំពុងបង្កឱ្យប៉ះពាល់ដល់ដំណើរការសាងសង់គម្រោងខាងលើរួមមាន ការរាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត កើនឡើងច្រើន ផលរំខានដោយអាកាសធាតុដោយសារមានភ្លៀងធ្លាក់ច្រើន ការដ្ឋានប៉ះពាល់ដល់ការរស់នៅ និងប្រកបអាជីវកម្មប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការធ្វើចរាចរណ៍មមាញឹក ប៉ះពាល់ដើមឈើធំៗ ដែលមានអាយុកាលវែង។ល។

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ផ្ដល់ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយប្រើប្រាស់ថវិកាជាតិ ១៥០លានដុល្លារ និងប្រើប្រាស់រយ:ពេលសាងសង់ ១៣ខែ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)