Register Already an agent ? Login

កម្ពុជា នឹងទទួលបានកញ្ចប់ហិរញ្ញប្បទានពីអូស្ដ្រាលី ៦៦លានដុល្លារអាម៉េរិក នៃគម្រោងអភិវឌ្ឍភាពធន់វិស័យសេដ្ឋកិច្ច

ភ្នំពេញ៖ កម្ពុជា នឹងទទួលបានកញ្ចប់ហិរញ្ញប្បទានពីអូស្ដ្រាលី ៦៦លានដុល្លារអាម៉េរិក នៃគម្រោងអភិវឌ្ឍភាពធន់វិស័យសេដ្ឋកិច្ច សម្រាប់រយៈពេល ៥ឆ្នាំ ដែលនឹងត្រូវអនុវត្តនៅឆ្នាំ២០២២ រួមជាមួយលទ្ធភាពពន្យា ៣ឆ្នាំបន្ថែមទៀត។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបន្តបញ្ជាក់ថា «គម្រោងនេះ នឹងផ្តោតលើវិស័យអាទិភាព ៤គឺ៖ ១.វិស័យពាណិជ្ជកម្ម និងវិនិយោគ, ២.កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម, ៣.ហេដ្ឋារចនាសម្ព័ន្ធ និង៤.បរិយាបន្នសង្គម និងយេនឌ័រ»។

បើតាមសេចក្ដីប្រកាសព័ត៌មាន ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបន្តឱ្យដឹងថា ការផ្ដល់ហិរញ្ញប្បទាន ៩០លានអូស្រ្តាលី (ប្រមាណ ៦៦លានដុល្លារអាម៉េរិក) លោក ឈៀង យ៉ាណារ៉ា រដ្ឋ​មន្ដ្រី​ប្រតិភូអម​នាយករដ្ឋ​មន្ដ្រី និង​ជា​អគ្គលេខាធិការ​គណៈ​កម្មាធិការ​នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (គ.ជ.នា/ក.អ.ក) បាន​ទទួល​ជួប​សំដែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​ជាមួយ ​លោក Andreas Zurbrugg អនុ​ប្រធាន​បេសក​កម្ម​នៃ​ស្ថានទូត​អូស្ដ្រាលី​ប្រចាំ​កម្ពុជា និង​សហការី តាម​រយៈ​ប្រព័ន្ធ Zoom ​កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបន្តឱ្យដឹងទៀតថា គោល​បំណង​នៃ​កិច្ច​ប្រជុំ​នេះ ​គឺ​ដើម្បីពិភាក្សា​អាទិភាព​ការងារ​របស់​កិច្ច​សហប្រតិបត្ដិការ​អភិវឌ្ឍ​ទ្វេភាគី វឌ្ឍនភាព​របស់​ផែនការ​អភិវឌ្ឍន៍​ដើម្បី​ឆ្លើយ​តប​នឹង​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា ឆ្នាំ២០២០-២០២១ និង​ជម្រាប​អំពី​ការ​ផ្ដួចផ្ដើម​កម្មវិធី​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា​នាពេល​អនាគត។

នៅក្នុងកិច្ចពិភាក្សាខាងលើ លោក Andreas Zurbrugg បានបញ្ជាក់អំពីការគាំទ្ររបស់អូស្រ្តាលី ក្នុងកិច្ចអភិវឌ្ឍរបស់កម្ពុជាតាមរយៈ ការផ្ដល់ហិរញ្ញប្បទានប្រមាន ៦៦លានអូស្រ្តាលី (ប្រមាណ ៤៨លានដុល្លារអាម៉េរិក) សម្រាប់ឆ្នាំ២០២១ ដើម្បីគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍ ដែលផ្ដោតលើវិស័យសន្តិសុខសុខាភិបាល ​ភាពធន់សេដ្ឋកិច្ច កសិកម្ម និងអប់រំ។

ជាការឆ្លើយតប លោក ឈៀង យ៉ាណារ៉ា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលអូស្ដ្រាលី ក្នុងការគាំទ្រកិច្ចអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសអំឡុងពេលរីករាលដាល នៃជំងឺកូវីដ-១៩។ លោករដ្ឋមន្ដ្រី បានកោតសរសើរចំពោះការផ្ដួចផ្ដើមកម្មវិធីរបស់អូស្ដ្រាលី ដែលមានសង្គតិភាព ជាមួយផែនការយុទ្ធសាស្ដ្រនៃការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីកូវីដ-១៩ ដោយផ្ដោតលើអភិក្រមការស្ដារ, ការកែទម្រង់ និងភាពធន់។

នាឱកាសនោះ លោក Andreas ក៏បានបញ្ជាក់អំពីការគាំទ្រហិរញ្ញប្បទានបន្ថែម របស់អូស្ដ្រាលីប្រមាណ ៣៥លានដុល្លារអូស្ដ្រាលី សម្រាប់គាំទ្រដល់ការបញ្ជារទិញ វ៉ាក់សាំងកូវីដ-១៩ ចំនួនប្រមាណ ៣លានដូស តាមរយៈអង្គការ UNICEF និងអង្គការសុខភាពពិភពលោក ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាជនក្នុងក្របខណ្ឌទូទាំងប្រទេស។ បើតាមសេចក្ដីប្រកាសព័ត៌មានដដែល។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ បានបន្ថែមថា ភាគីអូស្ដ្រាលី ក៏បានបញ្ជាក់ពីការបន្ដគាំទ្រហិរញ្ញប្បទានបន្ថែម លើកម្មវិធី ចំនួន ២ផ្សេងទៀត គឺកម្មវិធីលើកកម្ពស់គុណភាព និងសមភាពសុខាភិបាល ដំណាក់កាលទី២ (H-EQIP II) ប្រមាណ ៣០លានដុល្លារអូស្ដ្រាលី និងគម្រោង Social Accountability Framework Project ដំណាក់កាលទី២ (ISAF II) ប្រមាណ ១៥លានដុល្លារអូស្ដ្រាលី សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។

លោករដ្ឋមន្រ្ដីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ដ្រាលី សម្រាប់ការគាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការប្ដេជ្ញា របស់អូស្ដ្រាលីលើការផ្ដល់វ៉ាក់សាំង ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)