Register Already an agent ? Login

ចលនាភ្ញៀវទេសចរ ដើរកម្សាន្តទូទាំងប្រទេសរយៈពេល ២ថ្ងៃ នៅភ្នំពេញទទួលបានជាង ១ម៉ឺននាក់

ភ្នំពេញ៖ ចលនាភ្ញៀវទេសចរ ក្នុងស្រុកដើរកម្សាន្តទូទាំងប្រទេស ក្នុងសប្ដាហ៍ទី២នៃខែកញ្ញា (ថ្ងៃទី១១-១២) ឆ្នាំ២០២១ មានចំនួន ៦៣,៤២១នាក់ ដែលរាជធានីភ្នំពេញទទួលបានភ្ញៀវច្រើនជាងគេចំនួន ១៨,៨៤៦នាក់ ខេត្តកំពត ១៥,៧២១នាក់ ខេត្តកែប ៧,៥៧០នាក់ ខេត្តតាកែវ ៣,៧៣៦នាក់ ខេត្តព្រះសីហនុ ៣,៣៨៤នាក់ ខេត្តពោធិ៍សាត់ ៣,២៥៨នាក់។ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលទទួលបានពីគ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត។

តួលេខនេះ មានការកើនឡើង ២៤.២៥ភាគរយ ធៀបនឹងសប្តាហ៍កន្លងទៅ ក្នុងនោះមានភ្ញៀវជាតិ ៦២,៤៦២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩៥៩នាក់។ បើតាមការលើកឡើងរបស់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបន្តថា ជាការវាយតម្លៃបឋម ចរន្តភ្ញៀវទេសចរណ៍ផ្ទៃក្នុងនៅមិនទាន់មានចំនួនច្រើននៅឡើយទេ ខណៈរាជធានី-ខេត្តមួយចំនួននៅបន្តដាក់ចេញវិធានការរដ្ឋបាលដាច់ដោយឡែក ក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩។

លោក ថោង ខុន បានបន្តទៀតថា មន្ទីរទេសចរណ៍ដែលជាសេនាធិការឱ្យរដ្ឋបាលរាជធានី-ខេត្តបាននិងកំពុងជំរុញការផ្សព្វផ្សាយ និងចុះអនុវត្តយ៉ាងសកម្មនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាអប្បបរមា (SOP) ដែលក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១កន្លងមក នៅតាមមូលដ្ឋានអាជីវកម្មស្នាក់នៅ ភោជនីយដ្ឋាន រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍នានា ដើម្បីធានាការបើកដំណើរការមូលដ្ឋានអាជីវកម្មក្នុងគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាពពីជំងឺកូវីដ-១៩ និងធានាបាននូវគុណភាពសេវាកម្មប្រកបដោយភាពពេញចិត្ត។

ជាងនេះទៀត ក្រសួងទេសចរណ៍ក៏បានដាក់ចេញសារាចរណែនាំ ដើម្បីគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)