Register Already an agent ? Login

កម្ពុជា បានសងបំណុលទៅដៃគូអភិវឌ្ឍន៍នានា ក្នុងនិងក្រៅប្រទេសសរុបចំនួនជាង ២ប៊ីលានដុល្លារ ជិត ២៧ឆ្នាំ

ភ្នំពេញ៖ ជិត ២៧ឆ្នាំ ចាប់ពីឆ្នាំ១៩៩៣ ដល់ដំណាច់ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលឱ្យដៃគូអភិវឌ្ឍន៍សរុបចំនួន ២.១១ប៊ីលានដុល្លារ ក្នុងក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ ១ភាគរយ ត្រូវនឹង ២៣.៤១លានដុល្លារ (ប្រាក់ដើម ២០.២៩លានដុល្លារ និងការប្រាក់ ៣.១៧លានដុល្លារ) និងក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេស ចំនួនប្រមាណ ៩៩ភាគរយ ត្រូវនឹង ២.០៩លានដុល្លារ (ប្រាក់ដើម ១.៣៤ប៊ីលានដុល្លារ និងការប្រាក់ផ្សេងៗ ៧៤៩,៤២លានដុល្លារ)។ បើតាមប្រត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា លេខ១១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គិតតាមដំណាច់ឆ្នាំ២០២០ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ៨.៨១ប៊ីលានដុល្លារ ដោយសុទ្ធតែជាបំណុលសាធារណៈក្រៅប្រទេស (បំណុលសារធារណៈក្នុងប្រទេសត្រូវបានទូទាត់បញ្ចប់ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០)។ បើតាមប្រត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា លេខ១១។

ដោយឡែក នៅក្នុងឆ្នាំ២០២០ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងផ្ដល់ឥណទាន ជាមួយឥណទាយិកសរុបចំនួន ២៨០,១១លានដុល្លារ។ បើតាមប្រត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា លេខ១១ បានបញ្ជាក់ឱ្យដឹងថា គិតពីឆ្នាំ១៩៩៣ ដល់ដំណាច់ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងផ្ដល់ឥណទាន ជាមួយឥណទាយិកសរុបចំនួន ៣.១៤ប៊ីលានដុល្លារ ក្នុងនោះ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គ្របដណ្ដប់ប្រមាណ ៩៨ភាគរយ និងវិស័យអាទិភាព ចំពោះផ្សេងទៀត ប្រមាណ ២​ភាគរយ។

នៅក្នុងឆ្នាំ២០២០ ដដែល ឥណទាយិកបានដកសាច់ប្រាក់យកទៅប្រើប្រាស់ជាក់ស្ដែងសរុបចំនួន ៣៣៩,៤២លានដុល្លារ។ គិតពីឆ្នាំ១៩៩៣ដល់ ឆ្នាំ២០២០ ឥណទាយិកបានដកសាច់ប្រាក់យកទៅប្រើប្រាស់ជាក់ស្ដែងសរុបចំនួន ២.០៨ប៊ីលាន ស្មើនឹងប្រមាណ ៦៦ភាគរយ នៃការផ្ដល់ឥណទាន ដែលបានចុះកិច្ចព្រមព្រៀងខាងលើ ក្នុងនោះ៖ ៩៩ភាគរយត្រូវបានប្រើប្រាស់ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង ១ភាគរយទៀត វិស័យអាទិភាព ចំពោះផ្សេងទៀត។ តាមប្រត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា លេខ១១ដដែល

បើតាមប្រត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា លេខ១១ដដែល បានបន្ថែមឱ្យដឹងថា នៅក្នុងឆ្នាំ២០២០ រាជរដ្ឋាភិបាល បានប្រមូលសេវាបំណុលពីឥណទាយិកសរុបចំនួន ៧២.១៣លានដុល្លារ ក្នុងនោះប្រាក់ដើមចំនួន ៤៥.៣៨លានដុល្លារ និងការប្រាក់និងកម្រៃផ្សេងៗ ២៦.៧៥លានដុល្លារ។ គិតពីឆ្នាំ១៩៩៣ដល់ ឆ្នាំ២០២០ រាជរដ្ឋាភិបាល បានប្រមូលសេវាបំណុលពីឥណទាយិកសរុបចំនួន ៦៣១,៥៦លានដុល្លារ ក្នុងនោះ ប្រាក់ដើមមានចំនួន ៣៧៨,៨០លានដុល្លារ និងការប្រាក់និងកម្រៃផ្សេងៗ ២៥២,៧៦លានដុល្លារ។

តាមប្រត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាលេខ១១ បានបញ្ជាក់ គិតត្រឹមដំណាច់ឆ្នាំ២០២០ សន្និធិបំណុលក្នុងក្របខ័ណ្ឌការផ្ដល់ឥណទានរបស់រដ្ឋ សរុបចំនួន ១,៧ប៊ីលានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)