Register Already an agent ? Login

កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានជាង ១៥លានដុល្លារ ៦ខែឆ្នាំ២០២១ កើន ៨ភាគរយ

ភ្នំពេញ៖ នៅឆមាសទី១ ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានចំនួន ១៥,៣០៧,៧២១ដុល្លារ ដោយពុំទាន់ធ្វើសវនកម្ម កើន ៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ដែលមានចំនួន ១៤,១០៩,៨៣៤ដុល្លារ ធ្វើសវនកម្មហើយ។ បើតាមរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញ។

នៅក្នុងរបាយការណ៍ខាងលើ បានបន្តឱ្យដឹងថា ប្រភពចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ នៅឆមាសទី១ ឆ្នាំ២០២១នេះ រួមមាន៖ -ចំណូលពីប្រតិបត្តិការផែ មានចំនួន១១,៩១៦,៣៩៩ដុល្លារ -ចំណូលបានពីអាជ្ញាធរផែ មានចំនួន ១,៦៦៤,៧៦៦ដុល្លារ -ចំណូលបានពីសេវាកម្មផ្សេងៗមានចំនួន ២១៤,០០៨ដុល្លារ ៤.ចំណូលផ្សេងៗមានចំនួន ១,៥១២,៥៤៨ដុល្លារ។

បើតាមរបាយការណ៍ដដែលបានបន្តឱ្យដឹងទៀតថា ដោយឡែក ចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្ដសម្រាប់៧ខែ ដើមឆ្នាំ២០២១ រួមមាន៖ -ទំនិញ-ប្រេងឥន្ធនៈ មានចំនួន ២,២៥៧,២៦៣តោន កើនឡើង ៦,៦៧ភាគរយ បើ ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន២,១១៦,០៦៩តោន -នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន១,៣៤០ជើង ថយចុះ ០,២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន១,៣៣៧ជើង -បរិមាណកុងតឺន័រ មានចំនួន១៨២,២១៧ធីអ៊ីយូ កើនឡើង១១.៧៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន១៦៣,០២៩ធីអ៊ីយូ។

នៅឆ្នាំ២០២០ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកចំណូលបាន ២៩,៤៨៧,៣៧៨ដុល្លារ ធ្លាក់ចុះ៦ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មានចំណូលចំនួន៣១,៣១១,២៦៤ដុល្លារ។ បើតាមការបញ្ជាក់ នៅក្នុងរបាយការណ៍របស់កំពង់ផែស្វយ័តភ្នំពេញ៕

ដោយ៖ មឿន ឌីណា (Mouen Dyna)