Register Already an agent ? Login

ភាគខាងត្បូងរាជធានីភ្នំពេញ នឹងក្លាយទៅជាច្រករបៀងសេដ្ឋកិច្ចថ្មីរបស់ កម្ពុជានៅពេលអនាគត

ភ្នំពេញ៖ ភាគខាងត្បូងរួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងស្រុកស្អាង នៃខេត្តកណ្តាល នឹងក្លាយទៅជាច្រករបៀងសេដ្ឋកិច្ចថ្មីរបស់ប្រទេសកម្ពុជានៅពេលអនាគត ដែលរួមផ្ដុំទៅដោយគម្រោងលំនៅឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម។ បើតាមរបាយការណ៍របស់ CBRE Cambodia។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ខាងលើបានអភិវឌ្ឍយ៉ាងលឿន ព្រមជាមួយនឹងកំណើនប្រជាជន និងសកម្មភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ បើតាមការបន្តនៅក្នុងរបាយការណ៍របស់ CBRE Cambodia បានបន្តទៀតថា ភាពរីកចម្រើននេះ គឺជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងសន្ធឹកសន្ធាប់ ឬស្មើនឹងទឹកប្រាក់សរុបប្រមាណ ២,២ពាន់លានដុល្លារ ជាក់ស្ដែងដូចជា ផ្លូវសម្ដេចហ៊ុន សែន និងគម្រោងព្រលានថ្មីជាដើម។

បើតាមរបាយការណ៍ដដែលបានបន្ថែមថា កំណើននៃហេដ្ឋរចនាសម្ព័ន្ធនេះ ជាមូលហេតុធំទាក់ទាញគម្រោងវិនិយោគអចលនទ្រព្យធំៗ ចូលទៅក្នុងតំបន់ភាគខាងត្បូងភ្នំពេញនេះ កាន់ច្រើនឡើងៗ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ គម្រោងទាំងនោះមាន ខុនដូសរុប ១៣គម្រោង ដែលក្នុងនោះ ៤គម្រោង បានបញ្ចប់សាងសង់ និងគម្រោងឧស្សាហកម្ម ហើយនិងតំបន់សេដ្ឋកិច្ចពិសេស ៧កន្លែង អគារការិយាល័យ ២កន្លែង ក៏ដូចជាគម្រោងផ្សារទំនើបមួយចំនួនទៀត។

យ៉ាងណាក្ដី សក្ដានុពលរបស់តំបន់នេះទៅអនាគត មួយផ្នែកធំគឺនឹងរំពឹងលើគោលនយោបាយនគររូបនីយកម្មរបស់រដ្ឋាភិបាល ដែលអាចនឹងជាកត្តាជំរុញ និងក៏អាចជាឧបសគ្គសម្រាប់អ្នកវិនិយោគ។

ស្រុកកណ្ដាលស្ទឹង ស្រុកមុខកំពូល និងស្រុកពញ្ញាឮ នៃខេត្តកណ្ដាល កំពុងមានសក្ដានុពល ទៅលើតម្លៃដីធ្លី នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។ បើតាមការអះអាងរបស់ លោក កាង សុធី នាយកប្រតិបត្តិនៃក្រុមហ៊ុនអលចនទ្រព្យ Century 21 Land Station។ លោក ជឿថាដីធ្លីនៅតំបន់ខ្លះ ក្នុងមួយឆ្នាំអាចនឹងឡើងពី ៣០ ទៅ ៤០ភាគរយ បច្ចុប្បន្ន អ្នកទិញដីនៅតំបន់នោះពេលនេះ តម្លៃ ២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែវាអាចនឹងឡើងដល់ ១០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ រយៈពេល១០ឆ្នាំក្រោយ ឬកើនដល់ ៤០០ភាគរយ។

ស្រុកពញ្ញាឮ មានហេដ្ឋារចនាសម្ព័ន្ធច្រើនជាងគេ ដីក៏មានរាងខ្ពស់ច្រើន ដែលមានន័យថា ដីអត់លិចទឹក ដូច្នេះគេអាចទិញដីនោះ សម្រាប់សាងសង់ជាលំនៅឋានបានភ្លាម ហើយស្រុកនេះដែរក៏មានមនុស្សរស់នៅច្រើនផងដែរ។ បើតាមការបន្តរបស់ លោក កាង សុធី បានបន្តថា ចំណែកស្រុកកណ្ដាលស្ទឹងវិញ ជាស្រុកមួយមានការអភិវឌ្ឍលឿន ដោយ​សារមានគម្រោងព្រលានយន្តហោះនៅខាងហ្នឹង អ៊ីចឹងបើមានអ្នកមានធនធានច្រើន និងចង់អភិវឌ្ឍយូរនឹងទទួលបានប្រាក់ចំណេញខ្ពស់។

ចំណែកស្រុកដែលជាប់នឹងរាជធានីភ្នំពេញ គឺស្រុកមុខកំពូល មានគម្រោងអភិវឌ្ឍដ៏ល្អ គឺគម្រោងពហុកីឡាដ្ឋានជាតិតេជោ និងមានផ្លូវជាតិលេខ៦ រត់កាត់ធ្វើឱ្យតំបន់នៃស្រុកមុខកំពូល កាន់តែមានសក្ដានុពលក្នុងការទាក់ទាញអ្នកអភិវឌ្ឍ ។ បើតាមការលើកឡើងបន្តរបស់ នាយកប្រតិបត្តិនៃក្រុមហ៊ុនអលចនទ្រព្យ Century 21 Land Station លោក កាង សុធី បានបញ្ជាក់ «បើចង់វិនិយោគរយៈពេលខ្លី គឺទិញដីនៅស្រុកមុខកំពូលនឹងទទួលបានឱកាសចំណេញបានលឿន»។

ការអភិវឌ្ឍនៅជុំវិញរាជធានីភ្នំពេញ សុទ្ធតែមានសក្ដានុពលដូចគ្នាគ្រាន់តែវាមានលក្ខណៈខុសគ្នាទៅលើផ្នែកនៃការអភិវឌ្ឍ។ ទៅថ្ងៃអនាគតរាជធានីភ្នំពេញនឹងកាន់​តែរីករាលសាយ ដូច្នេះតំបន់នៅជាយរាជធានី នឹងទទួលបានឱកាសនៃការឡើងថ្លៃនៃតម្លៃដីដូចគ្នា។ បើតាមការលើកឡើងរបស់ លោក ច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

រាជធានីភ្នំពេញនឹងត្រូវពង្រីកកាំរង្វង់រហូតដល់ ១០០គីឡូម៉ែត្រ ដូច្នេះហើយមានតែវិធីកាត់យកដីនៅតាមបណ្ដាខេត្តដែលជាប់នឹងរាជធានីភ្នំពេញ ក្នុងនោះស្រុកទាំងបីរួមមានស្រុកមុខកំពូល កណ្ដា​លស្ទឹង និងស្រុកពញ្ញាឮ គឺជាស្រុកដែលជាប់នឹងរាជធានីភ្នំពេញផងដែរ។ បើតាមអនុក្រឹត្យ​ស្ដីពី ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥៕

ដោយ៖ មឿន ឌីណា (Moeun Dyna)