Register Already an agent ? Login

អ្នកជំនាញវិស័យអចលនទ្រព្យបានអះអាងថា ស្រុកចំនួន ៣ នៅខេត្តកណ្ដាលនឹងមានសក្ដានុពល

កណ្ដាល៖ ស្រុកកណ្ដាលស្ទឹង ស្រុកមុខកំពូល និងស្រុកពញ្ញាឮ នៃខេត្តកណ្ដាល កំពុងមានសក្ដានុពល ទៅលើតម្លៃដីធ្លី នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។ បើតាមការអះអាងរបស់ លោក កាង សុធី នាយកប្រតិបត្តិនៃក្រុមហ៊ុនអលចនទ្រព្យ Century 21 Land Station។ លោក ជឿថាដីធ្លីនៅតំបន់ខ្លះ ក្នុងមួយឆ្នាំអាចនឹងឡើងពី ៣០ ទៅ ៤០ភាគរយ បច្ចុប្បន្ន អ្នកទិញដីនៅតំបន់នោះពេលនេះ តម្លៃ ២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែវាអាចនឹងឡើងដល់ ១០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ រយៈពេល១០ឆ្នាំក្រោយ ឬកើនដល់ ៤០០ភាគរយ។

លោក កាង សុធី បានលើកឡើងថា ស្រុកពញ្ញាឮ មានហេដ្ឋារចនាសម្ព័ន្ធច្រើនជាងគេ ដីក៏មានរាងខ្ពស់ច្រើន ដែលមានន័យថា ដីអត់លិចទឹក ដូច្នេះគេអាចទិញដីនោះ សម្រាប់សាងសង់ជាលំនៅឋានបានភ្លាម ហើយស្រុកនេះដែរក៏មានមនុស្សរស់នៅច្រើនផងដែរ។ ចំណែកស្រុកកណ្ដាលស្ទឹងវិញ ជាស្រុកមួយមានការអភិវឌ្ឍលឿន ដោយ​សារមានគម្រោងព្រលានយន្តហោះនៅខាងហ្នឹង អ៊ីចឹងបើមានអ្នកមានធនធានច្រើន និងចង់អភិវឌ្ឍយូរនឹងទទួលបានប្រាក់ចំណេញខ្ពស់។

ចំណែកស្រុកដែលជាប់នឹងរាជធានីភ្នំពេញ គឺស្រុកមុខកំពូល មានគម្រោងអភិវឌ្ឍដ៏ល្អ គឺគម្រោងពហុកីឡាដ្ឋានជាតិតេជោ និងមានផ្លូវជាតិលេខ៦ រត់កាត់ ធ្វើឱ្យតំបន់នៃស្រុកមុខកំពូល កាន់តែមានសក្ដានុពលក្នុងការទាក់ទាញអ្នកអភិវឌ្ឍ ។ បើតាមការលើកឡើងបន្តរបស់ នាយកប្រតិបត្តិនៃក្រុមហ៊ុនអលចនទ្រព្យ Century 21 Land Station លោក កាង សុធី បានបញ្ជាក់ «បើចង់វិនិយោគរយៈពេលខ្លី គឺទិញដីនៅស្រុកមុខកំពូលនឹងទទួលបានឱកាសចំណេញបានលឿន»។

បើចង់វិនិយោគដីធ្លីឱ្យទទួលបានឱកាសចំណេញច្រើន គួរងាកទៅរកតំបន់ជាយៗក្រុង ពីព្រោះតំបន់ទាំងនោះ តម្លៃដីនៅមានកម្រិតទាបនៅឡើយ តែបើយើងក្រលេកមកមើលតម្លៃដីនៅកណ្ដាលក្រុង ឬនៅជិតក្រុងវិញវាបានឡើងដល់កម្រិតមួយខ្ពស់ទៅហើយ ដូច្នេះឱកាសនោះការឡើងថ្លៃទៀត វាស្ទើរតែមិនមាន ឬមានតិចតួចប៉ុណ្ណោះ។ បើតាមការលើកឡើងរបស់អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើន បានបន្តថា បច្ចុប្បន្ន វិបត្តិកូវីដ-១៩ បានប៉ះពាល់ដល់វិស័យនេះក៏ពិតមែន ប៉ុន្តែ រាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់ និងជំរុញឱ្យវិស័យនេះងើបឡើងវិញដូចដែលបានរំពឹងទុក ដែលបានព្យាករថាកំណើតមិនធ្លាក់ទាប។

ការអភិវឌ្ឍនៅជុំវិញរាជធានីភ្នំពេញ សុទ្ធតែមានសក្ដានុពលដូចគ្នាគ្រាន់តែវាមានលក្ខណៈខុសគ្នាទៅលើផ្នែកនៃការអភិវឌ្ឍ។ ទៅថ្ងៃអនាគតរាជធានីភ្នំពេញនឹងកាន់​តែរីករាលសាយ ដូច្នេះតំបន់នៅជាយរាជធានី នឹងទទួលបានឱកាសនៃការឡើងថ្លៃនៃតម្លៃដីដូចគ្នា។ បើតាមការលើកឡើងរបស់ លោក ច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

រាជធានីភ្នំពេញនឹងត្រូវពង្រីកកាំរង្វង់រហូតដល់ ១០០គីឡូម៉ែត្រ ដូច្នេះហើយមានតែវិធីកាត់យកដីនៅតាមបណ្ដាខេត្តដែលជាប់នឹងរាជធានីភ្នំពេញ ក្នុងនោះស្រុកទាំងបីរួមមានស្រុកមុខកំពូល កណ្ដា​លស្ទឹង និងស្រុកពញ្ញាឮ គឺជាស្រុកដែលជាប់នឹងរាជធានីភ្នំពេញផងដែរ។ បើតាមអនុក្រឹត្យ​ស្ដីពី ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥៕

ប្រភព៖ គេហទំព័រអចលនទ្រព្យអាស៊ី

ដោយ៖ មឿន ឌីណា (Moeun Dyna)