Register Already an agent ? Login

កម្ពុជា នឹងទទួលបានថវិកាចំនួន ២៤០លានដុល្លារ ពី IMF ដើម្បីស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩

ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាល នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសម្រេចអនុម័តការវិភាគថវិកាទូទៅមួយ ពីគណនីមូលនិធិពិសេស (the largest Special Drawing Rights (SDRs)) ជាប្រវត្តិសាស្ត្រ ដែលស្មើនឹង ៦៥០ពាន់លានដុល្លារ នៅដើមខែសីហានេះ ដើម្បីជំរុញលទ្ធភាពទូទាត់ការចំណាយរបស់សកលលោក។ បើតាមសេចក្តីប្រកាសព័ត៌មានពីអង្គការអុកស្វាមប្រចាំប្រទេសកម្ពុជាបានបន្តថា ទឹកប្រាក់ចំនួន ៦៥០ពាន់លានដុល្លារ កម្ពុជានឹងទទួល ២៤០លានដុល្លារ ដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។

ថវិកា SDRs ថ្មីនេះ នឹងជួយប្រទេសកំពុងអភិវឌ្ឍ រួមទាំងកម្ពុជាផងដែរ ​ដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ បើតាមការថ្លែងរបស់ នាយិកាប្រចាំប្រទេសនៃអង្គការអុកស្វាម លោកស្រី លីម សូលីន បានវាយតម្លៃថា ចាប់តាំងពីការផ្ទុះជំងឺកូវីដ-១៩ រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការងារយ៉ាងល្អ ដើម្បីទប់ស្កាត់ការចម្លងជំងឺនេះ ព្រមទាំងគាំទ្រក្រុមប្រជាជនងាយរងគ្រោះ ក្នុងការដោះស្រាយការបាត់បង់មុខរបររបស់ពួកគេ តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់ ដោយផ្អែកលើប្រព័ន្ធជំនួយសង្គមរបស់ខ្លួន។​

ទោះជាយ៉ាងណាក៏ដោយ នៅមានកិច្ចការចាំបាច់ជាច្រើនទៀតដែលគួរធ្វើ ហើយយើងសូមអំពាវឱ្យរាជរដ្ឋាភិបាល បន្តធ្វើការប្រកបដោយតម្លាភាព និងរួមគ្នាជាមួយអង្គការសង្គមស៊ីវិលដទៃទៀត ដើម្បីប្រើប្រាស់ហិរញ្ញប្បទានឥតសំណងបន្ថែមនេះ ឱ្យបានល្អបំផុត។ បើតាមការថ្លែងបន្តរបស់ លោកស្រី សូលីន។

លោក ស្រី បានបន្តទៀតថា កញ្ចប់ជំនួយថវិកាឥតសំណង ដែលកម្ពុជានឹងទទួលបាននេះ សម្រាប់ស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩  គឺផ្តល់អាទិភាពលើការថែទាំសុខភាពជាសកល និងការវិនិយោគលើកិច្ចគាំពារសង្គម ដែលអាចកាត់បន្ថយវិសមភាព ដើម្បីសម្រេចបានការងើបឡើងវិញ ពីជំងឺរាតត្បាតជាសកលនេះ ប្រកបដោយលក្ខណៈ ប្រកបដោយសមភាព និងកាន់តែមាននិរន្តរភាពថែមទៀត។

បច្ចុប្បន្ន វិស័យសេដ្ឋចកិច្ចក្រៅប្រព័ន្ធ តំណាងឱ្យ ៨៧,៥ភាគរយ នៃសេដ្ឋកិច្ចកម្ពុជា ហើយក្រសួងផែនការបានលើកឡើងថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៦លាននាក់ កំពុងប្រឈមនឹងការបាត់បង់មុខរបររបស់ពួកគេ ខណៈពេលដែលជំងឺរាតត្បាតជាសកលនេះនៅតែបន្ត។ តាមរបាយការណ៍ILO បានបន្តថា ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវធានាថា កម្មវិធីផ្តល់ជំនួយសង្គ្រោះរបស់ខ្លួន ផ្តោតការយកចិត្តទុកដាក់ជាពិសេស ទៅលើការគាំទ្រកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាជីវកម្មធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការអុកស្វាម SDRs គឺជាទម្រង់នៃរូបិយប័ណ្ណសកលមួយ ដែលអាចចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចសកលលោក ដោយ​បែងចែកជំនួយដោយមិនចាំបាច់សងវិញ ជូនដល់ប្រទេសជាសមាជិកនីមួយៗ របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ។  សម្រាប់ SDRsថ្មី របស់IMF ក្នុងកញ្ចប់ថវិកា ៦៥០ពាន់លានដុល្លារនេះ នឹងចូលជាធរមាន នៅថ្ងៃទី ២៣សីហា ឆ្នាំ២០២១។

ថវិកានេះ ត្រូវបានបែងចែកដោយផ្អែកលើកូតា/ចំណែករបស់ប្រទេសនីមួយៗ នៅក្នុងIMF។ អង្គការអុកស្វាម បានបញ្ជាក់ថា ក្នុងចំណោមថវិកា ៦៥០ពាន់លានដុល្លារនេះ មានជិត ៤០០ពាន់លានដុល្លារ នឹងផ្តល់ឱ្យប្រទេសដែលមានជាងគេបំផុតក្នុងពិភពលោក ថវិកា ២៣០ពាន់លានដុល្លារ នឹងផ្តល់ឱ្យប្រទេសដែលមានប្រាក់ចំណូលមធ្យម និងចំនួន២១ពាន់លានដុល្លារទៀត នឹងផ្តល់ឱ្យប្រទេសដែលមានប្រាក់ចំណូលទាប៕

ដោយ៖ មឿន ឌីណា (Moeun Dyna)