Register Already an agent ? Login

លោក នេត្រ ភក្ត្រា៖ សត្វដំរីព្រៃអាស៊ីនៅកម្ពុជា ដើម្បីអភិរក្សត្រូវការថវិកាចំនួន ៤០,៥លានដុល្លារ

ភ្នំពេញ៖ យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះត្រូវការថវិកាចំនួន ៤០,៥លានដុល្លារ ដែលជាគម្រោងថវិការំពឹងថានឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ បើតាមការថ្លែងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន។

នៅក្នុងប្រទេសកម្ពុជា ដំរីអាស៊ីមានចំនួនប្រមាណពី ៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សម្បូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ បើតាមការថ្លែងបន្តឱ្យដឹងពី លោក នេត្រ ភក្ត្រា បានបន្តថា ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថា មានចំនួនជាង ៧០ក្បាល។

យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេលពី ៦០ ទៅ ៧០ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រមាណ ៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ភាគរយ។ បើតាមការ ថ្លែងបន្តទៀតរបស់ លោក នេត្រ ភក្ត្រា បានន្ថែមថា ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩,៤៦៣ក្បាលទៅ ៤៧,៤២៧ក្បាល ដែលកំពុងរស់នៅក្នុងព្រៃបច្ចុប្បន្ន ក្នុងនោះប្រមាណ ៧៥ភាគរយរស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។

រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ «ដំរីអាស៊ីត្រូវបានចាត់ទុកថា ជាប្រភេទសត្វបង្គោលដ៏សំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅក្នុងដែនជម្រករបស់វា។

ការរិចរិលនៃទីជម្រកបានធ្វើឱ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នា និងបង្កជាឥទ្ធិពលអវិជ្ជមានដល់ស្ថេរភាពយូរអង្វែងរបស់ប្រភេទសត្វដ៏សំខាន់នេះ។ បើតាមការថ្លែងបន្ថែមទៀតរបស់ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា តាមទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបានដាក់នៅក្នុងតំបន់ការពារធម្មជាតិនានាបានរកឃើញថា ដំរីអាស៊ីបានរស់នៅជាហ្វូងនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ហើយមានឃើញកូនតូចៗជាច្រើនថែមទៀត។

អ្នកនាំពាក្យក្រសួងបរិស្ថានដដែល បានបញ្ជាក់ទៀតថា «ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វាក្នុងសកលលោកដោយសារតែនៅតែមានការបរបាញ់ ការដាក់អន្ទាក់ ជម្លោះរវាងមនុស្សនិងសត្វដំរី និងការចាប់ផ្ស៊ាំយកមកចិញ្ចឹមក្នុងស្រុក ដែលយើងទាំងអស់ចាំបាច់ចូលរួមការពារ និងអភិរក្សសត្វដំរីឱ្យបានគង់វង្ស»។

បើតាម រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានលើកឡើងថា ទោះបីជាស្ថានភាពនៃការអភិរក្សតំបន់ការពារធម្មជាតិមានភាពល្អប្រសើរផ្តល់ទីជម្រក ប្រភពទឹក និងចំណីសម្រាប់សត្វដំរីរស់នៅ តែកត្តាគំរាមកំហែងមួយចំនួននៅតែមានជាពិសេសជម្លោះរវាងមនុស្សនិងដំរី ពោលគឺការរុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋខុសច្បាប់របស់ក្រុមជនខិលខូចបានប៉ះពាល់ដល់ទីជម្រករបស់សត្វដំរី និងកន្លែងដែលដំរីធ្លាប់រស់នៅនិងរកចំណី និងប្រភពទឹក ដែលពេលខ្លះមានការជាន់កម្ទេចដំណាំដាំដុះរបស់ប្រជាពលរដ្ឋពីសំណាក់សត្វដំរីជាដើម។ ម្យ៉ាងទៀត គេក៏បានរកឃើញថា កូនដំរីព្រៃកំពុងទទួលរងការគំរាមកំហែងដោយសារតែការដាក់អន្ទាក់ និងការចាប់ដំរីព្រៃមកចិញ្ចឹម និងហ្វូងដំរីព្រៃមានចំនួនតិចតួចជាកត្តាគំរាមកំហែងផងដែរ។  

ប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយប្រទេសនានាលើពិភពលោកក្នុង ការអភិរក្សសត្វដំរី ដែលនៅសេសសល់នៅលើពិភពលោកហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ(IUCN) ដោយបានអំពាវនាវឱ្យបញ្ឈប់សកម្មភាពទាំងឡាយដែលមានលក្ខណៈគំរាមកំហែងដល់ដំរីជាពិសេសកាត់បន្ថយជម្លោះរវាងមនុស្សនិងដំរី។

សូមបញ្ជាក់ថាកន្លងមក អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចាប់ឃាត់ភ្លុកដំរី កុយរមាស និងគ្រឿងចម្លាក់ពីភ្លុកដំរី កុយរមាសដែលលួចនាំចូលក្នុងប្រទេសកម្ពុជា និងលួចនាំចេញទៅក្រៅប្រទេសជាច្រើនករណី។ យោងតាមតួលេខដែលទទួលបានកន្លងទៅនេះ ភ្លុកដំរីនិងកុយរមាសជាច្រើនពាន់ដុំមានទម្ងន់សរុបប្រមាណជាង ៥តោន ត្រូវបានអាជ្ញាធរកម្ពុជាបង្ក្រាប រឹបអូសរក្សាទុកកន្លែងមានសុវត្ថិភាព៕

ដោយ៖ មឿន ឌីណា (Moeun Dyna)