Register Already an agent ? Login

នៅក្នុងឆមាសទី១ ភ្ញៀវបរទេសមកកម្ពុជាជាង ១០ម៉ឺននាក់ រីឯពលរដ្ឋខ្មែរចេញទៅក្រៅប្រទេសជាង ១ម៉ឺននាក់

ភ្នំពេញ៖ នៅក្នុងវិបត្តិជំងឺសកល កម្ពុជាទទួលបានភ្ញៀវអន្តរជាតិចំនួន ១០២,៥៦០នាក់ ថយចុះ ៩១,៣ភាគរយ ខណៈ ពលរដ្ឋកម្ពុជា ចេញទៅក្រៅប្រទេសជាង ១០,៥៣៨នាក់ ថយចុះ ៩៦,៦ភាគរយ នៅក្នុងឆមាសទី១ ឆ្នាំ២០២១ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ បើតាមរបាយការណ៍ក្រសួងទេសចរណ៍។

នៅក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍បានបន្តឱ្យដឹងថា ភ្ញៀវអន្តរជាតិជាង ១០ម៉ឺននាក់ ធៀបនឹងឆ្នាំ២០២០ ក្នុងនោះភ្ញៀវអន្តរជាតិ ដែលមកតាមផ្លូវអាកាស ៤៦,២៤៩នាក់ ថយចុះ ៩៣,២ភាគរយ មកតាមផ្លូវគោក ៥៦,៣០៩នាក់ ថយចុះ ៨៧,៤ភាគរយ និងមកតាមផ្លូវទឹកមានតែ ២នាក់ប៉ុណ្ណោះ។

បើតាមរបាយការណ៍ដដែលបានបញ្ជាក់ឱ្យដឹងថា ទីផ្សារទេសចរណ៍សំខាន់ៗទាំង ១០ ដែលថមថយដោយសារវិត្តិជំងឺកូវីដ-១៩ រួមមាន៖ ១.ទេសចរថៃ ៥២,២៩០នាក់ ថយចុះ ៦៧,៥ភាគរយ ២.ទេសចរចិន ២៩,៧៥១ នាក់ ថយចុះ ៨៩,២ភាគរយ ៣.ទេសចរវៀតណាម ៦,៩៥៦នាក់ ថយចុះ ៩៦,១ភាគរយ ៤.ទេសចរឥណ្ឌូណេស៊ី ៣,៤១៥នាក់ ថយចុះ ៧៤,៣ភាគរយ។

៥.ទេសចរកូរ៉េខាងត្បូង ១,៨៣៣នាក់ ថយចុះ ៩៦,៥ភាគរយ ៦. ទេសចរសហរដ្ឋអាមេរិក ១,៥៩០នាក់ ថយចុះ ៩៧ភាគរយ ៧.ទេសចរចិនមកពីកោះតៃវ៉ាន់ ១,៥០៤នាក់ ថយចុះ ៩២.៨ភាគរយ ៨.ទេសចរម៉ាឡេស៊ី ៨៨៣នាក់ ថយចុះ ៩៦,៥ភាគរយ ៩.ទេសចរជប៉ុន ៧៩០នាក់ ថយចុះ ៩៨ភាគរយ ១០.ទេសចរបារាំង ៦៤៨នាក់ ថយចុះ ៩៨,៥ភាគរយ។

ដោយឡែក ភ្ញៀវទេសចរផ្ទៃក្នុងនៅឆមាសទី១ ឆ្នាំ២០២១ គឺមានចំនួនសរុប ១,៩៨២,៦៤១នាក់ ថយចុះ ៣៧,៣ភាគរយ ធៀបនឹងឆ្នាំ២០២០។ ចំណែកឯទេសចរបរទេសផ្ទៃក្នុងមានចំនួនសរុប ១៤១,៩៨៨នាក់។ បើតាមរបាយការណ៍របស់ក្រសួងដដែល។

ស្រដៀងនេះដែរ តាមរបាយការណ៍ របស់​ធនាគារជាតិ​នៃ​កម្ពុជា នៅក្នុង​ឆមាស​ទី​១ ឆ្នាំ២០២១ កម្ពុជា​ទទួល​ភ្ញៀវ​បរទេស ១០,៨ម៉ឺន​នាក់ បានធ្លាក់ចុះ ៩០,៨​ភាគរយ ​បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២០ មាន​ចំនួន ១,១៨លាន​នាក់​។ ក្នុងនោះ​ភ្ញៀវ​ជនជាតិ​ចិន​ដែលមានចំនួន ២៧៥,៦៧១នាក់ (​ច្រើនជាងគេ​) ​កាលពី​ឆមាស​ទី​១ ឆ្នាំមុន បាន​ធ្លាក់ចុះ ៨៧,៨ភាគរយ​។

នៅក្នុងរបាយការណ៍របស់ ​ធនាគារជាតិ​នៃ​កម្ពុជា បានបញ្ជាក់ «ស្ថានការណ៍​នៃ​ការអូស​បន្លាយ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ បានធ្វើឱ្យ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ធ្វើដំណើរ​មក​កម្ពុជា​ នៅក្នុង​ឆមាស​ទី​១ ឆ្នាំ២០២១  ធ្លាក់ចុះ​យ៉ាងគំហុក»។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បានថ្លែងថា ចំនួន​ភ្ញៀវទេសចរ​បរទេស​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា នឹង​ចាប់ផ្តើម​បង្ហាញ​សញ្ញា​វិជ្ជមាន​ជា​បណ្តើរៗ​ចាប់ពី​ត្រីមាស​ទី​៤ ឆ្នាំ​២០២១។ លោក មានប្រសាសន៍ថា ​បច្ចុប្បន្នរាជ​រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​មានដំណើរ​ការល្អ​ឡើងវិញ ក្នុង​នោះ​ក៏មាន​វិស័យ​ទេសចរណ៍​ផងដែរ​។

អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា រយៈពេល​ជាង ​១​ឆ្នាំ​មកហើយ​ដែល​វិស័យទែសចរណ៍ ​ត្រូវ​ជាប់គាំង​ស្ទើរ​ទាំងស្រុង​។ អ្នកស្រី បានបញ្ជាក់ថា ការបើក​ឱ្យមាន​ភ្ញៀវទេសចរ​អន្តរជាតិ​ឡើងវិញ វា​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​នៅក្នុង​វិស័យនេះ​ទទួល​បាន​ចំណូល និង​ការងារ​ឡើងវិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការបញ្ជាក់​ពី​ភាពជោគជ័យ​របស់​កម្ពុជា​ក្នុង​ការគ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩ បាន​ល្អ​ផងដែរ​។

សូមបញ្ជាក់ថា ទិន្នន័យ​ក្រសួងទេសចរណ៍​ឱ្យ​ដឹងថា ក្នុង​ឆ្នាំ​២០២០ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​សរុប ១,៣០៦,១៤៣ នាក់ ​ធ្លាក់ចុះ ៨០,២ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៩ ដែលមាន​ចំនួន ៦,៦១០,៥៩២នាក់​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)