Register Already an agent ? Login

រដ្ឋបាលខេត្តបាត់ដំបង ទទួលបានសិទ្ធិសម្រេច លើគម្រោងស្ដារព្រលានយន្តហោះថ្មី នៅដីចាស់ក្នុងក្រុងបាត់ដំបង

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានទទួលសិទិ្ធក្នុងការសម្រេច លើគម្រោងស្ដារព្រលានយន្តហោះថ្មី នៅដីចាស់ ក្នុងក្រុងបាត់ដំបង គឺក្រុមហ៊ុនវិនិយោគណាដែលចង់ស្នើសុំវិនិយោគ ឬសិក្សា ត្រូវទាក់ទងដោយផ្ទាល់ជាមួយរដ្ឋបាលខេត្ត។ បើតាមការថ្លែងរបស់ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា បច្ចុប្បន្ន មានក្រុមហ៊ុនមួយចំនួន បានស្នើសុំវិនិយោគលើគម្រោងអាកាសយានដ្ឋាននេះ ដោយពិភាក្សាផ្ទាល់ជាមួយរដ្ឋបាលខេត្តបាត់ដំបង។

លោក ស៊ិន ចាន់សេរីវុត្ថា បានថ្លែងបន្តថា ខាងខេត្តបាត់ដំបងមានគណៈកម្មការរបស់គេហើយ ដូច្នេះ អាកាសចរណ៍ស៊ីវិលគ្រាន់តែជាសមាជិកមួយ ហើយការសម្រេចចិត្ត យើងផ្តល់ឆន្ទានុសិទ្ធិឱ្យគាត់ច្រើនជាង និងចាំតែផ្តល់ការគាំទ្រ។

ការរងារលម្អិតទាក់ទិននឹងគម្រោង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកំពុងសិក្សាបន្ថែម ជាមួយអ្នកបច្ចេកទេស និងវិនិយោគិន។ បើតាមការថ្លែងរបស់ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានបន្តថា ផែន​ការស្តារព្រលានយន្តហោះនេះដូចជាស្ងប់ស្ងាត់ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ និងស្ថិតក្រោមការងាររបស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល។

សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០២១ អាជ្ញាធរមូលដ្ឋានខេត្តបាត់ដំបង បានចាប់ផ្តើមដាំបង្គោល កំណត់ព្រំដី និងចុះបញ្ជីកម្មសិទ្ធិដីធ្លីទីតាំងស្ថាបនាព្រលានយន្តហោះនេះ។

សូមរម្លឹកថា ព្រលានយន្តហោះខេត្តបាត់ដំបង បានបើកដំណើរការដំបូងកាលពីឆ្នាំ១៩៦៧ ហើយត្រូវបានបិទដំណើរការទាំងស្រុងត្រឹម ឆ្នាំ១៩៧៥។ ដោយឡែក ហេដ្ឋារចនាសម្ព័ន្ធចាស់ ដែលនៅសេសសល់នាពេលបច្ចុប្បន្ រួមមានផ្លូវរត់ប្រវែង ១៦០០ម៉ែត្រ និងទទឹង ៣៤ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរចាស់ទ្រុឌទ្រោមផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)