Register Already an agent ? Login

រដ្ឋាភិបាលជប៉ុនផ្ដល់ជំនួយជាង ៥០លានដុល្លារ ដល់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្នុងបរិបទ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីទប់ទល់នឹងជំងឺវីកូដ-១៩  រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយ ជាង ៥០លានដុល្លារ ដល់កម្ពុជា រួមមាន៖ ការផ្ដល់ឧបករណ៍បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រវិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ដោយមានការគាំទ្រពីអង្គការអន្តរជាតិនានា និងការផ្គត់ផ្គង់ប្រព័ន្ធត្រជាក់ដើម្បីរក្សាទុកនិងដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ ឱ្យបានត្រឹមត្រូវដែលមានការគាំទ្រពីដៃគូរបស់យើងគឺ យូនីសេហ្វ (UNICEF) និងចៃកា (JICA)។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូល COVAX AMC ដែលបានធ្វើឡើងក្នុងខែមិថុនា កន្លងទៅរដ្ឋាភិបាលជប៉ុនបានសន្យាផ្តល់ជំនួយ ៨០០លានដុល្លារបន្ថែមទៀត ដូច្នេះជំនួយសរុបរបស់ជប៉ុនដល់ COVAX Facility មានចំនួន ១ពាន់លានដុល្លារ។ បើតាមការបន្តរបស់ ស្ថានទូតជប៉ុន បានបន្តទៀតថា ការផ្តល់វ៉ាក់សាំងប្រមាណ ១លាន ដូសជូនដល់កម្ពុជា គឺជាបន្ថែមពីលើកិច្ចសន្យានេះ។

បើតាមស្ថានទូតជប៉ុន បានបន្ថែមថា ប្រទេសជប៉ុន បានប្រកាសកាលពីខែមុនថានឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលត្រូវបានអនុម័តដោយ WHO EUL និងផលិតនៅប្រទេសជប៉ុនចំនួនប្រមាណ ១លានដូស ជូនដល់កម្ពុជា។ បាច់ទីមួយ នៃវ៉ាក់សាំងនេះមានចំនួនប្រមាណ ៣៣ម៉ឺនដូស បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ហើយចំនួនដែលនៅសល់ប្រមាណ ៦៧ម៉ឺនដូស ទៀតបានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី៧​ ខែសីហានេះ។

«ការសម្រេចផ្តល់វ៉ាក់សាំងទាំងនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើចំណងមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា និងស្ថានភាពបច្ចុប្បន្ន នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា»។ បើតាមការបញ្ជាក់របស់​ស្ថានទូតជប៉ុន បានបន្ថែមទៀតថា នេះគឺជាអំណោយទ្វេភាគីរបស់រដ្ឋាភិបាលជប៉ុនដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការរៀបចំភស្តុភារដោយ COVAX។

រដ្ឋាភិបាលជប៉ុន ក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារ ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថមសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងសម្រាប់ពង្រឹងប្រព័ន្ធសុខាភិបាល។ បើតាមការបន្ថែមទៀតរបស់ស្ថានទូតជប៉ុន បានបញ្ជាក់ «ការប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីក្នុងអំឡុងពេលបច្ចុប្បន្ន ការចាក់វ៉ាក់សាំង ការពង្រឹងប្រព័ន្ធសុខាភិបាល និងការកែលម្អការថែទាំវេជ្ជសាស្ត្រពិតជាមានភាពចាំបាច់ណាស់»៕

ដោយ៖ មឿន ឌីណា (Moeun Dyna)