
ផ្លូវនេះ មានគម្រោងធ្វើតភ្ជាប់ទៅដល់ទឹកដីខេត្តរតនគិរី ដោយឆ្លងកាត់ភូមិចំនួន៤ មានភូមិគិរីវង្សាលើ វង្សាក្រោម គិរីបាស់លើ និងគិរីបាស់ក្រោម ក្នុងចម្ងាយផ្លូវជាង ១៤គីឡូម៉ែត្រ ដែលបងប្អូនជនជាតិកាវែតកំពុងរស់នៅ។ បើតាមការថ្លែងបន្តរបស់ លោក ផាន់ យុទ្ធ។
ការបង្កើតឱ្យមានផ្លូវស្ពាននៅតាមមូលដ្ឋាន ជាការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយផ្លូវនេះយើងធ្វើជំហានទីមួយប្រវែង ៨គីឡូម៉ែត្រសិន ជាការចំណាយថវិការបស់មូលនិធិឃុំ។ បើតាមការថ្លែងរបស់ លោក សំ ប៊ុនធិន អភិបាលរងស្រុកសៀមប៉ាង។

លោក ប៉ាងច្រែស ជនជាតិកាវែតតំណាងឱ្យប្រជាពលរដ្ឋនៅភូមិទាក់ទាម ឃុំសន្តិភាព បានសម្តែងការសាទរចំពោះអាជ្ញាធរស្រុក ដែលបានយកចិត្តទុកដាក់បង្កើតឱ្យមានផ្លូវមួយខ្សែនេះ ព្រោះផ្លូវនេះបានផ្តល់ប្រយោជន៍សំខាន់ ជាពិសេសបងប្អូនជនជាតិ (កាវែត) ស្រួលធ្វើដំណើរទាក់ទងគ្នាពីភូមិឃុំមួយទៅភូមិឃុំមួយ ហើយពេញចិត្តបានដឹកជញ្ជូនកសិផលចេញចូលផងនិងប្រើប្រាស់អ្វីបានគ្រប់យ៉ាង។
សូមបញ្ជាក់ថា នៅក្នុងឃុំសន្តិភាព មានភូមិចំនួន៦ ក្នុងនោះភូមិចំនួន៤ ពុំទាន់មានផ្លូវធ្វើដំណើរស្រួលបួលនោះទេ ទើបអាជ្ញាធរស្រុកសៀមប៉ាងរៀបចំស្ថាបនាឱ្យមានផ្លូវនេះឡើង ចាប់ចេញពី ភូមិគិរីបាស់លើ ទៅភូមិគិរីវង្សាលើ ជាជំហានទីមួយ ដើម្បីបានបងប្អូនជនជាតិកាវែតស្រួលចេញចូលទំនាក់ទំនងគ្នាដោះស្រាយផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ៕
ប្រភព៖ គេហទំព័រក្រសួងព័ត៌មាន
ដោយ៖ មឿន ឌីណា (Moreun Dyna)