
កែប៖ គម្រោងសាងសង់ផែ «ផែជលយានសេះស» ក្រោយពីបានសិក្សាផលប៉ះពាល់យ៉ាងល្អិតល្អន់ពីគ្រប់ភាគីពាក់ព័ន្ធ អស់រយៈពេលជាង ១ឆ្នាំ ដែលមានតម្លៃប្រមាណ ២០០លានដុល្លារ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ត្រូវបានចុះហត្ថលេខា អនុវត្តគម្រោងសាងសង់ផែនេះ ក្រោមអធិបតីភាព លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។ បើតាមរដ្ឋបាលខេត្តកែប។
នៅពិធីចុះហត្ថលេខាខាងលើ លោក សោម ពិសិដ្ឋ បានថ្លែងថា ភាគីពាក់ព័ន្ធទាំងអស់ត្រូវផ្សព្វផ្សាយ គម្រោងអភិវឌ្ឍផែសេះសនេះឱ្យបានទូលំទូលាយ ពិសេសតំណាងវិនិយោគិន គឺលោក អ៊ឹង កូវហៃ ត្រូវដំឡើងផ្ទាំងប៉ាណូនៃគម្រោងនេះឱ្យបានរួចរាល់មុននាំយកគ្រឿងចក្រចូលទៅ អនុវត្តគម្រោង។

«គម្រោងផែជលយានសេះស ជាមុខព្រួញថ្មីនៃការអភិវឌ្ឍវិស័យទេសចរណ៍ ឆ្ពោះមកភាគខាងលិចនៃខេត្តកែប ក៏ជាទីតាំងតភ្ជាប់ នៃគម្រោងពង្រីកឆ្នេរខ្សាច់កម្សាន្តថ្មីក្នុងសង្កាត់ពីរ គឺសង្កាត់ព្រៃធំ និងសង្កាត់អូរក្រសារ របស់ខេត្តកែប ផងដែរ»។ បើតាមការបញ្ជាក់ របស់ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បង្ហាញនូវការជឿជាក់ថា គម្រោងផែជលយានសេះស នឹងផ្តល់នូវផលប្រយោជន៍ និងឱកាសការងារជាច្រើន សម្រាប់ប្រជាជនមូលដ្ឋាន ក៏ជាផ្នែកមួយនៃការរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋខេត្តកែប ដែលភាគច្រើនពឹងផ្អែកលើមុខរបរនេសាទសមុទ្រ និងបម្រើសេវាកម្មទេសចរណ៍។

នាឱកាសនោះ លោក អភិបាលខេត្តកែប ក៏បានជំរុញដល់វិនិយោគិនដែលទទួលខុសត្រូវអនុវត្តគម្រោង ត្រូវអនុវត្តទៅតាមកិច្ចសន្យាដែលបានព្រមព្រៀង ដើម្បីឱ្យសមិទ្ធផលដែលទទួលបានប្រកបដោយគុណភាព តាមស្តង់ដារ និងបច្ចេកទេសត្រឹមត្រូវ និងពន្លឿនការសាងសង់ឱ្យបានតាមពេលកំណត់។
កំពង់ផែជលយានសេះស នឹងបញ្ចប់គម្រោងសាងសង់ក្នុងអំឡុងចុងឆ្នាំ២០២៣ ដោយប្រើរយៈពេលសាងសង់ប្រមាណ២ឆ្នាំ។ បើតាមការបញ្ជាក់ឱ្យដឹងពី លោក អ៊ឹង កូវហៃ ដែលជាអ្នកទទួលបានសិទ្ធិក្នុងការសាងសង់កំពង់ផែនេះ។

សូមរម្លឹកថា កំពង់ផែសម្រាប់ចំណតទូកទេសចរណ៍កោះទន្សាយ នៅក្នុងខេត្ដកែប សម្រេចការសាងសង់ប្រមាណ ៧៥ភាគរយហើយ ដោយគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ កំពង់ផែនេះមានទំហំប្រមាណ ៣៤០០ម៉ែត្រការ៉េ ដែលមានជម្រៅពី ៣ម៉ែត្រ ទៅ៤,៧០ម៉ែត្រ នឹងអាចចតនាវាទេសចរណ៍បាន ២ប្រភេទ។
ប្រភេទនាវាទី១ អាចធ្វើដំណើរចេញពីផែចម្ងាយប្រមាណ ៥៦គីឡូម៉ែត្រ ដែលអាចដឹកមនុស្សបានពី ៣០ ទៅ ១០០នាក់។ ដោយឡែកប្រភេទនាវាទី២ អាចធ្វើដំណើរចេញពីផែប្រមាណ១៩៣គីឡូម៉ែត្រ នឹងអាចផ្ទុកអ្នកដំណើរពី ១០០ ទៅ ៣០០នាក់។ គម្រោងនេះត្រូវបានសាងសង់តាំងពីឆ្នាំ២០២០ ដោយប្រើប្រាស់ថវិការបស់រដ្ឋប្រមាណ ១,២លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)