
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូនីយកម្មនិងសំណង់ បានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន ៥៤,១៤៦គម្រោង ផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១៥៦,២៥៥,១៤៧ម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនសរុបប្រមាណ ៦២,១១២,២៦៩,៥២៨ដុល្លារ ដែលគិតចាប់ពីឆ្នាំ២០០០ ដល់ខែកុម្ភៈ ឆ្នាំ២០២១។ បើតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២១។
នៅក្នុងរបាយការណ៍ខាងលើបានបន្តឱ្យដឹងថា គម្រោងអគារខ្ពស់ៗ ចាប់ពី ៥ជាន់ឡើង នៅទូទាំងប្រទេសមានចំនួន ១,២៣២អគារ (ខេត្តព្រះសីហនុមានចំនួន ៦២៨អគារ) ក្នុងនោះអគារខ្ពស់ៗចាប់ពី៥ជាន់ទៅ៩ជាន់ មានចំនួន ១,២១២អគារ អគារចាប់ពី១០ជាន់ទៅ១៩ជាន់ មានចំនួន ៦៣៦អគារ អគារចាប់ពី២០ជាន់ទៅ២៩ជាន់ មានចំនួន១២១អគារ អគារចាប់ពី៣០ជាន់ទៅ៣៩ជាន់ មានចំនួន ១២២អគារ អគារចាប់ពី៤០ជាន់ឡើង មានចំនួន ៥០អគារ។ ជាមួយគ្នា គម្រោងបុរីលំនៅឋាននិងបណ្ដុំលំនៅឋានមានលក្ខណៈបុរីមានចំនួន ៤០០គម្រោង។

ដោយឡែក គិតចាប់ពីឆ្នាំ២០០៨ ដល់ខែកុម្ភៈ ឆ្នាំ២០២១ សំណង់អគារមានចំនួន ១,០៣៩គម្រោង សំណង់អគារពាណិជ្ជកម្មមានចំនួន ២,៧១៦គម្រោង និងសំណង់អគាររោងចក្រមានចំនួន ១០,៤៣៨គម្រោង ហើយនិងសំណង់អគារពហុមុខងារមានចំនួន ៣០៦គម្រោង។ បើតាមរបាយការណ៍ខាងលើដដែល។

បើតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២១ ដដែលនេះ បានឱ្យដឹងបន្តថា ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួន ៤០១គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ៨៧២,៤២១ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៣៥២,២១៨,៩៩៨ដុល្លារ បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២០ មានចំនួន ៥២៣គម្រោង ផ្ទៃក្រឡាកម្រាលសំណង់ចំនួន ២,២៨៨,០៨២ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ១,១២៧,១៤៨,២៩៩ដុល្លារ ថយចុះ៧៥% បើធៀបនឹងខែមករា ឆ្នាំ២០២១ មាន ៤៥៨គម្រោង ផ្ទៃក្រឡាកម្រាលសំណង់ចំនួន ១,៧៥៥,៩០៧ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានវិនិយោគប្រមាណ ៨៨៨,០៣៤,១១៩ដុល្លារ ថយចុះ ៦០,៣៤% ក្នុងនោះ៖

-សមត្ថកិច្ចក្រសួង មានចំនួន ២៧គម្រោង ផ្ទៃក្រឡាកម្រាលសំណង់ចំនួន ៧០២,៥៧១ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានវិនិយោគប្រមាណ ២៨៨,៥៨៥,៧២៨ដុល្លារ បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២០ មានចំនួន ៣៩គម្រោង ផ្ទៃក្រឡាកម្រាលសំណង់ចំនួន ២,០០១,១៦៥ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានវិនិយោគប្រមាណ ១,០១៤,០៥៥,២២២ដុល្លារ ថយចុះ ៧១,៥៤% បើធៀបនឹងខែមករា ឆ្នាំ២០២១ មានចំនួន ៣២គម្រោង ផ្ទៃក្រឡាកម្រាលសំណង់ចំនួន ៦៩៦,២៩០ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានវិនិយោគប្រមាណ ៣៣៣,៩៤៣,០៥៩ដុល្លារ ថយចុះ ១៣,៥៨%។

-សមត្ថកិច្ចរដ្ឋបាលរាជធានី/ខេត្ត មានចំនួន ៣៧៤គម្រោង ផ្ទៃក្រឡាកម្រាលសំណង់ចំនួន ១៧០,៨៥០ម៉ែត្រការ៉េ តម្លៃប៉ាន់ស្មានវិនិយោគប្រមាណ ៦៣,៦៣៣,២៧០ដុល្លារ បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២០ មានចំនួន ៤៨៤គម្រោង ផ្ទៃក្រឡាកម្រាលសំណង់ចំនួន ២៧៦,៩១៧ម៉ែត្រការ៉េ ប៉ាន់ស្មានវិនិយោគប្រមាណ ១១៣,១២៩,០៧៧ដុល្លារ ថយចុះ ៤៣,៧៥% បើធៀបនឹងខែមករា ឆ្នាំ២០២១ មានចំនួន ៤២៦គម្រោង ក្រឡាកម្រាលសំណង់ចំនួន ១,០៩៥,៦១៧ម៉ែត្រការ៉េ ប៉ាន់ស្មានវិនិយោគប្រមាណ ៥៥៤,០៩១,០៦០ដុល្លារ ថយចុះ ៨៨,៥២%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)