Register Already an agent ? Login

គម្រោងសាងសង់ទីលានចាក់សំរាមលើផ្ទៃដី ១០ហិកតា នៅខេត្តកំពង់ឆ្នាំង នឹងបញ្ចប់នៅដំណាច់ឆ្នាំនេះ

កំពង់ឆ្នាំង៖ គម្រោងសាងសង់ទីលានចាក់សំរាម លើផ្ទៃដីប្រមាណ ១០ហិកតា ស្ថិតនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គឺជាគម្រោងកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចាប់ផ្ដើមសាងសង់កាលពីខែមេសា ឆ្នាំ២០២០ គ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១នេះ។ បើតាមរដ្ឋបាលខេត្តកំពង់ឆ្នាំង។

 លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ​ រួមជាមួយប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលដំណើរការសាងសង់ទីលានចាក់សំរាម កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១។ បើតាមការបន្តរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។

នាឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្ដល់គម្រោងដ៏មានសារៈសំខាន់នេះដល់ខេត្តកំពង់ឆ្នាំង ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព អនាម័យ បរិស្ថានទីក្រុង ទីប្រជុំជន ធានាបានសុខុមាលភាពល្អប្រសើរជូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ បើតាមការបន្ថែមរបស់រដ្ឋបាលខេត្តដដែល។

បើតាមរដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គម្រោងទាំងមូលរួមមាន កន្លែងចាក់សំរាម ស្រះសម្អាតទឹកកខ្វក់ចេញពីសំរាម ស្រះត្រងទឹកកខ្វក់ អគាររដ្ឋបាល អណ្ដូងសម្រាប់ត្រួតពិនិត្យគុណភាពទឹក ផ្លូវចូលទីលានកប់សំរាម បន្ទប់ម៉ាស៊ីនភ្លើង ប្រព័ន្ធលូរបង្ហូរទឹកភ្លៀង របងព័ទ្ធជុំវិញទីលានចាក់សំរាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)