Register Already an agent ? Login

រោងចក្រចំនួន២ ផលិតគ្រឿងបន្សំស្បែកជើង និងកាបូបគ្រប់ប្រភេទ នៅខេត្តកំពង់ស្ពឺ កណ្ដាល នឹងដំណើរការក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ រោងចក្រផលិតគ្រឿងបន្សំស្បែកជើង ស្ថិតនៅខេត្តកំពង់ស្ពឺ និងរោងចក្រផលិតកាបូបគ្រប់ប្រភេទនិងគ្រឿងបន្ទាប់បន្សំកាបូប ស្ថិតនៅខេត្តកណ្ដាល ដែលមានទុនវិនិយោគសរុបចំនួនប្រមាណ ៨,៥លានដុល្លារ ទទួលបានការចុះបញ្ជីជាស្ថាពរ ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ បើតាមទំព័រហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២​ ខែសីហា ឆ្នាំ២០២១។

ក្រុមហ៊ុនទាំងពីរ ដែលទទួលបាន វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមមាន៖

ក្រុមហ៊ុន SEN WANG YING NEW MATERIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ស្ថិតនៅភូមិចំបក់ផ្អែម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤,១លានដុល្លារ អាចបង្កើតការងារបានចំនួន ៤០៣កន្លែង។

ក្រុមហ៊ុន GIANNI VINCE BAGS (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំកាបូប ស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,៤លានដុល្លារ អាចបង្កើតការងារបានចំនួន ១,១៧១កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)