
ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូលដុលពីការលក់ស្រូវអង្ករ នៅទីផ្សារអន្តរជាតិចំនួន ៧២៦.៩៤លានដុល្លារ ក្នុងរយៈពេល៧ ឆ្នាំ២០២១។ បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបន្តឱ្យដឹងថា ក្នុងចំនួនទឹកប្រាក់នេះ អង្ករលក់បានចំនួន ៣,០៩៨,៦៥តោន គិតជាទឹកប្រាក់ចំនួន ២២៣.៨៥លានដុល្លារ និងស្រូវចំនួន ២,០០៨,២៤១តោន គិតជាទឹកប្រាក់ចំនួន ៥០៣.០៩លានដុល្លារ។
នៅក្នុងខែកក្កដា ឆ្នាំ២០២១ ការនាំចេញអង្កររបស់កម្ពុជា បានចំនួន ២៩,៤១៥តោនគិតជាទឹកប្រាក់ចំនួន ២១.១៨លានដុល្លារ មានការកើនឡើងចំនួន ៣,៥៣ភាគរយ បើធៀបទៅនឹងបរិមាណនាំចេញក្នុងខែកក្កដា ឆ្នាំ២០២០ ឬ កើន ១១,១០ភាគរយ បើធៀបទៅបរិមាណនាំចេញក្នុងខែកក្កដា ឆ្នាំ២០១៩។ បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ «ការនាំចេញអង្ករក្នុងខែទីមួយ នៃឆមាសទី២ ឆ្នាំ២០២១ ចាប់ផ្តើមងើបឡើងបន្តិច»។
បើតាមរបាយការណ៍ដដែលបានបន្តឱ្យដឹងថា សម្រាប់ខែកក្កដានេះ ការនាំចេញអង្ករក្រអូបប្រណិតបានចំនួន ៤៥ភាគរយ អង្ករក្រអូបធម្មតា ( សែនក្រអូប) ៣៥ភាគរយ អង្ករសបាយទន់ ១៧ភាគរយ ហើយអង្ករចំហុយបានចំនួន ៣ភាគរយ ដែលអង្ករទាំងនេះ នាំទៅកាន់សហគមន៍អ៊ឺរ៉ុបចំនួន ៣៦,២១ភាគរយ ប្រទេសចិន ៣៦,១៣ភាគរយ ទីផ្សារសហគមន៍អាស៊ាន ៧,៨៨ភាគរយ ទីផ្សារផ្សេងៗចំនួន ២២គោលដៅ ដូចជា៖ ហ្កាប៊ុង អូស្ត្រាលី អង់គ្លេស ញ៉ូហ្សេលេន ១៩,៧៩ភាគរយ។
សម្រាប់ការនាំចេញស្រូវ ជាពិសេសស្រូវប្រាំងដែលបាននិងកំពុងប្រមូលផល ក្នុងខែកក្កដា នេះបានចំនួន ៣២៥,៤២៨តោន គិតជាទឹកប្រាក់ចំនួនប្រមាណ ៧៨លានដុល្លា។ បើតាមរបាយការណ៍ដដែល បានបន្ថែមថា ការនាំចេញស្រូវក្នុងខែកក្កដា ឆ្នាំ២០២១ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទោះបីជាមានការរាំងស្ទះខ្លះដោយសាវិធានការសុវត្ថិភាពប្រឆាំងកូវីដ-១៩ នៅតាមព្រំដែនជាមួយប្រទេសវៀតណាម ត្រូវបានរឹតបន្តឹងក៏ដោយ។
បើតាមរបាយការណ៍ដដែលនេះបានបញ្ជាក់ឱ្យដឹងថា ប្រទេសកម្ពុជា បាននិងកំពុងប្រមូលផលស្រូវប្រាំងជុំទី២ ចន្លោះពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១ លើផ្ទៃដី ៥៦៣,៣៩៤ហិកតា ដោយរំពឹងថានឹងទទួលបានទិន្នផលជិត ៣លានតោន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)