Register Already an agent ? Login

លទ្ធផលនៃការងារបង្កបង្កើនផលរដូវវស្សា លើផ្ទៃដីសរុបជិត ៣លានហិកតា សម្រេចបានជិត ១០០%

ភ្នំពេញ៖ គិតមកត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លទ្ធផលនៃការងារបង្កបង្កើនផលរដូវវស្សា​ មានដំណាំស្រូវ ដំណាំសាកវប្បកម្ម រយៈពេលខ្លី និងដំណាំឧស្សាហកម្ម រយៈពេលខ្លី លើផ្ទៃសរុប ២,៩៧០,៣៧៥ហិកតា សម្រេចបានជិត​១០០ភាគរយ។ បើតាមរបាយការណ៍​ របស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

នៅក្នុងរបាយការណ៍របស់ លោក វេង សាខុន បានបន្តឱ្យដឹងថា ដំណាំស្រូវ សម្រេចបាន ២,៥៥០,៨៦៤ហិកតា ស្មើនឹង ៩៧,៧៦ភាគរយ នៃផែនការ ២,៦០៩,០៦៥ហិកតា (លឿនជាងឆ្នាំ២០២០ ចំនួន ៩៩,២៧៤ហិកតា) ក្នុងនេះ៖ -ភ្ជួររាស់ដោយគ្រឿងយន្ត សម្រេចបាន ២,៥៣៥,០២២ហិកតា ស្មើនឹង ៩៩,៣៨% - ភ្ជួរដោយគោ/ក្របី មានចំនួន ១៥,៨៤២ហិកតា ស្មើនឹង ០,៦២ភាគរយ។

តាមរបាយការណ៍ដដែលបានបន្តថា ផ្ទៃដំណាំស្រូវជាង ២លានហិកតា ដែលមានការងារព្រួសនិងស្ទូង សម្រេចបានចំនួន ២,៤៥៣,២៩៤ហិកតា ស្មើនឹង ៩៤,០៣ភាគរយ នៃផែនការ ២,៦០៩,០៦៥ហិកតា (លឿនជាងឆ្នាំ២០២០ ចំនួន ១៦៦ ១៣៦ ហ.ត) ក្នុងនេះ៖ -ស្រូវស្រាលសម្រេចបាន ៨៣៤,៧៣២ហិកតា -ស្រូវកណ្តាល ១,១៦៣,០៧៦ហិកតា - ស្រូវធ្ងន់ ៤១៣,៣៩៦ហិកតា -ស្រូវចម្ការ ១៩,៤៤៤ហិកតា -ស្រូវឡើងទឹក ២២,៦៤៦ហិកតា។

បើតាមរបាយការណ៍ដដែល បានបន្តទៀតថា ការប្រមូលផលស្រូវរដូវវស្សា សម្រេចបានចំនួន ១២៣,១៧៣ហិកតា ស្មើនឹង ៥,០២ភាគរយ នៃផ្ទៃដីដែលបានអនុវត្តន៍សរុប (លឿនជាងឆ្នាំ២០២០ ចំនួន ៥៥,៨៣៦ហិកតា) ដែលក្នុងនេះ៖ ទទួលបានទិន្នផលជាមធ្យមចំនួន ៤,០៨៨តោនក្នុង១ហិកតា និងបរិមាណផលចំនួន ៥០៣,៥១៩តោន។

នៅក្នុងរបាយការណ៍របស់ លោក រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងបន្ថែមថា ដំណាំសាកវប្បកម្ម រយៈពេលខ្លី សម្រេចបានចំនួន ៤៨,២០៧ហិកតា ស្មើនឹង ៨៧,៧០ភាគរយ នៃផែនការចំនួន ៥៤,៩៦៦ហិកតា (យឺតជាងឆ្នាំ២០២០ ចំនួន ១,៣៣៥ហិកតា) ដែលក្នុងនេះមានដំណាំសំខាន់ៗ ដូចជា៖ -ពោតសចំនួន ១១,៩៨២ហិកតា -ដំឡូងជ្វាចំនួន ២,៥៣៤ហិកតា -បន្លែគ្រប់មុខចំនួន ៣០,៦៦៧ហិកតា។

របាយការណ៍ដដែលនេះ បានបន្ថែមទៀតថា ដំណាំឧស្សាហកម្ម រយៈពេលខ្លី សម្រេចបាន ៧៣១,៣០៧ហិកតា ស្មើនឹង ៨៩,២២ភាគរយ នៃផែនការចំនួន ៨១៩,៦២៩ហិកតា (លឿនជាងឆ្នាំ២០២០ ចំនួន ២,១២៧ហិកតា) ដែលមានដំណាំសំខាន់ៗ ដូចជា៖ -ពោតក្រហមចំនួន ៧២,៧៣៦ហិកតា -ដំឡូងមីចំនួន ៦០១,៣៤៦ហិកតា -សណ្តែកបាយចំនួន ១៥,២៤៩ហិកតា -សណ្តែកដីចំនួន ៥,៦៧៦ហិកតា -សណ្តែកសៀងចំនួន ១២,២២៥ហិកតា -អំពៅចំនួន ១១,៣៨៥ហិកតា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)