Register Already an agent ? Login

រាជរដ្ឋាភិបាល គ្រោងអភិវឌ្ឍន៍រមណីដ្ឋានឆ្នេរខ្សាច់ខេត្តកែបកម្រិខ្ពស់ប្រវែងជិត ៣ពាន់ម៉ែត្រ ដើម្បីទាក់ទាញទេសចរ

កែប៖ រាជរដ្ឋាភិបាល មានគម្រោងអភិវឌ្ឍន៍រមណីដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈ តាមបណ្តោយឆ្នេរសមុទ្រមានទទឹងប្រវែង ៥០ម៉ែត្រ និងបណ្ដោយប្រវែង ២៧០០ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក)។

គម្រោងអភិវឌ្ឍន៍នេះ ក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍រវាងរដ្ឋនិងឯកជន ក្នុងគោលដៅកែលម្អ និងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈ លម្អសាធារណៈ និងផ្ទៃបៃតងសម្រាប់សាធារណជន និងទេសចរ ក្នុងនោះមានឆ្នេរខ្សាច់កម្សាន្តសាធារណៈ តាមបណ្ដោយឆ្នេរសមុទ្រ មានទទឹងយ៉ាងតិចប្រវែង ៣០ម៉ែត្រ និងសួនច្បារសាធារណៈ និងដាំដើមឈើ នៅលើដីចំណីឆ្នេរសមុទ្រ មានទទឹងប្រវែង ៥០ម៉ែត្រ។

ដោយមានការគាំទ្រ ពី គ.អ.ឆ.ក គម្រោងនេះនឹងអាចដំណើរការបានក្នុងពេលឆាប់ៗនេះ។ បើតាមការថ្លែងរបស់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបន្តថា ឆ្នេរសមុទ្រ ដែលគ្រោងអភិវឌ្ឍន៍ទៅជារមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នេះ លាតសន្ធឹងតាមបណ្តោយផ្លូវលេខ៣៣A ចាប់ពីចំណុចសហគមន៍ព្រៃកោងកាង រហូតដល់ផ្សារក្តាម។

បើតាមសេចក្ដីប្រកាសព័ត៌មាន គ.អ.ឆ.ក បានបន្តឱ្យដឹងថា ចំពោះការរៀបចំផ្លូវចូលឆ្នេរសមុទ្រ និងផ្លូវតាមបណ្តោយឆ្នេរសមុទ្រ រួមមាន៖

ទី១.វិថីចូលឆ្នេរសមុទ្រ ស្ថិតនៅចន្លោះក្បាលដីលេខ១០១២ លេខ១០១៤ លេខ១០១៦ លេខ១០១៩ លេខ១០២០ និងព្រែកកោងកាង ចាប់ពីផ្លូវជាតិលេខ៣៣A ឆ្ពោះទៅសមុទ្រជាផ្លូវមានស្រាប់មានទទឹងប្រវែង ២០ម៉ែត្រ និងបណ្តោយប្រវែង ៥០៣ម៉ែត្រ តាមប្លង់សុរិយោដី។ ផ្លូវនេះ គ្រោងរៀបចំកែលម្អថ្មីជាវិថីចូលឆ្នេរទី១ មានទទឹងប្រវែង ២០ម៉ែត្រ និងបណ្តោយ ប្រវែង ៧២៦ម៉ែត្រ រហូតដល់កន្លែងមើលទេសភាព និងបានរៀបចំជាទម្រង់ស្នែងក្របីដើម្បីជាគ្រឹះនិងទំនប់ការពារឆ្នេរខ្សាច់ថ្មីកុំឱ្យហូរច្រោះ។

ទី២.វិថីចូលឆ្នេរសមុទ្រ ស្ថិតនៅចន្លោះក្បាលដីលេខ១៧៤៥ លេខ១៧៤៦ លេខ១៧៤៧ និងផ្សារក្តាម ចាប់ពីចំណុចប្រសព្វផ្លូវត្រង់ ក្បាលដីលេខ១៧៤៥ ឆ្ពោះទៅសមុទ្រជាផ្លូវមានស្រាប់ មានទទឹងប្រវែង ២០ម៉ែត្រ និងបណ្តោយប្រវែង៥៧ម៉ែត្រ តាមប្លង់សុរិយោដី។ ផ្លូវនេះគ្រោង រៀបចំកែលម្អថ្មីជាវិថីចូលឆ្នេរទី២ មានទទឹងប្រវែង ២០ម៉ែត្រ និងបណ្តោយ រហូតដល់កន្លែងមើលទេសភាព នឹងបានរៀបចំជាទម្រង់ស្នែងក្របីដើម្បីជាគ្រឹះនិងទំនប់ការពារឆ្នេរខ្សាច់ថ្មីកុំឱ្យហូរច្រោះ។

តំបន់ឆ្នេរ កំពុងសិក្សាទីតាំងដើម្បីអភិវឌ្ឍន៍កែលម្អរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់មានចំនួន ២កន្លែង ទី១.ទីតាំងឆ្នេរខ្សាច់កម្សាន្ត ស្តិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។ បើតាមការថ្លែង របស់​ លោក​ សោម ពិសិដ្ឋ ក្នុងកិច្ចប្រជុំកាលពីថ្មីៗ បានបន្តថា ទី២ គឺកែលម្អឆ្នេរខ្យាច់ធម្មជាតិអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរខេត្តកែប។

លោក បានបញ្ជាក់ «ដោយទីតាំងឆ្នេរខ្សាច់ទាំងពីរនេះ នឹងអភិវឌ្ឍន៍ប្រែក្លាយ តំបន់ទេសចរណ៍ដ៏ទាក់ទាញ មានសួនច្បារ ដងផ្លូវធំៗ និងមានគន្លងផ្លូវសម្រាប់ជិះកង់ និងថ្មើជើងផងដែរ។ នឹងក្លាយជាគោលដៅទេសចរណ៍ កាន់តែទាក់ទាញបន្ថែមទៀត ដែលអាចឱ្យអ្នកទេសចរដើរទស្សនាតាមមាត់ឆ្នេរ និងងូតទឹកសមុទ្រកម្សាន្ត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)