Register Already an agent ? Login

រោងចក្រកាត់ដេរចំនួន២ ទុនវិនិយោគជាង ១២លានដុល្លារ CDC បានអនុញ្ញាតឱ្យធ្វើនៅខេត្តកណ្ដាល និងកំពង់ឆ្នាំង

ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគលើវិស័យកាត់ដេរចំនួន២ ទុនវិនិយោគសរុប ១២,៥លានដុល្លារ មានទីតាំងស្ថិតនៅខេត្តកណ្ដាល និងកំពង់ឆ្នាំង ដែលអាចផ្ដល់ការងារបានចំនួន ១,៩៧៣កន្លែង ទទួលបានការអនុញ្ញាតពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ បើតាមទំព័រហ្វេសប៊ុក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

ក្រុមហ៊ុនទាំងពីរ ដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានដូចខាងក្រោម៖

ក្រុមហ៊ុន GENERAL ENTERPRISES GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩៣៧កន្លែង។

ក្រុមហ៊ុន SORTICS ALLIANCE CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ទីតាំងវិនិយោគស្ថិតនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,០៣៦កន្លែង។

ដោយឡែក ក៏មានក្រុមហ៊ុនចំនួនពីរ បានទទួលវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ពីគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរគឺ៖

គម្រោងបង្កើតរោងចក្រវាយនភណ្ឌ របស់ក្រុមហ៊ុន CATHAYA (CAMBODIA) CO., LTD. ទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារ និងបង្កើនការងារបានចំនួន ១៧០នាក់។

គម្រោងបង្កើតរោងចក្រផលិតស្បែកជើង គ្រឿងបន្សំស្បែកជើង និងសម្ភារៈកីឡា របស់ក្រុមហ៊ុន CK SPORTS CO., LTD. ទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន ៥លានដុល្លារ និងបង្កើនការងារបានចំនួនប្រមាណ ២១០នាក់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)