Register Already an agent ? Login

ក្រសួងបរិស្ថាន គ្រោងដាក់ «តំបន់បឹងកាដេ» មានផ្ទៃដីទំហំ ១៦៤៣ហិកតា នៅខេត្តត្បូងឃ្មុំ ជាតំបន់ការពារធម្មជាតិ

ត្បូងឃ្មុំ៖ ក្រសួងបរិស្ថាន គ្រោងការដាក់តំបន់បឹងកាដេ មានផ្ទៃដីទំហំ ១៦៤៣ហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាតំបន់ការពារធម្មជាតិ ដែលមានសក្ដានុពលសម្រាប់អភិរក្សសេនេទិច និងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិផងដែរ។ បើតាមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពី «ការដាក់តំបន់ខាងលើជាតំបន់ការពារធម្មជាតិ» តាមរយៈប្រព័ន្ធ ZOOM ក្រោមអធិបតីភាព លោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ២០២១។

សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាប្រមូលធាតុចូល និងមតិគាំទ្រគ្រប់ស្ថាប័នក្នុងការដាក់បញ្ចូលតំបន់បឹងកាដេ ជាតំបន់ការពារធម្មជាតិ។ បើតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន។

ក្រសួងបានបន្តថា អង្គសិក្ខាសាលាក៏បានស្តាប់នូវបទបង្ហាញ ស្តីពីស្ថានភាពជីវៈចម្រុះ និងសក្តានុពលរបស់តំបន់បឹងកាដេ និងដំណើរការដាក់បញ្ចូលតំបន់បឹងកាដេ ជាតំបន់ធម្មជាតិ ដែលរៀបរៀងដោយនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប។ ជាលទ្ធផលអង្គសិក្ខាសាលាមានការឯកភាពក្នុងការដាក់បញ្ចូលបឹងកាដេជាតំបន់ការពារធម្មជាតិ។

បឹងកាដេ ជាតំបន់ដីសើមមួយកន្លែង ដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅក្នុងឃុំជីនីក ឃុំរកាខ្នុរ និង​ឃុំឈូក នៃ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ហើយបឹង​នេះសម្បូរទៅដោយធនធានធម្មជាតិ​ជាច្រើនសន្ធឹក​សន្ធាប់រួម​មាន៖ ព្រៃ​លិចទឹក ៧៥ប្រភេទ មច្ឆជាតិចំនួន ៥៦ប្រភេទ សត្វស្លាបចំនួន ៦៤ប្រភេទ ល្មូនចំនួន ២០ប្រភេទ ថនិកសត្វចំនួន៩ប្រភេទ និងសិប្បីសត្វចំនួន ១០ប្រភេទ ព្រមទាំងមានវត្តមានបណ្ដុំតែដើមចាប្រមាណ ១០០ហិកតា និងបណ្ដុំតែផ្ដៅ និងល្ពាក់ប្រមាណ ៥០ហិកតា។ បើតាមការឱ្យដឹងពីក្រសួងបរិស្ថាន។

«បឹងកាដេ មានសក្ដានុពលសម្រាប់អភិរក្សសេនេទិច និងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិផងដែរ»។ បើតាមការបញ្ជាក់របស់ ក្រសួងបរិស្ថាន បានបន្តឱ្យដឹងថា ការចុះសិក្សាក៍បានរកឃើញបញ្ហាប្រឈមមួយចំនួនដូចជា ការលួចទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ការលួចប្រើឧបករណ៍នេសាទខុសច្បាប់ សកម្មភាពបរបាញ់សត្វ​ព្រៃ និងការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មជាដើម។

សូមរម្លឹកថា កាលពីថ្មីៗនេះ ក្រសួងបរិស្ថាន ក៏កំពុងរៀបចំកាត់យកដីតំបន់ការពារទេសភាពដីសើមបឹងព្រែកល្ពៅស្ថិតនៅក្នុងខេត្តតាកែវទំហំជាង ៤ម៉ឺនហិកតា ឱ្យក្លាយជាទីតំបន់ការពារលំដាប់អន្តរជាតិ ឬហៅថាតំបន់រ៉ាមសារ (Ramsar) ផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)