Register Already an agent ? Login

ខេត្តកំពតនឹងមានទីលានចាក់សំរាមលើផ្ទៃដី ១០ហិកតា ក្រោមគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២ ឥណទានពី ADB ២លានដុល្លារ

កំពត៖ គម្រោង សាងសង់ទីលានចាក់សំរាមនៅខេត្តកំពត លើផ្ទៃដី ១០ហិកតា ដែលជាឥណទានពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ២លានដុល្លារ ទទួលការសាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណនីហរ័ណ ដឹកជញ្ជូន និងសំណង់ រយៈពេល ១ឆ្នាំ។ បើតាមរដ្ឋបាលខេត្តកំពត បានបន្តឱ្យដឹងថា ទីលានចាក់សំរាមនេះ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យសាងសង់តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២។

​លោក ជាវ តាយ អភិបាលខេត្តកំពត អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះទៅពិនិត្យដល់ទីតាំងនៃការដ្ឋានសាងសង់ទីលានចាក់សំរាមសម្រាប់ទីក្រុងកំពត ដែលបាននឹងកំពុងដំណើរការសាងសង់ស្ថិតនៅក្នុងឃុំថ្មី ស្រុកទឹកឈូខេត្តកំពត នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។ បើតាមការបន្តរបស់រដ្ឋបាលខេត្តកំពត។

បញ្ហាអនាម័យបរិស្ថាន ក៏ដូចជាទីលានកន្លែងទុកដាក់និងចាក់សំរាម គឺជាបញ្ហាសំខាន់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន តែងតែជំរុញដល់អាជ្ញាធរថ្នាក់ក្រោមជាតិឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងជាប្រចាំ ក្នុងការរួមចំណែកធ្វើឱ្យបរិស្ថានបានកាន់តែល្អប្រសើរឡើង។ បើតាមការថ្លែងរបស់ លោក ជាវ តាយ។

លោក អភិបាលខេត្តកំពត បានថ្លែងបន្តថា ដោយឡែកសម្រាប់ទីក្រុងកំពតបច្ចុប្បន្ន បញ្ហាសំរាមបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃទាមទារឱ្យរដ្ឋបាលខេត្តត្រូវតែយកចិត្តទុកដាក់ ពីទីកន្លែងសម្រាប់ទុកដាក់សំរាម ឱ្យបានកាន់តែប្រសើរទៅថ្ងៃអនាគត។

នាឱកាសចុះពិនិត្យនេះ លោក ជាវ តាយ បានណែនាំឱ្យជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាសហការជាមួយនឹងក្រុមហ៊ុនម៉ៅការឱ្យបានល្អ ដើម្បីដំណើរការកសាងទីលានចាក់សំរាមនេះបានលឿនឆាប់រហ័ស ទៅតាមគម្រោង ក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រដ្ឋបាលខេត្ត និងក្នុងការលើកកំពស់អនាម័យបរិស្ថានក្នុងក្រុងកំពតឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

បើតាមរដ្ឋបាលខេត្តកំពតបានឱ្យដឹងទៀតថា គម្រោងនេះបានចាប់ អនុវត្តកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ទី១.ទីលានចាក់សំរាម២ថត ចំនួន២, ទី២.ស្រះទឹកសំអាតទឹកកខ្វក់ចេញពីសំរាមចំនួន២, ទី៣.ទីលានត្រង់ទឹកកខ្វក់និងលំហួត, ទី៤.អាគាររដ្ឋបាល និងប៉ុស្តិ៍យាម, ទី៥.អណ្ដូងទឹកសម្រាប់ត្រួតពិនិត្យគុណភាពទឹក។

ទី៦.ជួសជុលផ្លូវចូលទីលានកប់សំរាម, ទី៧.កន្លែងថ្លឹងរថយន្ត, ទី៨.កន្លែងស្តុក និងញែកសំរាម និងទី៩.ធ្វើរបងព័ទ្ធជុំវិញទីលានចាក់សំរាម ដែលបច្ចុប្បន្ន ការអនុវត្តគម្រោងសាងសង់នេះបានប្រមាណ ១៦ភាគរយហើយ៕

ដោយ៖ មឿន​ ឌីណា (Moeun Dyna)