Register Already an agent ? Login

ក្រសួងចេញបណ្ណកម្មសិទ្ធិដីបានចំនួនជាង ៦លានបណ្ណ ស្មើនឹងជាង ៨៧% ប្រមាណ ៧លានក្បាលដី

ភ្នំពេញ៖ សរុបលទ្ធផលពីការចាប់ផ្ដើមអនុវត្តដល់ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៦,១១០,៩៣៤បណ្ណ ស្មើនឹង៨៧,៣ភាគរយ នៃក្បាលដីប៉ាន់ស្មាន ៧លានក្បាលដី។ បើតាមរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២១ របស់ក្រសួងរៀបចំដែនដី បានបន្តថា ក្នុងនោះមានការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ និងលក្ឋណៈដាច់ដោយដុំ។

នៅក្នុងរបាយការណ៍ខាងលើ បានឱ្យដឹងបន្តថា ការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធសម្រេចបាន ៥,៤៨៩,៦៧៥បណ្ណ និងចែកបណ្ណជូនប្រជាពលរដ្ឋបាន ៥,១១៧,១៣៧បណ្ណ (ក្នុងនោះតាមបទបញ្ជាលេខ០១បប បានចំនួន ៦៤២,៦០៣បណ្ណ សម្បទានដីសង្គមកិច្ចចំនួន ១៧,៩៩៣បណ្ណ)។

ការចុះបញ្ជីដីលក្ខណៈដាច់ដោយដុំសម្រចបាន ៦២១,២៥៩បណ្ណ ក្នុងនោះដីរដ្ឋ ១៦៨ទីតាំង ចំនួន ១,៩៥៨បណ្ណ ទំហំ ៨៣៩,៦៦៥ហិកតា (ដីរដ្ឋគោលដៅផ្ដល់សម្បទានដីសេដ្ឋកិច្ច ១៦៣ទីតាំង ចំនួន ១,៨៩៥បណ្ណ ទំហំ៦៥៩,២៥៨ហិកតា ទំបន់ការពាររបស់ក្រសួងបរិស្ថាន ៥ទីតាំង ចំនួន ៦៣បណ្ណ ទំហំ ១៨០,៣៩៧ហិកតា) ដីឯកជនរបស់បុគ្គលឯកជនបានចំនួន ៦១៨,៤៤៥បណ្ណ និងដីសហគមន៍ជនជាតិដើមភាគតិចបាន ៣សហគមន៍ ស្មើនឹង ៨៥៦បណ្ណ ទំហំ៣៣,៨៩៩បណ្ណ សម្រាប់ ៣,២៣៥គ្រួសារ។

ដោយឡែក ការចុះបញ្ជីដីគរុភណ្ឌរបស់វត្តបានចំនួន ១,៩៣៣វត្ត​ស្មើនឹង ២,៤០០បណ្ណ (ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបាន ២,០៨១បណ្ណ និងដាច់ដោយដុំបានចំនួន ៣១៩បណ្ណ)។

របាយការណ៍របស់ក្រសួងរៀបចំដែន បានបន្តទៀតថា បើតាមសរុបលទ្ធផលខាងលើដដែល ក្រសួងបានចុះបញ្ជីសិទ្ធិជួលអចិន្រ្តៃយ៍ចំនួន ៥៤១បណ្ណ ស្មើនឹង ៧៨,៨៥០ហិកតា ចុះបញ្ជីសិទ្ធិសម្បទានដីសេដ្ឋកិច្ចចំនួន ៤០៩បណ្ណ ស្មើនឹង ២៤៣,៦៥១ហិកតា ចុះបញ្ជីពីការផ្ទេរសិទ្ធិចំំនួន  ៣២៩,៥៦៤ករណី និងចុះបញ្ជីសិទ្ធិប្រាតិភោគ (ដាក់បញ្ចាំ/ហ៊ីប៉ូតេក) ចំនួន ១៨១,០៤៦ករណី និងចុះបញ្ជីបំបែកក្បាលដីបុរីចំនួន ១១៥បុរី ស្មើនឹង ៣៣,២៩១បណ្ណ។

សរុបលទ្ធផលពីការចាប់ផ្ដើមអនុវត្តថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០២០ ដល់ខែកុម្ភៈ ឆ្នាំ២០២១ បានវាស់វែងចំនួន ៤,០៥៤ក្បាលដី បំពេញតម្រង់បែបបទនៃការប្រមូលទិន្នន័យក្បាលដីបានចំនួន ២ ៨៤២ក្បាលដី និងគូរក្បាលដីបានចំនួន ៣,៣២៨ក្បាលដី។ បើតាមការរម្លឹកនៅក្នុងរបាយការណ៍ដដែល បានបន្ថែមទៀតថា សរុបលទ្ធផលពីការចាប់ផ្ដើមអនុវត្ត ឆ្នាំ២០១១ ដល់ខែកុម្ភៈ ឆ្នាំ២០២១ បានចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិចំនួន ៣៧,០៨៧បណ្ណ (រាជធានីភ្នំពេញចំនួន ៣០,៦៧៩បណ្ណ ខេត្តព្រះសីហនុចំនួន ៦,៣៨៦បណ្ណ និងខេត្តសៀមរាប ១៣បណ្ណ) និងចុះបញ្ជីផ្ទេរកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេសចំនួន ១០,១៥២ចំណែកកម្មសិទ្ធិ (ខ្មែរចំនួន ២,៤២៤បណ្ណ ជនបរទេសចំនួន ៧,៤៦៤បណ្ណ និងក្រុមហ៊ុនចំនួន ២៦៤បណ្ណ)។

បើតាមរបាយការណ៍ដដែលបានបន្ថែមទៀតថា សរុបលទ្ធផលពីការចាប់ផ្ដើមអនុវត្តពីឆ្នាំ២០០៣ ដល់ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មការសុរិយោដីក្រុង ស្រុក ខណ្ឌ បានបទទួលពាក្យបណ្ដឹងចំនួន ៩,០១៣ករណី ដោះស្រាយបញ្ចប់និតិវិធីចំនួន ៨,២២៥ករណី (ក្នុងនោះបញ្ចប់ជាស្ថាពរចំនួន ៤,២៩៣ករណី ច្រានចោលពាក្យបណ្ដឹងបន្ទាប់ពីស៊ើបអង្កេតឃើញថា ខុសសមត្ថកិច្ចចំនួន ២,៩៧៧ករណី និងភាគីស្នើសុំដកពាក្យបណ្ដឹងចំនួន ៩៥៥កណី) និងកំពុងដោះស្រាយចំនួន ៧៨៨កតណី។ លទ្ធផលនេះ ក្រុមដោះស្រាយវិវាទដីធ្លីចល័តក្រុង ស្រុក ខណ្ឌ អនុវត្តបានចំនួន ៣,០៦៩ករណី (ក្នុងនោះបញ្ចប់ជាស្ថាពរចំនួន ៩៨៩ករណី ច្រានចោលពាក្យបណ្ដឹងបន្ទាប់ពីស៊ើបអង្កេតចំនួន ១,១៤៤ករណី ភាគីស្នើសុំដកពាក្យចំនួន ៤៨៨ករណី និងបញ្ជូនទៅគណៈកម្មការសុរិយោដីថ្នាក់ខេត្តចំនួន ៣៤៨ករណី)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)