Register Already an agent ? Login

ក្រសួងរៀបចំដែនដី ប្រមូលចំណូលចូលជាតិបានជិត ៦លានដុល្លារ ពីវិស័យអចលនទ្រព្យ

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីខែកុម្ភៈ ឆ្នាំ២០២១ ប្រមូលចំណូលចូលជាតិបានចំនួន ២៤,២៨៧,៦៩៣,៦០០រៀល (គិតជាដុល្លារ ៥,៩៧៤,៧៧៣ដុល្លារ) កើនឡើង ១៣៦ភាគរយ បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២០ ហើយក៏កើនឡើង ១៤,៤០ភាគរយ បើធៀបនឹងខែមករា ឆ្នាំ២០២១ គិតទាំងពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យ។ បើយោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២១ របស់ក្រសួងរៀបចំដែនដី ចុះថ្ងៃទី៤​ ខែមីនា ឆ្នាំ២០២១។

 នៅក្នុងរបាយការណ៍ខាងលើបានឱ្យដឹងបន្តថា ចំនួនចំណូលខាងលើរួមមាន៖ ទី១.ចំណូលរបស់រដ្ឋបាលកណ្ដាលចំនួន ១,០២៧,៩២២,៦០០រៀល (គិតជាដុល្លារ ២៥២,៨៦៩ដុល្លារ) ក្នុងនោះមាន -សេវាសំណង់ទូទៅចំនួន ១,០២៧,៤០៥,៥០០រៀល (គិតជាដុល្លារ ២៥២,៧៤១ដុល្លារ) -សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិកត្រូនិក ចំនួន ៥២១,១០០រៀល (គិតជាដុល្លារ ១២៩ដុល្លារ)។

ទី២.ចំណូលរបស់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ចំនួន ២៣,២៥៩,៧៧១,០០០រៀល (​គិតជាដុល្លារ ៥,៧២១,៩០៤ដុល្លារ) ក្នុងនោះ -សេវាសុរិយោដី ដែលមានលក្ខណៈជាប្រព័​ន្ធ និងដាច់ដោយដុំ ចំនួន ៧,០០៦,១៤១,៥០០រៀល (គិតជាដុល្លារ ១,៧២៣,៥១១ដុល្លារ) -សេវាសំណង់ទូទៅចំនួន ៣,៨០១,៥២៤,០០០រៀល (គិតជាដុល្លារ ៩៣៥,១៧៥ដុល្លារ) -ពន្ធប្រថាប់ត្រា (អគ្គនាយកពន្ធដារ) ចំនួន ១២,៥៤២,១០៥,៥០០រៀល (គិតជាដុល្លារ ៣,០៦៣,២១៨ដុល្លារ)។

បើតាមរបាយការណ៍ខាងលើបានបន្តឱ្យដឹងថា ការផ្ដល់សេវាសាធារណៈតាមច្រកចេញចូលតែមួយរួមមាន៖ -គម្រោងស្នើសុំសរុបចំនួន ២៦,៨៨៧គម្រោង ក្នុងនោះថ្នាក់កណ្ដាលចំនួន ១២៨គម្រោង និងថ្នាក់រាជធានី/ខេត្តចំនួន ១៦,៧៥៩គម្រោង -គម្រោងដែលបានអនុញ្ញាតរួចមានចំនួន ១៥,១៧៣គម្រោង ក្នុងនោះថ្នាក់កណ្ដាលចំនួន ១០២គម្រោង និងថ្នាក់រាជធានី/ខេត្តចំនួន ២៥,០៦១គម្រោង។

នៅក្នុងរបាយការណ៍នេះបានបញ្ជាក់ ចំណូលបានពីការផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយ មានចំនួន ៧,៨៣៦,៣៩២,២៣១ (គិតជាដុល្លារ ១,៩២៧,៧៥៣ដុល្លារ) ក្នុងនោះ ថ្នាក់កណ្ដាលចំនួន ២៥២,៧៤១ដុល្លារ និងថ្នាក់រាជធានី/ខេត្តចំនួន ១,៦៧៥,០១២ដុល្លារ៕

ដោយ៖​ មឿន ឌីណា (Moeun Dyna)