Register Already an agent ? Login

ខេត្តកណ្ដាល ទទួលបានការវិនិយោគបង្កើតរោងចក្រកាត់ដេរចំនួន៣ មានទុនសរុប ៤៥,១លានដុល្លារ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន ៣ បង្កើតរោងចក្រនៅខេត្តកណ្ដាល ដែលមានទុនសរុប ៤៥,១លានដុល្លារ ដែលអាចផ្ដល់ការងារចំនួន ៦,២២៦កន្លែង។ ជាមួយគ្នា ក្រុមហ៊ុនកាត់ដែរ ១ទៀត ក៏ទទួលបានការចុះបញ្ជីជាស្ថាពរផងដែរ មានទីតាំងនៅខេត្តតាកែវ ទុនប្រមាណ ៦លានដុល្លារ អាចផ្ដល់ការងារចំនួន ១,៩២៩កន្លែង។

ក្រុមហ៊ុនទាំង៤ ដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដូចខាងក្រោម៖

១.គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងខ្សែក្រវាត់ របស់ក្រុមហ៊ុន HONG CEN MAX LEATHER PRODUCTS CO., LTD ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៧៦កន្លែង។

២.គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន TOP FORM (CAMBODIA) MANUFACTURING COMPANY LIMITED ដែលមានទីតាំងស្ថិតនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៨៥០កន្លែង។

៣.គម្រោងបង្កើតរោងចក្រកាត់ដេរ ចាក់សម្លៀកបំពាក់ និងផលិត ម៉ាស របស់ក្រុមហ៊ុន NEW WIDE APPAREL CO., LTD ដែលមានទីស្ថិតនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣,៧០០កន្លែង។

៤.គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន REMSTEX FASHION CO., LTD ដែលមានទីតាំង ស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៩២៩កន្លែង៕

ដោយ៖ មឿន​ឌីណា (Mouen Dyna)