Register Already an agent ? Login

វិស័យដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជាធ្លាក់ ៩៤% ខណៈការដឹកទំនិញវិញបានកើនឡើងបន្តិច

ភ្នំពេញ៖ ការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍ នៅតាមប្រទេសនីមួយៗបានដាក់ចេញនូវវិធានការសុខាភិបាលផ្សេងៗគ្នា។ នៅកម្ពុជា វិស័យអាកាសចរណ៍បានធ្លាក់ចុះពីចន្លោះ ៩២ ទៅ៩៤ភាគរយ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២១ ប៉ុន្តែការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស មិនធ្លាក់ចុះនោះទេ។ បើតាមការថ្លែងឱ្យដឹងពី លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។

លោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ «ការងើបឡើងវិញបន្តិច នៃការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ដោយសារតែមានតម្រូវការប្រើប្រាស់ទំនិញច្រើន ដូចជា ទំនិញតាមអនឡាញ និងការដឹកជញ្ជូនទំនិញផ្សេងៗទៀត ជាពិសេសការដឹកជញ្ជូនវ៉ាក់សាំង ម៉ាស និងបរិក្ខាពេទ្យជាដើម«។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានថ្លែងឱ្យដឹងបន្តទៀតថា រយៈពេល ៥ខែ ឆ្នាំ២០២១ អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា ទទួលបានអ្នកដំណើរបានចំនួន ១១៥,៣៥៣នាក់ ស្មើនឹង ៤,១៣៤ជើង ខណៈការដឹកជញ្ជូនទំនិញមានចំនួន ២២,៩៧៣តោន។

បើតាមការព្យាករណ៍របស់អ្នកជំនាញ ការធ្វើដំណើរតាមផ្លូវអាកាស អាចនឹងល្អប្រសើរឡើងវិញ នៅក្នុងឆ្នាំ២០២៣ខាងមុខ។ បើតាមការរំពឹងរបស់ក្រុមហ៊ុនផលិតយន្ដហោះធំៗ២ គឺ Boeing និង Airbus ការហោះហើរមានភាពប្រក្រតីភាពឡើងវិញ អាចក្នុងអំឡុងឆ្នាំ២០២៣-២០២៤ ខាងមុខផងដែរ។

ចុងសប្ដាហ៍ទីបីនៃខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលភ្ញៀវទេសចរប្រមាណ ៦៣,៤៨៨នាក់ ក្នុងនោះភ្ញៀវជាតិ ៦២,៣៩៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,០៩៤នាក់។ បើតាមការថ្លែងឱ្យដឹងពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា​ចំនួននេះមានការថយចុះប្រមាណ ៩,២២ភាគរយ ធៀបនឹងសប្តាហ៍កន្លងមក។

បើទោះបីចំនួនភ្ញៀវទេសចរផ្ទៃក្នុងបានបន្តថយចុះក្នុងសប្តាហ៍នេះ ប៉ុន្តែគោលដៅទេសចរណ៍អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេង នៅតែទទួលបានចរន្តភ្ញៀវទេសចរគួរឱ្យកត់សម្គាល់។ បើតាមការបន្តរបស់ លោក ថោង ​ខុន បានបន្ថែមថា ចរន្តភ្ញៀវទេសចរផ្សងព្រេងនេះ មិនត្រឹមតែរួមចំណែកបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈដំណើរកម្សាន្តដែលមានការទទួលខុសត្រូវ ការរក្សាគម្លាតសុវត្ថិភាព និងកាត់បន្ថយការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំ។

សូមរម្លឹកថា នៅឆ្នាំ២០២០ ចំនួនអ្នកដំណើរតាមផ្លូវអាកាស មកកម្ពុជាមានជាង ២លាន ដែលចំនួននេះមានការធ្លាក់ចុះជាង ៨០ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ មូលហេតុចម្បងនៃការធា្លក់ចុះនេះ គឺដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យប៉ះពាល់ដល់វិស័យអាកាសចរណ៍នៅទូទាំងសកលលោក និងធ្វើឱ្យប្រទេសជាច្រើនបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)