Register Already an agent ? Login

ផ្លូវជាតិលេខ៥ ក្រោយពីសាងសង់រួច នឹងធ្វើឱ្យខេត្តកំពង់ឆ្នាំង មានសក្តានុពលផ្នែកវិស័យទេសចរណ៍

កំពង់ឆ្នាំង៖​ ខេត្តកំពង់ឆ្នាំង ​នឹង​ក្លាយជា​គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កម្សាន្ត បន្ទាប់ពី​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​នៃ​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគខាងត្បូង ដាក់ឱ្យ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​។ បើតាមការថ្លែងរបស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា «ក្រោយពី​ផ្លូវ​នេះ​ត្រូវ​បាន​សាងសង់​រួចរាល់​នឹង​ធ្វើឱ្យ​ខេត្ត​កំពង់ឆ្នាំង​ក្លាយ​ជា​ខេត្ត​ដែលមាន​សក្តានុពល​ផ្នែក​វិស័យ​ទេសចរណ៍»។

​ការថ្លែងខាងលើរបស់ អភិបាលខេត្តកំពង់ឆ្នាំង ខណៈ​ដែល​លោក​បាន​ដឹកនាំ​ក្រុមមន្ត្រី​ និងក្រុមការងារ​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៥ ចុះ​ពិនិត្យ​ដំណើរការ​សាងសង់​រូបសំណាក​ឆ្នាំង​នៅ​រង្វង់​មូល​ត្រង់ចំណុច​ផ្លូវបំបែក វាង​ក្រុង​កំពង់ឆ្នាំង ស្ថិត​ក្នុង​ភូមិ​ព្រៃខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ និង​បាន​ចូលរួម​ដាំ​កូនឈើ​តាម​បណ្តោយ​ផ្លូវភ្លោះ​វាង​ក្រុង ស្ថិត​ក្នុង​ឃុំ​ជ្រៃបាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃទី​ ១៥ ​ខែ​កក្កដា​ឆ្នាំ ២០២១​។

លោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងបន្តថា ខេត្ត​នឹងមាន​គម្រោង​បន្ថែមទៀត​ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគិន​ជាតិ និង​អន្តរជាតិ និងបានសូម​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់​ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​សុខ​សុវត្ថិភាព​យើង​ទាំងអស់​គ្នា​។

លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោងស្ថាបនាផ្លូវជាតិលេខ៥ បានថ្លែងឱ្យដឹងថា ចំពោះគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្ដាម-ធ្លាម្អម) មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) ជាផ្លូវក្រាលបេតុងកៅស៊ូAC ចែកជា ២គន្លងទៅ២គន្លងមក គ្រោងសាងសង់រយៈពេល ៤៨ខែ ជាគម្រោងហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ឈឹម ផល្លា បានថ្លែងបន្តថា សម្រាប់ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង មានប្រវែង ៩៣,៥៤គីឡូម៉ែត្រ មានផ្លូវវាងចំនួន ៣កន្លែង គឺទីតាំងទី១ ក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ត្រង់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ កំពុងសាងសង់រូបសំណាកព្រះគោព្រះកែវ។

ទីតាំងទី២ ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ត្រង់ចំណុចផ្លូវបំបែកវាងក្រុងកំពង់ឆ្នាំង កំពុងសាងសង់រូបសំណាកឆ្នាំង មានកម្ពស់ ១២,៦០ម៉ែត្រ(ពីជើងទម្រ) និងទីតាំងទី៣ ក្នុងភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ត្រង់ចំណុចចុងផ្លូវវាងក្រុងកំពង់ឆ្នាំង បានសាងសង់រូបនារីស្មូនឆ្នាំង។

ការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ តាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍ ព្រមទាំងអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ បើតាមការថ្លែងបន្ថែមរបស់ លោក លោក ឈឹម ផល្លា៕

ដោយ៖ មឿន ​ឌីណា (Moeun Dyna)