Register Already an agent ? Login

ឆមាសទី១ ឆ្នាំ២០២១ ចិនឈរលំដាប់ទី១ នៃការវិនិយោគនៅកម្ពុជា ទុនសរុបប្រមាណ ២ពាន់លានដុល្លារ

ភ្នំពេញ៖ ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ ចាប់ពី​ខែមករា ដល់​ខែមិថុនា ប្រទេសចិនឈរនៅលំដាប់លេខរៀងទី១ ដែលបានបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា មានទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារ ស្មើនឹង ៦៩ភាគរយ នៃការវិនិយោគសរុបរបស់កម្ពុជា។ បើតាមការថ្លែងរបស់ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផ្ដល់បទសម្ភាស​ឱ្យទូរទស្សន៍ BTV កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។

គម្រោង​សំខាន់ៗ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា មានដូចជា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ​ គម្រោង​រោងចក្រ​អគ្គិសនី​ ដើរ​ដោយ​ធ្យូងថ្ម​នៅ​ខេត្ត​ព្រះសីហនុ និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ជាដើម​។ បើតាមការបញ្ជាក់ របស់ លោក Wang Wentian បានរម្លឹកថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០២០ មានចំនួនរហូតដល់ ៩,៥៦ពាន់លានដុល្លារ កើនឡើង ១,៤ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩។

«កម្ពុជា-ចិន គ្រោង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យដល់ ១០ពាន់​លាន​ដុល្លារ ​នៅ​ឆ្នាំ​២០២៣»​។ បើតាមការបញ្ជាក់ របស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក Wang Wentian បានបញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​លើ​គ្រប់​វិស័យ​រវាង​ភាគី​ទាំង២ ​ត្រូវបាន​លើកកម្ពស់​កាន់តែ​ស៊ីជម្រៅ និង​ដើរតួនាទី​យ៉ាងសកម្ម​នៅក្នុង​សេដ្ឋកិច្ចកម្ពុជា ដោយ​យកឈ្នះ​ជាមួយ​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​-១៩​។ ​ទន្ទឹមនឹងនេះ​ភាគី​ចិន​នឹង​រីករាយ​ក្នុង​ការបន្ត​ពង្រឹង​សហប្រតិបត្តិការ​ជាក់ស្តែង​ជាមួយ​នឹង​កម្ពុជា​លើ​គ្រប់​វិស័យ ដើម្បី​ជួយ​កម្ពុជា​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ។

បើតាម ភ្នំពេញ​ប៉ុស្តិ៍​ ដែលបានស្រង់សំដី លោក ហុង វណ្ណៈ ជាអ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជាដូច្នេះថា​ ការវិនិយោគ​របស់​ចិន​មក​ប្រទេស​កម្ពុជា គឺ​មានន័យ​ថា ចិន​បាន​លើក​គម្រោង​វិនិយោគ​មក​កម្ពុជា ប៉ុន្តែ ​គម្រោង​មួយ​ចំនួន​មិនទាន់​បាន​បង្ហូរ​ហិរញ្ញវត្ថុ និង​សកម្មភាព​នៅឡើយ​ទេ ខណៈ​មាន​គម្រោង​ខ្លះទៀត គឺជា​គម្រោង​បើកមុខ ដែល​ត្រូវ​ស្វែងរក​អ្នកវិនិយោគ ដើម្បី​ចូលមក​វិនិយោគ​នៅ​កម្ពុជា​។

ទោះបីយ៉ាងណា​ក៏​ការវិនិយោគ​នេះ​នៅមានកម្រិត​នៅឡើយ ព្រោះ​ប្រាក់​វិនិយោគ​មានតែ​នៅលើ​ក្រដាស តែ​ការអនុវត្ត​ជាក់ស្តែង​មិនបាន​ច្រើន​ដូច​អ្វី​ដែលមាន​ពិតប្រាកដ​នេះ​ទេ ដូច្នេះ​ទើប​មិនមាន​វិបត្តិ​អ្វី​កើតឡើង​ ដោយសារ​តែ​ការវិនិយោគ​របស់​ចិន​ច្រើន​លើសលប់​នេះ​ទេ​។ បើតាមការថ្លែងបន្តរបស់ លោក ហុង វណ្ណៈ បានបន្ថែមថា ការវិនិយោគ​របស់​ចិន​ចូលមក​នេះ គឺ​ដោយសារ​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​ទាំង២ ព្រម​ជាមួយ​ការតភ្ជាប់​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា-ចិន​។

បើតាម ភ្នំពេញ​ប៉ុស្តិ៍​ដដែល បានស្រង់សំដី អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាង ថៃ ដូច្នេះថា នៅពេល​ប្រទេស​ទាំង២ ផ្តល់​សច្ចាប័ន ​កម្ពុជា​រំពឹង​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដូចជា៖ ការទទួល​បាន​ទីផ្សារ​កាន់តែ​ធំ​ទូលាយ ដោយសារ​មាន​កម្មវិធី​បញ្ចុះ​ពន្ធ ​គឺ​ភាគី​កម្ពុជា​ទទួល​បាន​ភាពអនុគ្រោះ​ច្រើនជាង​អ្វីដែល​កម្ពុជា​ផ្ដល់ឱ្យ​ភាគី​ចិន​, លំហូរ​ទំនិញ​ពី​កម្ពុជា​នឹងមាន​ភាពងាយស្រួល​ជាង​មុន និង​ឱកាស​ទាក់ទាញ​វិនិយោគ​ពី​ក្រៅ​ប្រទេស​ចូលមក​វិនិយោគ​នៅ​កម្ពុជា​។

លោក ស៊ាង ថៃ បានបញ្ជាក់ «ទំនិញ​កម្ពុជា​ជាង ៣០០​មុខ ​អាច​នឹង​នាំទៅ​ចិន​ដោយ​មិន​គិត​ពន្ធ​នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ចិន ដែល​រំពឹង​ចូល​ធរមាន​នៅ​ដើមឆ្នាំ​២០២២ ខាងមុខ​ ក្នុងចំណោម​មុខទំនិញ​ជាង ៣០០ ​នេះ គឺ​ផលិតផល​កសិកម្ម ៩៥​ភាគរយ ​ត្រូវ​រួច​ពន្ធ​សម្រាប់​ការនាំចេញ​។

បើតាមគេហទំព័រអចលនទ្រព្យអាស៊ី ដែលបានស្រស់សំដី លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដូច្នេះថា ការវិនិយោគរបស់ចិន មានច្រើនណាស់នៅអាស៊ី និងពិភពលោក ហើយបើនិយាយពីការវិនិយោគអចលនទ្រព្យវិញ ការវិនិយោគជនជាតិចិន ចូលចិត្តកសាងបណ្ដុំសហគមន៍របស់គេ។

លោកបានបានបន្តថា នៅក្នុងប្រទេសកម្ពុជា តំបន់ពីរដែលជនជាតិបានចាប់ផ្ដើមកសាងសហគមន៍របស់គេ គឺនៅក្នុងខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ រួមទាំងផ្នែកខ្លះនៃខេត្តកោះកុង (តារាសាគរ)៕

ដោយ៖ មឿន​ ឌីណា (Moeun Dyna)