Register Already an agent ? Login

ផ្លូវ ១ខ្សែប្រវែងជិត ៣០គីឡូម៉ែត្រ នៅខេត្តកំពង់ចាមបានបើកការដ្ឋាន គម្រោងចំណាយជាង ៣លានដុល្លារ

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម និងមន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជននិងកីឡា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ២ជាន់ ប្រភេទ DBST និងផ្លូវបេតុង ១ខ្សែ មានប្រវែង ២៧,៣៥១ម៉ែត្រ ចាប់ពីចំណុចភូមិបឹងត្រាវ ឃុំសូរគង ឆ្លងកាត់ឃុំរាយប៉ាយ ឆ្ពោះទៅដល់ស្ពានអន្លង់គគីរ ភូមិអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ជាគម្រោងហិរញ្ញប្បទានធនាគារពិភពលោក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបជាង ៣លានដុល្លារ។ បើតាមទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តកំពង់ចាម។

គម្រោងនេះស្ថិតនៅក្រោមការខិតខំប្រឹងប្រែង ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន ជាពិសេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច តេជោ ហ៊ុន សែន បានបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ដែលបានទន្ទឹងជាយូរឆ្នាំមកហើយ។ បើតាមការថ្លែងរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានថ្លែងបន្តថា ផ្លូវនេះនឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល ជាពិសេស ប្រជាពលរដ្ឋទាំង ៣ឃុំ ទាំងការចំណេញពេលវេលាធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការផ្សារភ្ជាប់ពីទីប្រជុំជនមួយទៅទីប្រជុំមួយទៀត ដែលជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រ របស់ប្រមុខរាជរដ្ឋាភិបាលគឺ «ផ្លូវ ទឹក ភ្លើង និងមនុស្ស»។

ក្រៅពីនោះ សមិទ្ធផលនេះ វាក៏បានចូលរួមចំណែកយ៉ាងសំខាន់ ដោយបានប្រែក្លាយស្រុកទេស ក៏ដូចជាមូលដ្ឋានសហគមន៍ ឱ្យមានសោភណ្ឌភាពល្អ ជាពិសេស ប្រជាពលរដ្ឋក្នុងតំបន់បានរស់នៅប្រកបដោយផាសុកភាព និងធ្វើឱ្យកម្រិតជីវភាពគ្រួសារ កាន់តែប្រសើរឡើង ថែមមួយកម្រិតទៀត។ នេះជាការថ្លែងបន្តរបស់​លោក អភិបាលខេត្តកំពង់ចាម។

ដោយឡែក ទន្ទឹមនឹងគម្រោង បានចាប់ផ្ដើមដំណើរការស្ថាបនា នាពេលនេះដែរ លោក អ៊ុន ចាន់ដា បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ សូមមេត្តាយោគយល់ និងអត់ធ្មត់ ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីឱ្យដំណើរការស្ថាបនាផ្លូវនេះ បានចប់សព្វគ្រប់ទៅតាមផែនការ ហើយយើងទាំងអស់គ្នា នឹងទទួលបានសមិទ្ធផលដ៏ស្រស់ស្អាត ប្រកបដោយគុណភាព ទុកសម្រាប់ប្រើប្រាស់បានយូរអង្វែង តទៅអនាគត៕

ដោយ៖ មឿន ​ឌីណា (Moeun  Dyna)