Register Already an agent ? Login

គម្រោងប្រព័ន្ធលូរំដោះទឹកកខ្វក់ និងទីលានកប់សំណល់រឹង នៅខេត្តពោធិ៍សាត់ ក្រោមកម្ចីប្រាក់ពី ADB សម្រេចបានជិត ៧០%

ពោធិ៍សាត់៖ ក្រុងពោធិ៍សាត់ ជាបេក្ខភាពមួយ ដែលត្រូវបានជ្រើសរើសឱ្យអនុវត្តគម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ក្រោមកម្ចីហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ជាម្ចាស់គម្រោង បានចាប់ផ្តើមសិក្សាតាំងពីឆ្នាំ២០១៣ ទើបតែចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២០ មានចំនួន ២គម្រោង គឺគម្រោងប្រព័ន្ធលូរំដោះទឹកកខ្វក់សម្រេចបាន ៦២ភាគរយ និងទីលានកប់សំណល់រឹងសម្រេចបាន ៦៧ភាគរយ។ បើតាមការថ្លែងឱ្យដឹងពី លោក ស្រី សុជាតិ អនុប្រធានទីប្រឹក្សាធនាគារអភិវឌ្ឍន៍អាស៊ី។

នៅក្នុងកិច្ចប្រជុំពិភាក្សាការអនុវត្តគម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោក ស្រី សុជាតិ បានថ្លែងបន្តថា បើគិតមកដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១ រួមមានគម្រោងប្រព័ន្ធលូរំដោះទឹកកខ្វក់ គឺសម្រេចសាងសង់ប្រព័ន្ធលូមេ បានប្រវែង ២៣គីឡូម៉ែត្រ ស្តារប្រព័ន្ធលូចាស់ បានប្រវែង ២៣គីឡូម៉ែត្រ រួមនឹងជួសជុលគម្របលូ។

ស្តារប្រឡាយសម្រាប់បញ្ចេញទឹក ដែលធ្វើប្រតិកម្មរួច ប្រវែង ២,៨០០ម៉ែត្រ និងឈានដល់ការក្រាលកៅស៊ូ DBST ប្រវែង ១៨,៥០០ម៉ែត្រ នៅលើផ្លូវដែលបានជីកកប់លូរួច ព្រមទាំងចាក់បេតុងលើតួផ្លូវ ជុំវិញតំបន់ផ្សារថ្មីពោធិ៍សាត់ ប្រវែង២,០៧៨ម៉ែត្រ ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ។ នេះជាការថ្លែងបន្តរបស់ លោក ស្រី សុជាតិ បានបន្តថា ក្នុងនោះដែរ បានសាងសង់ឡើងវិញទំនប់ភូមិកោះ សង្កាត់លលកសបានប្រវែង ១,៥០០ម៉ែត្រ ដោយគម្រោងទាំងអស់នេះ ចំណាយថវិកា ១១,៥លានដុល្លារ ទើបតែសម្រេចបាន ៦២ភាគរយ គ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២២។

នៅក្នុងកិច្ចប្រេជុំខាងលើ អនុប្រធានទីប្រឹក្សា ADB បានថ្លែងបន្តទៀតថា គម្រោងទីលានកប់សំណល់រឹង ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប សាងសង់លើផ្ទៃដី ១៥ហិកតា លើផ្ទៃដីសរុប ២៨ហិកតា ចំណាយថវិកា ១,៤លានដុល្លារ សម្រេចបាន ៦៧ភាគរយ គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២១។

បើតាម​ អនុប្រធានទីប្រឹក្សា ADB រូបនេះ ក៏បានបង្ហាញបញ្ហាប្រឈមមួយចំនួននាពេលអនុវត្តគម្រោងទាំងនេះ ដូចជាការបញ្ចេញទឹក ដែលបានធ្វើប្រតិកម្មរួច តាមប្រឡាយមេដែលបានស្តាររួច ប្រវែង ២,៨០០ម៉ែត្រ មានឧបសគ្គនៅចុងប្រឡាយ ជាព្រំប្រទល់រវាងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ និងឃុំកោះជុំ ស្រុកកណ្តៀង មិនទាន់អាចភ្ជាប់ចុងប្រឡាយទៅអូរ ចុងប្រឡាយនោះបានឡើយ។

លោក ស្រី បានបន្ថែមទៀតថា ការរៀបចំគ្រប់គ្រងសំណល់រាវ របស់ប្រជាពលរដ្ឋតាមមាត់ប្រឡាយក្បាលហុង ស្ថិតក្នុងភូមិសាស្ត្រឃុំវាល ស្រុកកណ្តៀង មិនទាន់អាចសម្រេចបានដោយសារភូមិសាស្ត្រនោះ ស្ថិតក្រៅដែនសមត្ថកិច្ចក្រុង និងកំពុងសុំកិច្ចសហការជាមួយរដ្ឋបាលស្រុកកណ្តៀង។

នៅក្នុងកិច្ចប្រជុំខាងលើ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការដៃគូអភិវឌ្ឍន៍ ដែលបានជ្រើសរើសយកខេត្តពោធិ៍សាត់ អនុវត្តនូវគម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ទោះជាគម្រោងមួយនេះ បានសិក្សាតាំងពីឆ្នាំ២០១៣ក៏ដោយ បច្ចុប្បន្ន បានចាប់អនុវត្តជាបណ្តើរៗ នៅក្នុងទីប្រជុំជនក្រុងពោធិ៍សាត់។

លោក អភិបាលរង បានថ្លែងបន្តថា ដើម្បីឱ្យគម្រោងទាំងនោះ ដំណើរការទៅបានរលូននោះ សូមឱ្យក្រុមហ៊ុន អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ និងមន្ទីរដែលមានការពាក់ព័ន្ធ ត្រូវចូលរួមសហការ សំដៅធ្វើយ៉ាងណាឱ្យសំណង់ទាំងនោះ កាន់តែគុណភាព ធានាបានយូរអង្វែងប្រយោជន៍បម្រើតម្រូវការរបស់ប្រជាពលរដ្ឋយើង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)